30 C
Phnom Penh

បទវិភាគ៖ បក្ស​ប្រឆាំង​នៅ​ថៃ​ឡើង​កាន់​អំណាច បាន​ទាញ​ឱ្យ​មាន​ការ​ផ្សះផ្សា​ជាតិ​ទូលំទូលាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សំណុំរឿង​ចោទប្រកាន់​បែប​នយោបាយ ត្រូវ​បាន​រំលាយ​ចោល​នៅ​ក្រោម​រដ្ឋាភិបាល​ថ្មី​មកពី​បក្ស​ប្រឆាំង ជា​បក្ស​ប្រកាន់​គោលការណ៍​ដឹកនាំ​បែប​ប្រជាធិបតេយ្យ។

នៅ​ពេលនេះ រាជាណាចក្រ​ថៃ បាន​ឈ្លាន​ដល់​ការ​ផ្សះផ្សា​ជាតិ និង​នយោបាយ​មួយ​ដំណាក់កាល​ថ្មី​ទៀត ដោយ​តុលាការ​កំពូល​របស់​ប្រទេស​ប្រជាធិបតេយ្យ​មួយ​នៅ​អាស៊ី​អាគ្នេយ៍​នេះ កាលពី​ថ្ងៃ​អង្គារ ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២៣ បាន​សម្រេច​ឱ្យ​អតីត​នាយករដ្ឋមន្ត្រី​ដែល​កំពុង​រស់​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស គឺ​អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា រួច​ផុត​ពី​ការ​ចោទប្រកាន់​ពី​ការ​រំលោភ​អំណាច​ពាក់ព័ន្ធ​នឹង​ការ​ផ្ទេរ​មុខតំណែង​អតីត​អគ្គលេខាធិការ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​ម្នាក់​កាលពី​ឆ្នាំ​២០១១។

តាម​ការ​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន Bangkok Post ការ​សម្រេច​របស់​តុលាការ​កំពូល​ប្រទេស​ថៃ ធ្វើ​ឡើង​ក្រោយពី​តុលាការ​នេះ​ប្រកាស​ថា ចៅក្រម​អង្កេត​មិន​បាន​រក​ឃើញ​ភស្តុតាង​ពី​បទល្មើស​ព្រហ្មទណ្ឌ​សមគំនិត​កាលពី​ឆ្នាំ​២០១១ ករណី​ការ​ចុះហត្ថលេខា​លើ​បទបញ្ជា​មួយ​ពាក់ព័ន្ធ​នឹង​អ្នកស្រី យីងឡាក់ ក្នុង​ឋានៈ​ជា​នាយករដ្ឋមន្ត្រី​ថៃ ក្នុង​ការ​ផ្លាស់ប្ដូរ​តួនាទី​អតីត​អគ្គលេខាធិការ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ លោក Thawil Pliensri ទៅ​កាន់​តំណែង​ជា​ទីប្រឹក្សា​ម្នាក់​របស់​នាយករដ្ឋមន្ត្រី​កាលពី​ខែ​កញ្ញា ឆ្នាំ​២០១១ នោះ​ទេ។

ជាមួយ​គ្នា​នេះ​ទៀត តុលាការ​កំពូល​ថៃ ក៏​បាន​លុប​ចោល​ដីកា​ចាប់​ខ្លួន​អ្នកស្រី យីងឡាក់ ផង​ដែរ។ ខ្លឹមសារ​នៃ​សាលក្រម​របស់​ខ្លួន តុលាការ​កំពូល​ថៃ បាន​រៀបរាប់​ថា អ្នកស្រី យីងឡាក់ មិន​មាន​ផែនការ​ក្នុង​ការ​បង្ក​ការ​ខូចខាត ហើយ​ការ​ផ្ទេរ​តំណែង​នោះ​គ្រាន់តែ​ជា​នីតិវិធី​ធម្មតា​ប៉ុណ្ណោះ។

តាម​សាលដីកា​នេះ ការ​ចោទ​ថា​អ្នកស្រី យីងឡាក់ តែងតាំង​លោក Thawil ជា​ទីប្រឹក្សា​នាយករដ្ឋមន្ត្រី​ដើម្បី​បើក​ផ្លូវ​ឱ្យ​លោក Priewpan Damapong ដែល​ជា​សាច់ញាតិ​ម្នាក់​របស់​អ្នកស្រី កាន់​តំណែង​ជា​អគ្គស្នងការ​នគរបាល​ជាតិ​ថៃ មិន​មាន​កំហុស​ព្រហ្មទណ្ឌ​នោះ​ទេ ហើយ​ស្រប​តាម​នីតិវិធី​រដ្ឋបាល។

កាលពី​ថ្ងៃទី​២២ សីហា តុលាការ​របស់​រាជាណាចក្រ​នេះ​ក៏​បើក​ភ្លើង​ខៀវ​ឱ្យ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីត​នាយករដ្ឋមន្ត្រី​ថៃ ដែល​ជា​បងប្រុស​បង្កើត​របស់​អ្នកស្រី យីងឡាក់ បាន​វិល​ចូល​ប្រទេស​ថៃ វិញ​ផង​ដែរ។ លោក ថាក់ស៊ីន វិល​ចូល​ប្រទេស​ថៃ វិញ គឺជា​ការ​បញ្ចប់​ការ​និរទេស​ខ្លួន​តាំងពី​ឆ្នាំ​២០១៨។

តែ​នៅ​ពេល​នោះ អ្នកស្រី យីងឡាក់ ក៏​ជា​អតីត​នាយករដ្ឋមន្ត្រី​ថៃ នោះ មិន​បាន​វិល​ចូល​រាជាណាចក្រ​ថៃ តាម​បងប្រុស​របស់​អ្នកស្រី​នោះ​ទេ។ អ្នកស្រី យីងឡាក់ បាន​ជួបជុំ​ជាមួយ​នឹង​បងប្រុស​របស់​អ្នកស្រី​នៅ​លើ​ទឹកដី​ប្រទេស​សិង្ហបុរី។ អ្នកស្រី​ក៏​បាន​ពោល​ពាក្យ​ចង់​មក​រួម​រស់​នៅ​ក្នុង​សង្គម​ថៃ វិញ​ផង​ដែរ​ជាមួយ​នឹង​រាជាណាចក្រ​នេះ​មាន​រដ្ឋាភិបាល​ថ្មី​ដែល​មិន​មែន​រដ្ឋាភិបាល​របស់​ពួក​យោធា។

ក្រុម​យោធា​ដែល​បាន​ប្លន់​អំណាច​តាមរយៈ​រដ្ឋប្រហារ​នៅ​ខែ​ឧសភា ឆ្នាំ​២០១៤ បាន​ព្យាយាម​កាន់​អំណាច​ជិត ៩​ឆ្នាំ ប៉ុន្តែ​ត្រូវ​បាន​ផ្ដួល​អំណាច​នៅ​ថ្ងៃទី​១៤ ខែ​ឧសភា ឆ្នាំ​២០២៣ តាមរយៈ​ការ​បោះឆ្នោត​ដែល​ពេល​នោះ​ក្រុម​បក្ស​ប្រឆាំង​បាន​ឈ្នះ​ក្នុង​ការ​បោះឆ្នោត។

យ៉ាងណា ការ​បង្រួបបង្រួម​ជាតិ​ថៃ ដែល​គេ​ថា​នៅ​ក្រោម​ការ​ដឹកនាំ​របស់​បក្ស​ប្រឆាំង​នៃ​គណបក្ស​ភឿថៃ ក៏​ធ្វើ​ឡើង​ដោយសារតែ​បក្ស​ភឿថៃ នេះ បាន​សម្រេច​ឱ្យ​មាន​រដ្ឋាភិបាល​ចម្រុះ​ដ៏​ទូលំទូលាយ​មួយ ហើយ​ក៏​មាន​បក្ស​របស់​ពួក​យោធា​ក្នុង​សមាសភាព​រដ្ឋាភិបាល​ថ្មី​នេះ​ផង​ដែរ។

ក្នុង​ហេតុផល​នេះ ពួក​យោធា​បាន​បើក​ផ្លូវ​ឱ្យ​អ្នក​នយោបាយ​ដែល​និរទេស​ខ្លួន​ទាំងអស់ រួម​ទាំង​លោក ថាក់ស៊ីន និង​អ្នកស្រី យីងឡាក់ អ្នក​នយោបាយ​ដ៏​មាន​ឥទ្ធិពល​ពីរ​រូប​នេះ​ក៏​បាន​វិល​មក​រួម​រស់​ក្នុង​សង្គម​ថៃ ឡើងវិញ។

សាលដីកា​របស់​តុលាការ​កំពូល ដែល​បើក​ផ្លូវ​ឱ្យ​អ្នកស្រី យីងឡាក់ វិល​ចូល​រាជាណាចក្រ​ថៃ វិញ ក្រោយពី​ទាត់​ចោល​សំណុំរឿង​ព្រហ្មទណ្ឌ​ទាំងអស់​ប្រឆាំង​នឹង​អ្នកស្រី ហើយ​នៅ​ប៉ុន្មាន​សប្ដាហ៍​ទៀត​នេះ លោក ថាក់ស៊ីន ក៏​នឹង​ទទួល​បាន​ការ​លើកលែង​ទោស​ជា​ស្ថាពរ។

