29 C
Phnom Penh

បោះឆ្នោត​ក្រុមប្រឹក្សា៖ បក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​បាន ៥០៤​អាសនៈ រីឯ​បក្ស​ឆន្ទៈ​ខ្មែរ​ឈ្នះ​បាន ៤៧​អាសនៈ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​បាន​អាសនៈ​លើសលប់​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី-ខេត្ត​អាណត្តិ​ទី​៤ នេះ គឺ ៥០៤​អាសនៈ ខណៈ​គណបក្ស​ឆន្ទៈ​ខ្មែរ ទទួល​បាន ៤៧​អាសនៈ និង​គណបក្ស​កម្លាំង​ជាតិ បាន ៨​អាសនៈ។

យោង​តាម​លទ្ធផល​ផ្លូវការ​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប.) បាន​ប្រកាស​នៅ​រសៀល​ថ្ងៃទី​៤ មិថុនា បាន​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ទទួល​សំឡេង​គាំទ្រ ៩៩៨៥​សំឡេង ដែល​ស្មើ​នឹង ៥០៤​អាសនៈ គណបក្ស​ឆន្ទៈ​ខ្មែរ បាន​សំឡេង​គាំទ្រ ១២៨២​សំឡេង ស្មើ​នឹង ៤៧​អាសនៈ គណបក្ស​កម្លាំង​ជាតិ បាន​សំឡេង​គាំទ្រ ២៧៦​សំឡេង ស្មើ​នឹង ៨​អាសនៈ គណបក្ស​ខ្មែរ​រួបរួម​ជាតិ ទទួល​បាន​ការ​គាំទ្រ ១៤​សំឡេង ពុំ​ទទួល​បាន​អាសនៈ​ទេ។ ចំណែក​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​សំឡេង​គាំទ្រ ១០​សំឡេង ពុំ​ទទួល​បាន​អាសនៈ​នោះ​ទេ។

ជុំវិញ​ការ​បោះឆ្នោត​នេះ គណបក្ស​ប្រជាជន​កម្ពុជា មាន​បេក្ខជន​ឈរឈ្មោះ​ជិត ៩​ពាន់​នាក់ (៨៦០៩​នាក់) គណបក្ស​ឆន្ទៈ​ខ្មែរ មាន​បេក្ខជន​ឈរឈ្មោះ​ជិត ៨​ពាន់​នាក់ (៧៩១១​នាក់) គណបក្ស​កម្លាំង​ជាតិ មាន​បេក្ខជន​ឈរឈ្មោះ​ប្រមាណ​ជា ៤​ពាន់​នាក់ (៤០០១​នាក់) គណបក្ស​ហ៊្វុនស៊ិនប៉ិច មាន​បេក្ខជន​ឈរឈ្មោះ​ជាង ៥​ពាន់​នាក់ (៥៣៥៨​នាក់) និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ មាន​បេក្ខជន​ឈរឈ្មោះ​ជាង ៣​ពាន់​នាក់ (៣២៦៧​នាក់)។

ក្រោយ​ការ​បោះឆ្នោត​ត្រូវ​បញ្ចប់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា អង្គ​បោះឆ្នោត​នៅ​ទូទាំង​ប្រទេស​ទាំង ៥​គណបក្ស បាន​ទៅ​ចូលរួម​បោះឆ្នោត​ជាង ១​ម៉ឺន​នាក់ (១១៥៩៨​នាក់) ក្នុង​ចំណោម​អង្គ​បោះឆ្នោត​ក្នុង​បញ្ជី​សរុប​ចំនួន ១១៦៣៣​នាក់ ដែល​ត្រូវ​ទៅ​បោះឆ្នោត​នៅ​តាម​ការិយាល័យ​ទាំង ២០៩ នៅ​ទូទាំង​ប្រទេស។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ គ.ជ.ប. ចេញ​ផ្សាយ​កាលពី​ពេល​កន្លង​ទៅ​ថា ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ធ្វើឡើង​រៀងរាល់ ៥​ឆ្នាំ​ម្តង​ដែល​អង្គ​បោះឆ្នោត​គឺជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ដែល​ជាប់​ឆ្នោត​សរុប​ប្រមាណ ១​ម៉ឺន ២​ពាន់​នាក់។ អាសនៈ​សម្រាប់​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក និង​ខណ្ឌ មាន​ចំនួន ៤២០០​អាសនៈ​នៅ​ទូទាំង ២៥​ខេត្ត-រាជធានី។

តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន បាន​អះអាង​ថា​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​នេះ គឺ​មាន​ការ​គំរាមកំហែង​ដល់​អង្គ​បោះឆ្នោត ក្នុង​នោះ​មាន​អ្នក​ខ្លះ​រត់​ចោល​ផ្ទះសម្បែង​ថែម​ទៀត​នៅ​ពេល​ដែល​ពួកគេ​មិន​ព្រម​បោះឆ្នោត​ឱ្យ​បក្ស​កាន់​អំណាច។

ប្រភព​ដដែល​បាន​អះអាង​ថា ការ​បោះឆ្នោត​ដែល​ប្រធាន​គណបក្ស​កម្លាំង​ជាតិ ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​បែប​នេះ គឺជា​សញ្ញា​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​រឹតត្បិត​សេរីភាព។

បើ​តាម​មាត្រា​១៨ នៃ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចំនួន​ក្រុមប្រឹក្សា​នីមួយៗ​ត្រូវ​កំណត់​ដោយ​ផ្អែក​តាម​កត្តា​ប្រជាសាស្ត្រ និង​កត្តា​ភូមិសាស្ត្រ ដោយ​ក្រុមប្រឹក្សា​រាជធានី​មាន​ចំនួន​សមាជិក​មិន​លើស​ពី ២១​រូប ក្រុមប្រឹក្សា​ខេត្ត​មាន​ចំនួន​ពី ៩ ទៅ ២១​រូប ក្រុមប្រឹក្សា​ក្រុង​មាន​ចំនួន​ពី ៧ ទៅ ១៥​រូប និង​ក្រុមប្រឹក្សា​ស្រុក ខណ្ឌ​មាន​ចំនួន​ពី ៧ ទៅ ១៩​រូប។

មាត្រា​១៨ ដដែល​បញ្ជាក់​ថា ចំនួន​ក្រុមប្រឹក្សា​ពិតប្រាកដ​នៃ​សមាជិក​ក្រុមប្រឹក្សា​នីមួយៗ​ត្រូវ​កំណត់​តាម​អនុក្រឹត្យ​តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ រយៈពេល ១២០​ថ្ងៃ ក្នុង​ករណី​គ្មាន​អនុក្រឹត្យ​ចំនួន​សមាជិក​ក្រុមប្រឹក្សា​បន្ទាប់​នីមួយៗ​នឹង​យក​តាម​ចំនួន​ក្រុមប្រឹក្សា​អាណត្តិ​ចាស់។

បើ​តាម​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្រុមប្រឹក្សា​នីមួយៗ​ត្រូវ​ធ្វើ​ជា​តំណាង និង​ធ្វើ​សកម្មភាព​ក្នុង​នាម​ជា​ពលរដ្ឋ​ទាំងអស់​ដែល​រស់នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ដោយ​ត្រូវ​បង្កើត ជំរុញ និង​ធ្វើ​ឱ្យ​មាន​ចីរភាព​ដល់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។

ក្រុមប្រឹក្សា​នីមួយៗ​ក៏​មាន​តួនាទី​ចាត់ចែង​កិច្ចការ​ចាំបាច់​នានា ដើម្បី​សម្រេច​នូវ​គោលបំណង​ក្នុង​ការ​បង្កើត ការ​ជំរុញ និង​ការ​ធ្វើ​ឱ្យ​មាន​ចីរភាព​ដល់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ។

ក្រុមប្រឹក្សា​មាន​សិទ្ធិ​អំណាច​ធ្វើ​សេចក្តី​សម្រេច​ខាង​បញ្ញត្តិ និង​សេចក្តី​សម្រេច​ខាង​ប្រតិបត្តិ ហើយ​សិទ្ធិ​ពិសេស​មួយ​ទៀត​របស់​ក្រុមប្រឹក្សា គឺ​ធ្វើ​សំណើ​ទៅ​រដ្ឋាភិបាល​ក្នុង​ការ​ដកហូត​តំណែង​គណៈ​អភិបាល ឧទាហរណ៍​ដូចជា​ក្រុមប្រឹក្សា​ខេត្ត​មាន​សិទ្ធិ​ស្នើ​ដក​អភិបាល​ខេត្ត ឬ​អភិបាលរង​ខេត្ត ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស