សមត្ថកិច្ចចុះបង្ក្រាបករណីកែច្នៃ រក្សាទុក និងជួញដូរគ្រឿងញៀននៅទីតាំងចំនួនពីរកន្លែងផ្សេងគ្នានៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដោយរឹបអូសថ្នាំញៀនជាង ១៦គីឡូក្រាម រួមទាំងសារធាតុគីមីជិត ៧០០គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យ ៤នាក់។
អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា សមត្ថកិច្ចចុះបង្ក្រាបរួមមានគោលដៅទី១ នៅខុនដូ ដឺប្លេស សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងគោលដៅទី២ នៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ប្រភពដដែលបានអះអាងថា ការចុះបង្ក្រាបគោលដៅទាំងពីរនេះ បានរកឃើញគ្រឿងញៀនជាប្រភេទមេតំហ្វេតាមីន (MDMA), មេតំហ្វេតាមីន (WY), មេតំហ្វេតាមីន (ICY) រួមទាំងសារធាតុគីមីផ្សំចំនួន ៦៨៥គីឡូក្រាមផងដែរ។
លើសពីនេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាជនជាតិខ្មែរថែមទៀត។ បច្ចុប្បន្ន ជនសង្ស័យត្រូវមន្ទីរប្រឆាំងគ្រឿងញៀនយកទៅសួរនាំ និងរៀបចំសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
មន្ត្រីប្រឆាំងគ្រឿងញៀនកម្ពុជា លើកឡើងថា ក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២៤ នេះ ខ្លួនបង្ក្រាបបានបទល្មើសគ្រឿងញៀនជិត ២០០ករណី (១៨១ករណី) ឃាត់ខ្លួនជនសង្ស័យបានជាង ៥០០នាក់ (៥៤៨នាក់) និងរឹបអូសគ្រឿងញៀនបានជិត ២តោន (១តោន ៧៨៣គីឡូក្រាម)។
ប្រភពដដែលលើកឡើងថា ក្រៅពីប្រតិបត្តិការបង្ក្រាបរបស់មន្ទីរប្រឆាំងគ្រឿងញៀន ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំង២៥ ក៏បានបង្ក្រាបករណីគ្រឿងញៀនបានជាង ១ពាន់ករណី (១៦៣១ករណី) និងឃាត់ខ្លួនជនសង្ស័យជិត ៤ពាន់នាក់ (៣៩០៣នាក់) ព្រមទាំងរឹបអូសគ្រឿងញៀនបានជាង ៨០គីឡូក្រាមផងដែរ។
កាលពីខែកុម្ភៈ ឆ្នាំ២០២៤ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងក្នុងកិច្ចប្រជុំក្រុមការងារអន្តរក្រសួងត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំថា ចាប់តាំងពីឆ្នាំ២០២០ រហូតដល់ចុងឆ្នាំ២០២៣ កន្លងទៅ គ្រឿងញៀន និងសារធាតុផ្សំ បានលុកលុយចូលប្រទេសកម្ពុជាជិត ១ពាន់តោន (៦០០តោន) ដែលអាជ្ញាធរកម្ពុជាបង្ក្រាបបាន ក្នុងនោះ ជនសង្ស័យជាង ៧ម៉ឺននាក់ត្រូវបានឃាត់ខ្លួនក្នុងចំណោមជាង ៣ម៉ឺនករណី។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា ព្រមានថា កន្លងមក កម្ពុជាត្រូវបានប្រើប្រាស់ជាកន្លែងផលិតគ្រឿងញៀនយកទៅប្រទេសក្រៅផង និងជាកន្លែងចរាចរសម្រាប់ឆ្លងកាត់ទៅប្រទេសទី៣ ផងដែរ ប៉ុន្តែបច្ចុប្បន្ននេះ ក្រុមឧក្រិដ្ឋជនបាននាំគ្នាមកផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សារនៅក្នុងប្រទេសកម្ពុជាតែម្តង ហើយក្រុមឧក្រិដ្ឋជនទាំងនោះបានដើរមុនវិធានការរបស់រដ្ឋាភិបាលមួយជំហានរហូត ខណៈយុទ្ធនាការបង្ក្រាបគ្រឿងញៀនរបស់កម្ពុជា គឺនៅមានកម្រិតនៅឡើយ។
អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក មាស វិរិទ្ធ បានថ្លែងកន្លងមកថា ក្នុងន័យរក្សាការពារសមិទ្ធផលដែលសម្រេចក្នុងពេលកន្លងមក ក៏ដូចជាដើម្បីទប់ទល់ទៅនឹងនិន្នាការ និងល្បិចកលថ្មីៗរបស់ក្រុមឧក្រិដ្ឋជន ក្នុងការកាត់បន្ថយ និងឈានទៅលុបបំបាត់គ្រឿងញៀនឱ្យអស់ពីកម្ពុជា ក្នុងនាមជាសេនាធិការរបស់រដ្ឋាភិបាល គឺខិតខំប្រឹងប្រែង និងជម្នះគ្រប់ឧបសគ្គតស៊ូប្តូរផ្តាច់ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប និងដោះស្រាយរាល់បញ្ហាដែលពាក់ព័ន្ធនឹងគ្រឿងញៀន។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង បានប្រាប់សារព័ត៌មានក្នុងស្រុកកន្លងមកថា លោកស្នើឱ្យអាជ្ញាធរបន្តស្រាវជ្រាវ និងស្វែងរកក្រុមឧក្រិដ្ឋជនគ្រឿងញៀន និងទប់ស្កាត់បណ្ដាញចែកចាយគ្រឿងញៀនតាមសហគមន៍។ លោកក៏អំពាវនាវឲ្យពលរដ្ឋ ចូលរួមសហការលើកិច្ចការងារនេះផងដែរ ដើម្បីឈានទៅកាត់បន្ថយគ្រឿងញៀនក្នុងប្រទេស៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