ប៉ុន្តែ​អំណាច​របស់​តុលាការ​កំពូល​រាជាណាចក្រ​ថៃ នៅ​ពេលនេះ ក៏​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​រត់​តាម​ស្ថានភាព​នយោបាយ​ផង​ដែរ។

វា​មាន​ន័យ​ថា បើ​នយោបាយ​ឆ្ពោះ​ទៅ​រក​ការ​ផ្សះផ្សា​ជាតិ គឺ​ការ​ចោទប្រកាន់​ទោះបី​បទល្មើស​ព្រហ្មទណ្ឌ បទ​ឧក្រិដ្ឋ​ក៏ដោយ ក៏​ត្រូវតែ​ទម្លាក់​ចោល​ផង​ដែរ បើ​ជន​ជាប់ចោទ​នោះ​ជា​អ្នក​នយោបាយ​ដែល​ជាក់ស្ដែង​ដូចជា​អ្នកស្រី យីងឡាក់ នៅ​ពេលនេះ។

រាជាណាចក្រ​ថៃ នៅ​ពេលនេះ គឺ​រដ្ឋាភិបាល​របស់​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ស្ថិត​នៅ​ក្នុង​ការ​ដឹកនាំ​របស់​គណបក្ស​ប្រកាន់​គោលការណ៍​ប្រជាធិបតេយ្យ។

ការ​ផ្សះផ្សា​ជាតិ​ដ៏​ទូលំទូលាយ​នេះ វា​ពិត​ណាស់​កើត​ចេញពី​ការ​សម្របសម្រួល​បញ្ចប់​ហិង្សា​នយោបាយ​រវាង​ពួក​យោធា និង​គណបក្ស​មាន​និន្នាការ​ប្រជាធិបតេយ្យ ដូចជា​គណបក្ស​ភឿថៃ ជាដើម​នេះ ប៉ុន្តែ​រដ្ឋាភិបាល​ចម្រុះ​ដែល​មាន​ពួក​យោធា​ជា​សមាសភាព​ផង​ដែរ​នៅ​ក្នុង​គណៈរដ្ឋមន្ដ្រី​របស់​បក្ស​ភឿថៃ ដែល​នាយករដ្ឋមន្ត្រី​នេះ​ប្រកាន់​គោលការណ៍​អហិង្សា ហើយ​ចង់​ឱ្យ​មាន​ការ​ផ្សះផ្សា​ជាតិ​ជុំវិញ​បក្ស​ភឿថៃ និង​លោក ស្រេតថា ថាវីសីន ជា​នាយករដ្ឋមន្ត្រី។

អ្នកជំនួញ​អចលនទ្រព្យ​ដែល​គេ​ថា​ជា​អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​រូប​នេះ ចូល​កាន់​តំណែង​ភ្លាម គាត់​បាន​ជួយ​សម្រួល​មិន​ត្រឹមតែ​ភាព​តានតឹង​នយោបាយ​ថៃ​នោះ​ទេ គឺ​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រជាជន​ថៃ​រាប់​លាន​នាក់​ដែល​ជាប់​បំណុល​ធនាគារ​ផង​ដែរ។

មិន​តែប៉ុណ្ណោះ រដ្ឋាភិបាល​បង្រួបបង្រួម​នេះ ក៏​បញ្ចេញ​គោលនយោបាយ​ដោះ​បំណុល​ដល់​ពលរដ្ឋ​ខ្លួនឯង​រាប់​សែន​នាក់ និង​រហូត​ដល់​ទម្លាក់​ពន្ធអាករ​ផ្សេងៗ​ទៀត​ផង។

អ្នក​សង្កេតការណ៍​នៅ​ក្នុង​តំបន់​មើល​ឃើញ​រូបភាព​នៅ​ក្នុង​រាជាណាចក្រ​ថៃ នៅ​ពេលនេះ​ខុស​ប្លែក​ឆ្ងាយ​ណាស់​ប្រសើរ​ឆ្ងាយ​ណាស់ បើ​ធៀប​នឹង​ស្ថានភាព​នយោបាយ​របស់​ប្រទេស​ជិតខាង​ថៃ មាន​ដូចជា​ប្រទេស​ភូមា ដែល​កំពុង​ធ្លាក់​នៅ​ក្នុង​ការ​គ្រប់គ្រង​របស់​ពួក​យោធា ដែល​ប្លន់​អំណាច​របស់​អ្នក​ប្រជាធិបតេយ្យ​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០២១ និង​ការ​កាន់​អំណាច​របស់​បក្ស​មួយ​នៅ​កម្ពុជា ដែល​កម្ចាត់​អ្នក​នយោបាយ​ប្រឆាំង​មិន​ឱ្យ​ចូល​សង្វៀន​ប្រកួត គឺ​បិទ​ឈឹង​តែម្ដង​ការ​ផ្សះផ្សា​ជាតិ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស