ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសលើកលែងពន្ធលើប្រាក់ចំណូលចំពោះគម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់សហគ្រាស ក្នុងការធ្វើសកម្មភាពពង្រីកលើគម្រោងវិនិយោគផ្សេងៗរបស់ខ្លួន។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសមួយកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ ដែលទើបនឹងផ្សព្វផ្សាយនៅថ្ងៃទី៣ មិថុនា នេះ ដោយកំណត់ថា ចំពោះគម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ នឹងទទួលបានការលើកទឹកចិត្តនូវរយៈពេលលើកលែងពន្ធលើប្រាក់ចំណូលតាមសកម្មភាពវិនិយោគផ្សេងៗ។
ប្រភពដដែលលើកឡើងថា សកម្មភាពវិនិយោគដែលត្រូវលើកទឹកចិត្តនូវរយៈពេលលើកលែងពន្ធលើប្រាក់ចំណូល មានដូចជា ការពង្រីកផលិតកម្មដែលមានស្រាប់, ការពង្រីកតាមការកែច្នៃមុខសញ្ញាផលិតដែលស្ថិតក្នុងសែស្រឡាយផលិតផលជាមួយគ្នា, ការពង្រីកតាមរយៈនៃការបំពាក់បច្ចេកវិទ្យាទំនើបថ្មីដែលលើកកម្ពស់ការផលិត ឬការពារបរិស្ថាន និងករណីនៃការពង្រីកសកម្មភាពផ្សេងទៀតដែលមានការអនុញ្ញាតពីរាជរដ្ឋាភិបាល ជាដើម។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បញ្ជាក់ថា ការលើកលែងពន្ធលើប្រាក់ចំណូលចំពោះគម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ ត្រូវគិតចាប់ពីពេលដែលសហគ្រាសទទួលបានចំណូលដំបូងពីសកម្មភាពពង្រីកគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់នេះ។
សេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនេះ ធ្វើឡើងក្នុងបំណងជំរុញការវិនិយោគនៅកម្ពុជាឱ្យមានការកើនឡើង ស្របពេលដែលនាយករដ្ឋមន្ត្រីកម្ពុជាក៏បានដាក់នូវផែនការជំរុញការវិនិយោគជាបន្តបន្ទាប់ដែរក្នុងរយៈពេលកន្លងមកនេះ។
កាលពីដើមខែឧសភា ឆ្នាំ២០២៤ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសស្ដីពីការលើកទឹកចិត្តពន្ធលើប្រាក់ចំណូលចំពោះគម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដែលមានចែងអំពីគោលបំណង, ពីលក្ខខណ្ឌទទួលបានការលើកលែងពន្ធលើប្រាក់ចំណូល និងការគណនាលើប្រាក់ចំណូលដែលត្រូវលើកលែងពន្ធ ជាដើម។
ជុំវិញបញ្ហានេះ ក្រុមអ្នកសង្កេតការណ៍លើកឡើងថា ការដាក់ចេញនូវផែនការលើកលែងពន្ធលើប្រាក់ចំណូលតាមវិធីដែលក្រសួងសេដ្ឋកិច្ចប្រកាសជាផ្លូវការនាពេលនេះ ក្នុងបំណងតែមួយគត់ គឺការជំរុញឱ្យមានការវិនិយោគនៅកម្ពុជាកើនឡើង ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាដែលកំពុងធ្លាក់ចុះសព្វថ្ងៃនេះ ព្រោះផែនការទាក់ទាញអ្នកវិនិយោគបរទេសរបស់លោក ហ៊ុន ម៉ាណែត ហាក់មិនទទួលបានផលទេក្នុងកាលកន្លងមកនេះ។
រយៈពេលជាង ៩ខែដែលលោក ហ៊ុន ម៉ាណែត ឡើងកាន់អំណាចជានាយករដ្ឋមន្ត្រី គេសង្កេតឃើញថា នាយករដ្ឋមន្ត្រីខ្មែរថ្មីរូបនេះបានស្វះស្វែងជំរុញឱ្យមានការវិនិយោគជាបន្តបន្ទាប់ចាប់តាំងពីដើមឆ្នាំ២០២៤ មក ប៉ុន្តែផែនការទាក់ទាញការវិនិយោគរបស់គាត់សម្រាប់ផលប្រយោជន៍របស់កម្ពុជា ហាក់មិនទទួលបានការស្វាគមន៍ពីអ្នកវិនិយោគបរទេសនោះទេ។
ជាក់ស្តែង លោក ហ៊ុន ម៉ាណែត បានលើកឡើងពីការគោះទ្វារឱ្យអ្នកវិនិយោគក្នុងសហគមន៍អឺរ៉ុប ទៅបណ្ដាក់ទុនរកស៊ីនៅកម្ពុជា កាលពីអំឡុងខែមករា ឆ្នាំ២០២៤ កន្លងទៅដែរ តែគេមិនទាន់ឃើញរដ្ឋាភិបាលកម្ពុជាទទួលបានអ្នកវិនិយោគពីប្រទេសលោកសេរី ដូចជាសហរដ្ឋអាមេរិក ជាដើម ជាដុំកំភួននៅឡើយទេរហូតដល់ពេលនេះ។
ជាងនេះទៀត នៅចុងខែមករា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ាណែត ក៏បានប្រកាសលើកទឹកចិត្តបើកចំហទទួលវិនិយោគបរទេសដែលហ៊ានបណ្ដាក់ទុននៅកម្ពុជារយៈពេលវែងចាប់ពី ១សែនដុល្លារអាមេរិកឡើងទៅ (១០០ ០០០ដុល្លារអាមេរិក) នឹងទទួលបានការផ្តល់ឱ្យនូវទិដ្ឋាការពិសេសរយៈពេល ៣ឆ្នាំដែរថែមទៀត ប៉ុន្តែជាលទ្ធផល គឺនៅតែបរាជ័យដដែល។
លើសពីនេះ កាលពីពាក់កណ្តាលខែឧសភា កន្លងទៅ លោក ហ៊ុន ម៉ាណែត បានប្រកាសនូវផែនការចំនួនពីរសម្រាប់ទាក់ទាញអ្នកវិនិយោគប្រទេសកូរ៉េខាងត្បូង ឱ្យទៅដាក់ទុនវិនិយោគនៅកម្ពុជា គឺទី១ បង្កើតតំបន់សេដ្ឋកិច្ចពិសេសផ្ដាច់មុខសម្រាប់ក្រុមហ៊ុនកូរ៉េ។ ចំណែកទី២ គឺបង្កើតយន្តការពិគ្រោះយោបល់ ដែលអាចឱ្យធុរកិច្ចកូរ៉េ ជួបជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាពីរដងក្នុងមួយឆ្នាំ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាហាក់បន្តទទួលបានផលអវិជ្ជមាននៅឡើយពីផែនការនេះ។
សព្វថ្ងៃនេះ បើទោះបីជាការវិនិយោគពីប្រទេសលោកសេរី មិនហូរទៅកម្ពុជាក៏ដោយ ប៉ុន្តែគេសង្កេតឃើញថា អ្នកវិនិយោគពីប្រទេសចិន កំពុងហក់ចូលទៅវិនិយោគនៅកម្ពុជាយ៉ាងគំហុក ដូចជាការវិនិយោគលើក្រុមហ៊ុនរោងចក្រកាត់ដេរ, ការវិនិយោគផ្លូវគមនាគមន៍ ដូចជា ផ្លូវល្បឿនលឿន, ការវិនិយោគលើវិស័យអាកាសចរណ៍ ដូចជាព្រលានយន្តហោះ និងការវិនិយោគលើគម្រោងនាវាចរណ៍ដែលគ្រោងនឹងចាប់ផ្តើមនៅអំឡុងខែសីហា ខាងមុខនេះ ជាដើម។
កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអះអាងថា កម្ពុជាបានអនុម័តគម្រោងវិនិយោគជាង ៣០គម្រោង (៣២គម្រោង) ក្នុងទំហំទឹកប្រាក់ជិត ២០០លានដុល្លារអាមេរិក (១៨៧លានដុល្លារ) សម្រាប់ឆ្នាំ២០២៤ ក្នុងនោះជិត ៨០% (៧៨%) គឺជាគម្រោងវិនិយោគដែលមានប្រភពមកពីប្រទេសចិន៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

