សកម្មជនចលនាមាតាធម្មជាតិ ពហិការមិនចូលរួមក្នុងសវនាការរបស់សាលាដំបូងរាជធានីភ្នំពេញទេនៅថ្ងៃពុធ ទី៥ មិថុនា នេះ បន្ទាប់ពីតុលាការបិទរនាំងហាមឃាត់មិនឱ្យអ្នកសារព័ត៌មាន និងសាធារណជនចូលរួមស្តាប់សវនាការ។
សកម្មជនយុវជនចលនាមាតាធម្មជាតិ ចំនួន ៥នាក់ លើកឡើងនៅមុខសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី៥ មិថុនា នេះថា ពួកគេនឹងចូលរួមសវនាការ បើតុលាការយល់ព្រមបើករនាំងហាមឃាត់ ដោយអនុញ្ញាតឱ្យអ្នកសារព័ត៌មាន និងសាធារណជនចូលរួមស្តាប់សវនាការនេះដែរ។
សកម្មជនបរិស្ថានទាំង ៥នាក់ រួមមាន លោក យឹម លាងហ៊ី, លោក ថុន រដ្ឋា, លោក លី ចាន់ដារ៉ាវុត, កញ្ញា ភួន កែវរស្មី និងកញ្ញា ឡុង គន្ធា នាំគ្នាអង្គុយស្មិងស្មាធិ៍នៅមុខសាលាដំបូងរាជធានីភ្នំពេញក្នុងសម្លៀកបំពាក់កាន់ទុក្ខពណ៌សពេញមួយព្រឹក និងបន្តរង់ចាំចូលសវនាការពេល ១រសៀលទៀត ខណៈតុលាការមិនបានដកបារ៉ាស់ចេញទេ ចំណែកសកម្មជនទាំងនោះក៏មិនបានចូលបន្ទប់សវនាការដែរ បើទោះជាតុលាការនៅតែបន្តសវនាការដោយអវត្តមានជនដែលត្រូវចោទដដែល។
លោក លី ចាន់ដារ៉ាវុត អះអាងថា ការដាក់រនាំងហាមឃាត់មិនឱ្យអ្នកសារព័ត៌មាន និងសាធារណជនចូលទៅស្កាត់សវនាការនេះ គឺជាទង្វើរំលោភច្បាប់យ៉ាងធ្ងន់ធ្ងរ ហើយក៏បង្ហាញពីសវនាការឆាកល្ខោនរបស់តុលាការដែរ។
យុវជនចលនាមាតាធម្មជាតិរូបនេះបញ្ជាក់ថា ការដាក់រនាំងបែបនេះ គឺដោយសារតែសវនាការលើកពេលកាលពីចុងខែឧសភា មានអ្នកគាំទ្រសកម្មជនចលនាមាតាធម្មជាតិច្រើន ដូច្នេះទើបតុលាការបញ្ជាឱ្យអាជ្ញាធរដាក់រនាំងហាមប្រាមនេះតែម្តង ក្នុងនោះអ្នកដែលបានទៅចូលរួមគាំទ្រយុវជនចលនាមាតាធម្មជាតិក្នុងសវនាការលើកមុន ក៏ត្រូវបានអាជ្ញាធរទៅសួរដេញដោលដល់ផ្ទះដែរ។
កញ្ញា ភួន កែវរស្មី លើកឡើងថា សកម្មភាពការពារបរិស្ថានកន្លងមក បើទោះជាកញ្ញាដឹងថាត្រូវប្រឈមនឹងការចាប់ខ្លួនក៏ដោយ ក៏កញ្ញាមិនខ្លាចដែរ ប៉ុន្តែអ្វីដែលកញ្ញាខ្លាចបំផុតនោះ គឺខ្លាចយុវជនបាក់ទឹកចិត្តមិនហ៊ានចូលរួមការពារធនធានធម្មជាតិដែលកំពុងរងនូវការបំផ្លាញបន្តទៀត ព្រោះការជាប់ឃុំខ្លួនរបស់កញ្ញា មិនជះឥទ្ធិពលអាក្រក់ដូចការបាក់ទឹកចិត្តរបស់យុវជនក្នុងការចូលរួមជួយកិច្ចការសង្គមឡើយ។
នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ នេះ សាលាដំបូងរាជធានីភ្នំពេញ បើកសវនាការលើសំណុំរឿងសកម្មជនចលនាមាតាធម្មជាតិ ដែលរងនូវការចោទប្រកាន់ពីបទ ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទរួមគំនិតក្បត់ ដោយមិនមានវត្តមានសកម្មជនទាំងនោះទេ ដែលគ្រាន់តែអានសក្ខីកម្មដែលទទួលបានអំឡុងពេលសាកសួរកាលពីលើកមុនៗប៉ុណ្ណោះ។
កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ អ្នកគាំទ្រសកម្មជនចលនាមាតាធម្មជាតិជាច្រើននាក់ បានចូលរួមតាមដានសវនាការលើសំណុំរឿងសកម្មជនចលនាមាតាធម្មជាតិ ប៉ុន្តែតុលាការបានសម្រេចលើកយកសវនាការនោះមកបន្តនៅថ្ងៃទី៥ ខែមិថុនា នេះវិញ ប៉ុន្តែសវនាការនៅថ្ងៃនេះ ត្រូវតុលាការដាក់រនាំងហាមឃាត់មិនឱ្យមានអ្នកគាំទ្រចូលរួមស្តាប់សវនាការនេះដាច់ខាត។
អតីតមន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ស៊ឹង សែនករុណា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៥ មិថុនា នេះថា សំណុំរឿងរបស់សកម្មជនចលនាមាតាធម្មជាតិ ជាករណីសាធារណៈ ដូច្នេះសំណុំរឿងបែបនេះគឺគួរតែអនុញ្ញាតឱ្យមានអ្នកសារព័ត៌មាន និងសាធារណជនគាំទ្រក្រុមយុវជនទាំងនោះទៅចូលរួមស្តាប់ដែរ។
លោក ស៊ឹង សែនករុណា លើកឡើងថា ចៅក្រមគួរពិនិត្យលើនីតិវិធីរបស់ខ្លួនឡើងវិញ ព្រោះសំណុំរឿងនេះមិនមានអ្វីជាអាថ៌កំបាំងទេ ចំណែកតុលាការក៏មិនមានអ្វីត្រូវខ្លាចមិនហ៊ានប្រឈមមុខនឹងការសម្រេចរបស់ខ្លួនដែរ ទោះការចោទប្រកាន់របស់តុលាការលើក្រុមយុវជនទាំងនេះមិនអាចឱ្យមហាជនទទួលយកបានក៏ដោយ។
អតីតមន្ត្រីជាន់ខ្ពស់សង្គមស៊ីវិលរូបនេះបញ្ជាក់ថា បទចោទដែលតុលាការចោទប្រកាន់លើក្រុមយុវជនចលនាមាតាធម្មជាតិ គឺជាបទចោទដែលមិនស័ក្តិសមនឹងសកម្មភាពដែលពួកគេបានធ្វើនោះទេ ព្រោះសកម្មភាពរបស់សកម្មជនបរិស្ថានកន្លងមក មិនបានបំផ្លាញសម្បត្តិធម្មជាតិកម្ពុជា ឬរំលោភបំពានលើច្បាប់ស្ដីពីបរិស្ថានណាមួយរបស់កម្ពុជាទេ។
សកម្មជនចលនាមាតាធម្មជាតិ ទាំង ៥នាក់ អាចប្រឈមមុខនឹងទោសពន្ធនាគាររហូតដល់ ១០ឆ្នាំ ប្រសិនបើត្រូវបានតុលាការផ្ដន្ទាទោសលើភាពសកម្មនិយមអហិង្សាក្នុងកិច្ចការការពារបរិស្ថានរបស់ពួកគេកន្លងមកនោះ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

