27.4 C
Phnom Penh

រដ្ឋាភិបាល​កម្ពុជា​ដាក់​ចេញ​គោលនយោបាយ​ជាតិ​បញ្ចប់​អេដស៍​នៅ​កម្ពុជា​ឆ្នាំ​២០២៣-២០២៨

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រាជរដ្ឋាភិបាល​កម្ពុជា​លោក ហ៊ុន ម៉ាណែត បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ជាតិ​បញ្ចប់​អេដស៍ និង​ចីរភាព​កម្មវិធី​អេដស៍​សម្រាប់​ឆ្នាំ​២០២៣-២០២៨ ដើម្បី​ឆ្ពោះ​ទៅ​បញ្ចប់​ជំងឺ​អេដស៍​នៅ​កម្ពុជា ដែល​ជា​គ្រោះ​គំរាមកំហែង​ដល់​សុខភាព​សាធារណៈ។

ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ លោក​ទេសរដ្ឋមន្ត្រី អៀង មូលី បាន​លើក​ឡើង​ក្នុង​ឱកាស​បើក​កិច្ចប្រជុំ​ពេញ​អង្គ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​លើក​ទី​១ ឆ្នាំ​២០២៤ នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​១១ ខែ​មិថុនា ឆ្នាំ​២០២៤ ថា គោលនយោបាយ​ជាតិ​បញ្ចប់​អេដស៍ និង​ចីរភាព​កម្មវិធី​អេដស៍​សម្រាប់​ឆ្នាំ​២០២៣-២០២៨ បាន​បញ្ជាក់​នូវ​ការ​ប្ដេជ្ញា​ចិត្ត​ផ្នែក​នយោបាយ​យ៉ាង​មុតមាំ​បន្ថែម​ទៀត​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ ដែល​បន្ត​បេសកកម្ម​ពី​រាជរដ្ឋាភិបាល​នីតិកាល​មុនៗ ក្នុង​ការ​បន្ត​អភិវឌ្ឍ​មូលធន​មនុស្ស និង​ការ​លើក​កម្ពស់​សុខភាព និង​សុខមាលភាព​ប្រជាជន​សម​ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី​១។

ប្រភព​ដដែល​បាន​លើកឡើង​ថា គោលនយោបាយ​ជាតិ​បញ្ចប់​អេដស៍ និង​ចីរភាព​កម្មវិធី​អេដស៍​សម្រាប់​ឆ្នាំ​២០២៣-២០២៨ ត្រូវ​បាន​រៀបចំ​ឡើង​ជា​ឧបករណ៍​ដ៏​មុត​ស្រួច​ក្នុង​ការ​ជំរុញ​ការ​ចូលរួម​ការងារ​ឆ្លើយតប​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍​ជា​លក្ខណៈ​ពហុ​វិស័យ ទាំង​នៅ​ថ្នាក់​ជាតិ និង​ទាំង​នៅ​ថ្នាក់​ក្រោម​ជាតិ ដោយ​ឈរ​លើ​សសរស្ដម្ភ​ទាំង​បី គឺ ទី​១ ភាព​ជា​អ្នក​ដឹកនាំ ឬ​ភាព​ជា​ម្ចាស់ ទី​២ ភាព​ជា​ដៃគូ និង​ទី​៣ ការ​វិនិយោគ​រួម​ជាមួយ​គោលការណ៍​បី​មួយ។

ប្រភព​ដដែល​អះអាង​ថា រដ្ឋាភិបាល​ជំរុញ​ក្រសួង​មហាផ្ទៃ ឱ្យ​ណែនាំ​សម្របសម្រួល​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ក្នុង​ការ​អនុវត្ត​គោលនយោបាយ​បញ្ចប់​អេដស៍ និង​ចីរភាព​កម្មវិធី​អេដស៍​សម្រាប់​ឆ្នាំ​២០២៣-២០២៨ នៅ​រាជធានី ខេត្ត ស្រុក ខណ្ឌ ឃុំ សង្កាត់ ឱ្យ​បាន​ជោគជ័យ។

នៅ​ក្នុង​សន្និបាត​ប្រចាំឆ្នាំ​២០២៣ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍ នៅ​ខែ​ធ្នូ កន្លង​មក អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ បាន​លើកឡើង​ថា នៅ​កម្ពុជា​មាន​អ្នក​ផ្ទុក​មេរោគ​អេដស៍​ប្រមាណ ១​ម៉ឺន ២​ពាន់​នាក់ បាន​ធ្វើ​តេស្ដ​ឈាម​រក​ឃើញ​មាន​ផ្ទុក​មេរោគ​អេដស៍ ប៉ុន្តែ​ពេលនេះ អ្នក​ទាំងនោះ​បាន​បាត់​ខ្លួន​ដោយ​មិន​បាន​ធ្វើ​តេស្ដ​រក​មេរោគ​អេដស៍​ជា​ថ្មី​ទៀត​ទេ ដែល​ចំណុច​នេះ​មាន​ការ​ព្រួយបារម្ភ​ថា ជំងឺ​អេដស៍​អាច​ផ្ទុះ​ឡើងវិញ បើសិន​ពួកគេ​មិន​ទៅ​ទទួល​សេវា​ព្យាបាល។

ជំងឺ​អេដស៍​បាន​ចាប់ផ្ដើម​កើត​នៅ​កម្ពុជា​នៅ​ឆ្នាំ​១៩៩១ ហើយ​បន្ទាប់​មក​បាន​រីក​រាលដាល​ជា​ខ្លាំង​រហូត​ដល់​ជនបទ។ ពួកគេ​ទាំងនោះ​ជាច្រើន​នៅ​តែ​មាន​កង្វះ​ខាត ដូចជា ការ​មិន​អាច​ទទួល​បាន​សេវា​ការពារ ព្យាបាល និង​គាំទ្រ។ ជា​ញឹកញាប់ ជំងឺ​អេដស៍​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​អ្នកមាន និង​អ្នកក្រ​បាត់បង់​ការងារ និង​ធ្វើ​ឲ្យ​ពួកគេ​ជួប​ការ​មាក់ងាយ និង​ការ​រើសអើង។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​បាន​កត់សម្គាល់​ថា កុមារ​ដែល​កំព្រា​ដោយសារ​ជំងឺ​អេដស៍ បាន​ធ្វើ​ឲ្យ​កើន​ឡើង​នូវ​បន្ទុក​សេដ្ឋកិច្ច​នៃ​សមាជិក​គ្រួសារ​ដែល​នៅ​រស់។ ជំងឺ​អេដស៍​ក៏​ជា​បន្ទុក​របស់​ប្រទេស​ផង​ដែរ ដោយសារតែ​រដ្ឋាភិបាល​បាន​បង់​ប្រាក់​ទៅ​លើ​វេជ្ជសាស្ត្រ​ដែល​ទាក់ទង​នឹង​ជំងឺ​អេដស៍។

តាម​របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ឆ្នាំ​២០២២ កម្ពុជា​មាន​អ្នក​ឆ្លង​មេរោគ​អេដស៍​ថ្មី​ចំនួន ១៤០០​នាក់​ក្នុង​មួយ​ឆ្នាំ ដែល​មាន​ន័យ​ថា មនុស្ស ៤​នាក់​បាន​ឆ្លង​មេរោគ​អេដស៍​ជា​រៀង​រាល់​ថ្ងៃ។

ដើម្បី​ឈាន​ទៅ​បញ្ចប់​ការ​ឆ្លង​រាលដាល​នៃ​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍​ក្នុង​ដំណាក់កាល​ដែល​ស្ថានភាព​ជំនួយ​ពី​បរទេស​ធ្លាក់​ចុះ រដ្ឋាភិបាល​អះអាង​ថា រដ្ឋ​បាន​ចំណាយ​ថវិកា​ទិញ​ថ្នាំ​សម្រាប់​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​អេដស៍​ក្នុង​មួយ​ឆ្នាំៗ ៥​លាន​ដុល្លារ​អាមេរិក ដើម្បី​ជួយ​ព្យាបាល​អ្នក​ដែល​បាន​ឆ្លង​ជំងឺ​អេដស៍៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស