27 C
Phnom Penh

តុលាការ​លើក​ពេល​បើក​សវនាការ​សំណុំរឿង​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទៅ​ថ្ងៃទី​៥ មិថុនា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​លើក​យក​សំណុំរឿង​សកម្មជន​ចលនា​មាតា​ធម្មជាតិ ដែល​រង​នូវ​ការ​ចោទប្រកាន់​ពី​បទ ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ និង​បទ​រួម​គំនិត​ក្បត់ ទៅ​បើក​សវនាការ​នៅ​ថ្ងៃទី​៥ ខែ​មិថុនា ឆ្នាំ​២០២៤ ខាងមុខ​វិញ។

នៅ​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០២៤ តុលាការ​ក្រុង​ភ្នំពេញ សម្រេច​លើក​ពេល​បើក​សវនាការ​លើ​សំណុំរឿង​សកម្មជន​ចលនា​មាតា​ធម្មជាតិ ដែល​រង​នូវ​ការ​ចោទប្រកាន់​ពី​បទ ប្រមាថ​អង្គ​ព្រះមហាក្សត្រ និង​បទ​រួម​គំនិត​ក្បត់ នៅ​ថ្ងៃទី​៥ ខែ​មិថុនា ឆ្នាំ​២០២៤ វិញ។

សកម្មជន​បរិស្ថាន​ដែល​រង​នូវ​ការ​ចោទប្រកាន់​ពី​បទ ប្រមាថ​អង្គ​ព្រះមហាក្សត្រ និង​រួម​គំនិត​ក្បត់ ដែល​មាន​វត្តមាន​ក្នុង​សវនាការ​នា​ថ្ងៃទី​២៩ ឧសភា នេះ រួម​មាន លោក យឹម លាងហ៊ី លោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុធ កញ្ញា ភួន កែវរស្មី និង​កញ្ញា ឡុង គន្ធា ហើយ​ពួកគេ​បាន​ស្លៀកពាក់​ស បង្ហាញ​ពី​ការ​កាន់ទុក្ខ​ទាំងអស់​គ្នា។

សកម្មជន​បរិស្ថាន​ដែល​រង​នូវ​ការ​ចោទប្រកាន់​ពី​បទ ប្រមាថ​អង្គ​ព្រះមហាក្សត្រ និង​រួម​គំនិត​ក្បត់ រួម​មាន លោក យឹម លាងហ៊ី អ្នកនាង ស៊ុន រដ្ឋា និង​លោក អាឡិកហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson)។ ចំណែក​សកម្មជន​ចំនួន ៧​នាក់​ផ្សេង​ទៀត រង​បទ​ចោទ រួម​គំនិត​ក្បត់ រួម​មាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី លោក លី ចាន់ដារ៉ាវុធ លោក ម៉ិញ ពិសិដ្ឋ កញ្ញា រ៉ី រក្សា និង​លោក ពក ខើយ។

អតីត​មន្ត្រី​ជាន់ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៩ ឧសភា នេះ​ដោយ​អំពាវនាវ​ឱ្យ​តុលាការ​ពិនិត្យ និង​សម្រេច​ដោយ​សុភវិនិច្ឆ័យ​លើ​សំណុំរឿង​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ឡើងវិញ។ លោក​ថា សកម្មភាព​របស់​យុវជន​ទាំងនោះ​កន្លង​មក មិន​បាន​រំលោភ​បំពាន​ច្បាប់ ឬ​បំផ្លាញ​ផល​ប្រយោជន៍​របស់​ប្រទេស​ជាតិ​ឡើយ។

លោក ស៊ឹង សែនករុណា លើកឡើង​ថា ប្រសិនបើ​តុលាការ​នៅតែ​បន្ត​ចោទប្រកាន់ ឬ​ឃុំ​ខ្លួន​សកម្មជន​ទាំងនោះ​ទៀត គឺជា​សញ្ញា​នៃ​ការ​គំរាមកំហែង​ដល់​ពួកគេ ហើយ​ក៏​ជា​ហេតុផល​បំបាក់​ទឹកចិត្ត​របស់​សកម្មជន​ទាំងនោះ​មិន​ឱ្យ​ចូលរួម​ការពារ​សម្បត្តិ​ធនធាន​ធម្មជាតិ​របស់​កម្ពុជា​បន្ត​ទៀត​ដែរ។ លោក​បន្ត​ថា ចំណែក​យុវជន​ដែល​ចង់​ចូលរួម​កិច្ចការ​សង្គម​ផ្សេង​ទៀត ក៏​នឹង​មាន​ការ​ភិតភ័យ​ពី​ការ​សម្រេច​របស់​តុលាការ​លើ​សំណុំរឿង​នេះ​ដែរ។

កាលពី​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០២៤ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​កោះ​ឱ្យ​មេធាវី​លោក សំ ចំរើន និង​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទាំង ៧​នាក់ រួម​មាន​កញ្ញា ស៊ុន រដ្ឋា កញ្ញា ឡុង គន្ធា លោក យីម លាងហ៊ី លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី លោក លី ចាន់ដារ៉ាវុត និង​លោក អាឡិកហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) ព្រមទាំង​អតីត​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ម្នាក់​ទៀត គឺ​លោក ពក ខើយ ត្រូវ​ចូល​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៩ ឧសភា នេះ​ជា​កំហិត។

សវនាការ​លើ​សំណុំរឿង​សកម្មជន​ចលនា​មាតា​ធម្មជាតិ នៅ​ថ្ងៃ​ពុធ​នេះ គឺជា​សវនាការ​លើក​ទី​១ ហើយ បន្ទាប់ពី​ការ​សុំ​ពន្យារ​ជាច្រើនលើក​កន្លង​មក ក្នុង​នោះ ការ​ពន្យារ​ពេល​លើក​ទី​១ ដោយសារ​មេធាវី​ការពារ​ក្តី​ជាប់​រវល់​ភារកិច្ច​ផ្ទាល់ខ្លួន ចំណែក​លើក​ទី​២ ដោយសារ​សកម្មជន​មួយ​ចំនួន​រវល់​ចេញ​ទៅ​ទទួល​ពានរង្វាន់​អន្តរជាតិ​នៅ​ប្រទេស​ស៊ុយអែត និង​លើក​ទី​៣ ដោយសារ​សកម្មជន​មួយ​ចំនួន​មិន​ទទួល​បាន​ដីកា​កោះ​ពី​តុលាការ។

ជុំវិញ​បញ្ហា​នេះ សកម្មជន​មួយ​ចំនួន​ដែល​មាន​វត្តមាន​ក្នុង​សវនាការ​នា​ថ្ងៃ​នេះ ធ្លាប់​ត្រូវ​បាន​តុលាការ​កាត់ទោស និង​ជាប់​ពន្ធនាគារ​ម្តង​រួច​មក​ហើយ ដោយសារ​សកម្មភាព​ការពារ​បរិស្ថាន​របស់​ពួកគេ។ ជាក់ស្តែង អ្នកនាង ស៊ុន រដ្ឋា លោក លាង ហ៊ី និង​លោក ដារ៉ាវុធ ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​១៦ ខែ​មិថុនា ឆ្នាំ​២០២១ និង​ត្រូវ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​ជិត ៥​ខែ ក្រោម​បទ​ចោទ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ និង​រួម​គំនិត​ក្បត់ ដែល​ត្រូវ​ឡើង​សវនាការ​នៅ​ថ្ងៃ​នេះ។

ចំណែក​លោក ថុន រដ្ឋា កញ្ញា គន្ធា និង​កញ្ញា ភួន កែវរស្មី ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែ​កញ្ញា ឆ្នាំ​២០២០ ក្រោម​បទ​ចោទ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​អំពើ​ញុះញង់ ជុំវិញ​ការ​ធ្វើ​យុទ្ធនាការ​របស់​កញ្ញា ឡុង គន្ធា ដែល​ប្រកាស​ពី​ការ​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ពី​បឹងតាមោក ឆ្ពោះ​ទៅ​កាន់​គេហដ្ឋាន​របស់​លោក ហ៊ុន សែន ដើម្បី​ស្នើសុំ​ឱ្យ​បញ្ឈប់​ការ​លុប​បឹងតាមោក។

សកម្មជន​បរិស្ថាន​ទាំងនេះ បាន​ជាប់​ពន្ធនាគារ​អស់​រយៈពេល​ជាង ១៤​ខែ​ហើយ​អំឡុង​ពេល​ជាប់​ឃុំ ពួកគេ​ក៏​រង​នូវ​បទ​ចោទ រួម​គំនិត​ក្បត់​បន្ថែម​ទៀត​ដែរ។ ចំណែក​លោក អាឡិច ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ រួម​គំនិត​ក្បត់ ដោយ​កំបាំង​មុខ បន្ទាប់ពី​លោក​ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា កាលពី​ឆ្នាំ​២០១៥ កន្លង​ទៅ​នោះ។

ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ គឺជា​ក្រុម​យុវជន​សកម្ម​ផ្នែក​កិច្ចការ​ការពារ​បរិស្ថាន​នៅ​កម្ពុជា ដែល​បាន​ចូលរួម​ការពារ​ក្នុង​ការ​លុប​បឹង​ក្នុង​រាជធានី​ភ្នំពេញ ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ការ​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ​នានា។ ដោយសារ​សកម្មភាព​ទាំងនេះ ក្រុម​យុវជន​ទាំងនោះ​បាន​ទទួល​ពានរង្វាន់ Right Livelihood ឆ្នាំ​២០២៣ កន្លង​ទៅ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស