28 C
Phnom Penh

សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​គ្រោង​ប្រកាស​សាលក្រម​សំណុំរឿង​លោក ជា ចាន់ នៅ​ចុង​ខែ​មិថុនា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូង​ខេត្ត​កំពង់ស្ពឺ គ្រោង​ប្រកាស​សាលក្រម​លើ​សំណុំរឿង​ប្រធាន​សហជីព​រោងចក្រ វីង ស្តារ ស៊ូ (Wing Star Shoes) លោក ជា ចាន់ ពី​បទ​សមគំនិត​លួច នៅ​ថ្ងៃទី​២០ ខែ​មិថុនា ឆ្នាំ​២០២៤ ខាងមុខ​នេះ ខណៈ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​អះអាង​ថា ការ​ចោទប្រកាន់​នេះ​គឺជា​រឿង​អយុត្តិធម៌​បំផុត សូម្បី​ភស្តុតាង​ស្រប​ច្បាប់​ដាក់​បន្ទុក​ក៏​គ្មាន។

នៅ​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ សាលាដំបូង​ខេត្ត​កំពង់ស្ពឺ បាន​បើក​សវនាការ​លើ​សំណុំរឿង​ប្រធាន​សហជីព​រោងចក្រ វីង ស្តារ ស៊ូ លោក ជា ចាន់ ដែល​បាន​រង​នូវ​ការ​ចោទប្រកាន់​ពី​បទ​សមគំនិត​លួច​ទ្រព្យសម្បត្តិ​ក្រុមហ៊ុន និង​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០២៤ កន្លង​ទៅ។

អំឡុង​ពេល​តុលាការ​បើក​សវនាការ​លើ​សំណុំរឿង​លោក ជា ចាន់ តំណាង​សហជីព កម្មករ និង​សមាជិក​នៃ​សហព័ន្ធ​សហជីព​កម្ពុជា (CATU) ជាច្រើន​នាក់ នាំគ្នា​ឈរ​លើក​បដា​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​លោក ជា ចាន់ នៅ​ខាងមុខ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ។

តំណាង​សហជីព កម្មករ និង​សមាជិក​នៃ​សហព័ន្ធ​សហជីព​កម្ពុជា​ប្រមាណ​ជា ៣០​នាក់ ឈរ​កាន់​បដា​ជាច្រើន​ផ្ទាំង​ដែល​មាន​សរសេរ​អក្សរ​ផ្សេងៗ ដូចជា សូម​តុលាការ​ទម្លាក់​ចោល​បទ​ចោទប្រកាន់​លើ​លោក ជា ចាន់, សូម​បញ្ឈប់​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​គំរាមកំហែង​លើ​ថ្នាក់​ដឹកនាំ និង​សកម្មជន​សហជីព និង​មាន​ការ​សរសេរ​លើ​បដា​ជុំវិញ​ការ​ទាមទារ​ឱ្យ​ដោះលែង​លោក ជា ចាន់ ជាច្រើន​ទៀត​ផង​ដែរ។

អ្នក​គ្រប់គ្រង​ផ្នែក​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៩ ឧសភា នេះ​ថា លោក​មិន​ដឹង​ថា​សាលក្រម​របស់​តុលាការ​ដែល​គ្រោង​ប្រកាស​នៅ​ថ្ងៃទី​២០ ខែ​មិថុនា ខាងមុខ​នេះ ជា​សាលក្រម​ផ្ដន្ទាទោស ឬ​ដោះលែង​ឱ្យ​លោក ជា ចាន់ មាន​សេរីភាព​ឡើងវិញ​យ៉ាងណា​នោះ​ទេ។

លោក ឃុន ថារ៉ូ លើកឡើង​ថា បើ​ផ្អែក​តាម​ការ​ស្រាវជ្រាវ​ជា​បន្តបន្ទាប់​មក​នេះ​បង្ហាញ​ថា ការ​ចោទប្រកាន់​លើ​លោក ជា ចាន់ គឺ​គ្មាន​ភស្តុតាង​ស្រប​ច្បាប់​ណា​មួយ​ដែល​បញ្ជាក់​ថា​គាត់​បាន​លួច​ទ្រព្យសម្បត្តិ​របស់​រោងចក្រ វីង ស្តារ ស៊ូ នោះ​ឡើយ ហើយ​សូម្បីតែ​សាក្សី​ស្រប​ច្បាប់​ជាក់លាក់​ដែល​បញ្ជាក់​ថា​គាត់​បាន​សមគំនិត​ក្នុង​អំពើ​លួច​នេះ​ក៏​មិន​មាន​ដែរ។

