រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) អំពាវនាវដល់ភាគីទាំងអស់ចាប់យកឱកាសដើម្បីចរចារកសន្តិភាពឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
លោក វ៉ាង យី (Wang Yi) បានថ្លែងដូច្នេះនៅពេលលោកសន្ទនាតាមទូរសព្ទជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi កាលពីថ្ងៃអង្គារ ទី២៤ ខែមីនា នេះ។
តាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន លោក វ៉ាង យី បានប្រាប់លោក Araqchi ថា ការចរចាតែងតែប្រសើរជាងការប្រយុទ្ធគ្នា។ លោក វ៉ាង យី ទទូចថារាល់បញ្ហាដែលមិនយល់ស្របហ្នឹង គួរតែត្រូវបានដោះស្រាយដោយការសន្ទនា និងចរចា មិនត្រូវឆ្លងកាត់សង្គ្រាមនោះទេ។
ចំណែកលោក Araqchi បានឆ្លើយតបទៅកាន់លោក វ៉ាង យី ដោយលើកឡើងអំពីស្ថានភាពនៅតំបន់មជ្ឈិមបូព៌ា។ ប្រមុខការទូតអ៊ីរ៉ង់ បន្តថា ការរំពឹងទុករបស់អ៊ីរ៉ង់ គឺភាគតិចណាស់។ លោកពន្យល់លោក វ៉ាង យី ថា អាមេរិកចង់បានបទឈប់បាញ់ តែសម្រាប់អ៊ីរ៉ង់ គឺត្រូវការបញ្ចប់សង្គ្រាម។
លោក Araqchi បានទាមទារឱ្យចិន ថ្កោលទោសការឈ្លានពានរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល យ៉ាងខ្លាំង។
បើតាមទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានលើកឡើងថាពិភពលោកត្រូវស្ថិតក្រោមច្បាប់អន្តរជាតិ ហើយត្រូវគោរពអធិបតេយ្យភាពដោយមិនត្រូវប្រើប្រាស់កម្លាំងទ័ពឈ្លានពាននោះទេ។
ការជំរុញរបស់ប្រមុខការទូតចិន ធ្វើឡើងស្របពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃអង្គារ ទី២៤ ខែមីនា ថា សហរដ្ឋអាមេរិកកំពុងធ្វើឱ្យមានភាពរីកចម្រើនក្នុងកិច្ចខិតខំប្រឹងប្រែងចរចាបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ រួមទាំងការទទួលបានសម្បទានធំមួយពីទីក្រុងតេហេរ៉ង់។
តែជាមួយគ្នានេះ មានសេចក្តីរាយការណ៍ថា រដ្ឋការលោក ដូណាល់ ត្រាំ បានបញ្ជូនសំណើដំណោះស្រាយចំនួន ១៥ចំណុចទៅកាន់អ៊ីរ៉ង់ ហើយរដ្ឋាភិបាលសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ អះអាងថាខ្លួនកំពុងសិក្សាសំណើរបស់សហរដ្ឋអាមេរិក។
កាសែតអាមេរិក New York Times បានរាយការណ៍ថា រដ្ឋការលោក ត្រាំ បានបញ្ជូនសំណើ ១៥ចំណុចទៅអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាម។
លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមានថា អាមេរិកកំពុងនិយាយជាមួយមេដឹកនាំម្នាក់នៃរបបសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ដើម្បីឈានដល់កិច្ចព្រមព្រៀងបញ្ចប់ជម្លោះនេះ។ លោក ត្រាំ បានគូសបញ្ជាក់ថា ឥឡូវនេះកំពុងតែចរចា ហើយមានភាពរីកចម្រើនទៀតផង។
ការចរចាអ៊ីរ៉ង់-អាមេរិក ក្នុងពេលសង្គ្រាម រំពឹងថានឹងប្រព្រឹត្តទៅលើទឹកដីនៃប្រទេសប៉ាគីស្ថាន។
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បានប្រកាសថា ប្រទេសរបស់លោកមានបំណងជាខ្លាំងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមនៅក្នុងតំបន់មជ្ឈិមបូព៌ា។
លោក Shehbaz Sharif បានបន្ថែមថា ប្រសិនបើមានការយល់ព្រមពីសំណាក់សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ គឺប៉ាគីស្ថាន មានកិត្តិយស និងត្រៀមខ្លួនរួចជាស្រេចដើម្បីសម្របសម្រួលកិច្ចចរចាដ៏មានអត្ថន័យ និងឈានទៅរកការបញ្ចប់ជម្លោះដ៏គ្រោះថ្នាក់នេះ។
ទោះជាបែបនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានស្រង់សម្ដីអ្នកនាំពាក្យកងទ័ពនៃកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ ដោយចំអកថា ជាការពិត សហរដ្ឋអាមេរិកកំពុងតែចរចាជាមួយខ្លួនឯងតែម្នាក់ឯង គឺភាគីអ៊ីរ៉ង់ មិនបានដឹងឮអ្វីនោះទេ។
នៅថ្ងៃពុធទី២៥ ខែមីនា នេះ លោក Ebrahim Zolfaqari អ្នកនាំពាក្យទីបញ្ជាការកណ្តាលនៃកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ បាននិយាយទៅកាន់សហរដ្ឋអាមេរិក ដោយចំអកថា៖ «តើកម្រិតនៃការតស៊ូរបស់អ្នកឯងបានឈានដល់ដំណាក់កាលនិយាយចរចាតែជាមួយខ្លួនឯងមែនឬ? ហើយមនុស្សដូចជាពួកជាកងទ័ព គ្មានថ្ងៃអាចត្រូវរ៉ូវជាមួយអ្នកឈ្លានពាននោះទេ។»
លោក Zolfaqari ព្រមានថា តម្លៃថាមពលប្រេងឥន្ធនៈនឹងមិនអាចវិលត្រឡប់ដូចដើមជាដាច់ខាត បើទីក្រុងវ៉ាស៊ីនតោន មិនទទួលស្គាល់ឯករាជភាពនៃប្រទេសអ៊ីរ៉ង់។
ជាមួយគ្នានេះ កងកម្លាំងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ បានអះអាងថា ខ្លួនបានបើកការវាយប្រហារមីស៊ីលជុំថ្មីទី៨០ ប្រឆាំងអ៊ីស្រាអែល និងបានវាយប្រហារថែមទៀតទៅលើមូលដ្ឋានកងទ័ពអាមេរិក នៅក្នុងតំបន់មជ្ឈិមបូព៌ា។
មកដល់ពេលនេះ សង្គ្រាមសហរដ្ឋអាមេរិករួមដៃជាមួយអ៊ីស្រាអែល វាយប្រហារលើអ៊ីរ៉ង់ មានរយៈពេល ២៦ថ្ងៃហើយ។
បណ្ដាញផ្សាយព័ត៌មានអ៊ីរ៉ង់ Iran International បានចុះផ្សាយថា កងយន្តហោះចម្បាំងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក នៅតែបន្តបើកការវាយប្រហារយ៉ាងខ្លាំងនៅទូទាំងប្រទេសអ៊ីរ៉ង់ ជាពិសេសគឺកងយន្តហោះចម្បាំងអ៊ីស្រាអែល វាយប្រហារទៅលើរដ្ឋធានីតេហេរ៉ង់ ស្ទើរពេញមួយយប់នៅយប់ថ្ងៃអង្គារ ទី២៤ ខែមីនា រហូតដល់ព្រឹកថ្ងៃពុធ ទី២៥ ខែមីនា នេះ ដោយវាយសំដៅទៅទីតាំងយុទ្ធសាស្ត្រនៃរបបសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