អ្នក​គ្រប់គ្រង​ផ្នែក​ការងារ​រូប​នេះ​អះអាង​ថា ការ​ចោទប្រកាន់​លើ​លោក ជា ចាន់ គឺជា​រឿង​អយុត្តិធម៌​បំផុត ព្រោះ​តុលាការ​បាន​ចោទប្រកាន់ និង​ឃុំ​ខ្លួន​ប្រធាន​សហជីព​រូប​នេះ​ទាំង​គ្មាន​ភស្តុតាង​ស្រប​ច្បាប់ ដូច្នេះ​លោក​សង្ឃឹម​ថា តុលាការ​នឹង​ពិចារណា​ផ្តល់​យុត្តិធម៌​ឱ្យ​លោក ជា ចាន់ ដើម្បី​ធានា​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា​ឱ្យ​មាន​ប្រសិទ្ធភាព និង​ជា​ទី​ទុកចិត្ត​សម្រាប់​ប្រជាពលរដ្ឋ​ដែរ។

លោក ឃុន ថារ៉ូ បញ្ជាក់​ថា ក្រៅពី​គ្មាន​ភស្តុតាង​គ្រប់គ្រាន់ លោក​ក៏​បាន​សង្កេត​ឃើញ​មាន​ភាព​មិន​ប្រក្រតី​ជាច្រើន​ជុំវិញ​ការ​ចោទប្រកាន់​លើ​លោក ជា ចាន់ ក្នុង​សំណុំរឿង​នេះ។ លោក​បន្ថែម​ថា ដោយសារតែ​មើល​ឃើញ​បែប​នេះ ខាង​អង្គការ​សង់ត្រាល់​បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​បញ្ជា​ទិញ អាស៊ិក ដាក់​សម្ពាធ​លើ​ក្រុមហ៊ុន វីង ស្តារ ស៊ូ ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​លោក ជា ចាន់ ឱ្យ​មាន​សេរីភាព​ឡើងវិញ។

មន្ត្រី​ជាន់ខ្ពស់​សង្គម​ស៊ីវិល​រូប​នេះ​សង្កត់​ធ្ងន់​ថា ប្រសិនបើ​តុលាការ​ផ្តល់​យុត្តិធម៌​ដោះលែង​លោក ជា ចាន់ ឱ្យ​មាន​សេរីភាព​ឡើងវិញ លោក​សង្ឃឹម​ថា​លោក ជា ចាន់ នឹង​អាច​ចូល​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន វីង ស្តារ ស៊ូ ឡើងវិញ ខណៈ​ក្រុមហ៊ុន​ក៏​ត្រូវ​ផ្តល់​ប្រាក់​សំណង និង​ប្រាក់​រំលឹក​ទាំងអស់​ឱ្យ​លោក​ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ សហព័ន្ធ​សហជីព​កម្ពុជា CATU បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ​ថា សំណុំរឿង​លោក ជា ចាន់ ធ្វើ​ឡើង​ក្រោម​ការ​សហការ​គ្នា​ដែល​បាន​រៀបចំ​ទុក​ជា​មុន​រវាង​ថៅកែ​រោងចក្រ​ជាមួយ​នឹង​អាជ្ញាធរ ក្នុង​គោលបំណង​កម្ចាត់​សហជីព​មូលដ្ឋាន​របស់​សហព័ន្ធ​សហជីព​កម្ពុជា កុំ​ឱ្យ​មាន​នៅ​ក្នុង​រោងចក្រ វីង ស្តារ ស៊ូ ប៉ុណ្ណោះ។

ប្រភព​ដដែល​បញ្ជាក់​ថា ការ​ចាប់​ខ្លួន​លោក ជា ចាន់ នៅ​ក្នុង​រោងចក្រ​ក៏​គ្មាន​ដីកា​របស់​តុលាការ​ដែរ ដូច្នេះ​សំណុំរឿង​លោក ជា ចាន់ នៅ​ពេលនេះ បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​គំរាមកំហែង បំភិត​បំភ័យ ការ​រើសអើង និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សហជីព​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ក៏​ជា​ការ​រំលោភ​លើ​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ​ក្នុង​វិស័យ​ការងារ​នៅ​កម្ពុជា​ផង​ដែរ។

កាលពី​ថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២៤ តុលាការ​បាន​ចោទប្រកាន់​លោក ជា ចាន់ ពី​បទ «សមគំនិត​ក្នុង​អំពើ​លួច» និង​ឈ្មោះ ដួង សំណាង ពី​បទ «លួច» ដែល​ប្រព្រឹត្ត​នៅ​ក្នុង​រោងចក្រ​ផលិត​ស្បែកជើង វីង ស្តារ ស៊ូ កាលពី​អំឡុង​ឆ្នាំ​២០២២ កន្លង​ទៅ ហើយ​បើ​គិត​មក​ដល់​ថ្ងៃទី​២៩ ខែ​ឧសភា នេះ លោក ជា ចាន់ ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​អស់​រយៈពេល ៨៥​ថ្ងៃ​ហើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស