30.3 C
Phnom Penh

លោក ពូទីន ទំនង​ចង់​ទាញ​វៀតណាម​ឱ្យ​ឆ្ងាយ​ពី​អាមេរិក ខណៈ​លោក​ធ្វើ​ទស្សនកិច្ច​នៅ​វៀតណាម​ពេល​ខាងមុខ​នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក វ្ល៉ាឌីមៀ ពូទីន គ្រោង​បំពេញ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​កូរ៉េខាងជើង និង​ប្រទេស​ជិតខាង​របស់​កម្ពុជា គឺ​ប្រទេស​វៀតណាម ក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​នេះ។

សារព័ត៌មាន Reuters បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​១១ មិថុនា នេះ​ថា ឯកអគ្គរដ្ឋទូត​រុស្ស៊ី ប្រចាំ​កូរ៉េខាងជើង លោក Alexander Matsegora បាន​និយាយ​ថា ទស្សនកិច្ច​របស់​លោក ពូទីន ទៅ​កាន់​ទីក្រុង​ព្យុងយ៉ាង កំពុង​ស្ថិត​ក្រោម​ការ​ដំណើរការ​ត្រៀម​រៀបចំ​ឡើង។

សារព័ត៌មាន​ដដែល​នេះ​ឲ្យ​ដឹង​ថា លោក ពូទីន ក៏​នឹង​បំពេញ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​វៀតណាម ផង​ដែរ ហើយ​ទស្សនកិច្ច​ទៅ​វៀតណាម ទំនង​នឹង​ធ្វើ​ឡើង​ភ្លាមៗ​តែម្តង​ក្រោយ​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង។

ទោះជា​យ៉ាងណា​ក៏ដោយ ប្រសិនបើ​លោក ពូទីន ទៅ​កាន់​ប្រទេស​កូរ៉េខាងជើង គឺជា​ការ​ឆ្លើយតប​ចំពោះ​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែល​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​រុស្ស៊ី កាលពី​ខែ​កញ្ញា ឆ្នាំ​មុន ហើយ​បាន​ជួប​ពិភាក្សា​គ្នា​ជាមួយ​លោក ពូទីន។ អំឡុង​ពេល​នោះ លោក គីម ជុងអ៊ុន បាន​ទស្សនា​មជ្ឈមណ្ឌល​បង្ហោះ​យានអវកាស Vostochny នៅ​តំបន់​ចុង​បូព៌ា​នៃ​ប្រទេស​រុស្ស៊ី។

ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​លើ​វិស័យ​យោធា ទីក្រុង​ព្យុងយ៉ាង បាន​ឈាន​ដល់​ការ​ជួយ​ផ្គត់ផ្គង់​គ្រាប់​កាំភ្លើងធំ និង​គ្រាប់​មីស៊ីល​ដល់​ទៅ ៦៧០០​កុងតឺន័រ​ទៅ​ឱ្យ​ក្រុង​មូស្គូ យក​ទៅ​សមរភូមិ​វាយប្រហារ​ប្រទេស​អ៊ុយក្រែន។ ជាមួយ​គ្នា​នេះ ក្រុង​មូស្គូ បាន​ផ្ដល់​ទៅ​ឱ្យ​ក្រុង​ព្យុងយ៉ាង វិញ​ដោយ​ជំនួយ​បច្ចេកទេស​ក្នុង​ការ​បាញ់​បង្ហោះ​ផ្កាយរណប​យោធា​ចូល​ទៅ​គន្លង​លំហ​អាកាស។

លោក ពូទីន ធ្លាប់​បាន​ធ្វើ​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង តែ​ម្ដង​គត់​កាលពី​ឆ្នាំ​២០០០ ជា​ឆ្នាំ​ដំបូង​នៃ​ការ​កាន់​អំណាច​របស់​លោក​ជា​ប្រធានាធិបតី​សហព័ន្ធ​រុស្ស៊ី។

តែ​យ៉ាងណា ទស្សនកិច្ច​របស់​លោក ពូទីន ទៅ​កាន់​ប្រទេស​កូរ៉េខាងជើង មិនមែន​ជា​ការ​ធ្វើ​ឱ្យ​អ្នក​សង្កេតការណ៍​ចាប់​អារម្មណ៍​ខ្លាំង​ជាង​លោក​ទៅ​ប្រទេស​វៀតណាម នោះ​ទេ។ លោក ពូទីន ធ្លាប់​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​វៀតណាម ចំនួន ៣​លើក​រួច​មក​ហើយ​ចាប់តាំងពី​លោក​ឡើង​កាន់​តំណែង​ប្រធានាធិបតី​រុស្ស៊ី នៅ​ឆ្នាំ​២០០០។

ទស្សនកិច្ច​ចុងក្រោយ​របស់​លោក ពូទីន ទៅ​វៀតណាម នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ដែល​ជា​ការ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​នៃ​ប្រទេស​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក ហៅ​កាត់​ថា APEC ដែល​ប្រទេស​វៀតណាម ជា​អ្នក​រៀបចំ។

ប៉ុន្តែ​ចាប់តាំងពី​ពេល​នោះ​មក មេដឹកនាំ​វៀតណាម បាន​អញ្ជើញ​លោក ពូទីន ទៅ​ធ្វើ​ទស្សនកិច្ច ៣​ដង​រួច​មក​ហើយ តែ​លោក ពូទីន បាន​ត្រឹមតែ​ទទួល​យក​ការ​អញ្ជើញ​ដោយ​ក្ដី​រីករាយ​តែប៉ុណ្ណោះ។

អ្នក​សង្កេតការណ៍​បាន​ហៅ​ទស្សនកិច្ច​របស់​មេដឹកនាំ​វិមាន​ក្រឹមឡាំង ដែល​គ្រោង​ទៅ​ប្រទេស​វៀតណាម នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ ថា​ជា​ការ​ចាប់អារម្មណ៍​ខ្លាំង ព្រោះ​ក្រុង​មូស្គូ ទំនង​ទាញ​វៀតណាម ឱ្យ​ឆ្ងាយ​ពី​សហរដ្ឋ​អាមេរិក ហើយ​ងាក​ទៅ​រក​ក្រុង​មូស្គូ ឱ្យ​កាន់តែ​ខ្លាំង​ឡើង​វិញ។

ប៉ុន្តែ​មាន​ការ​ចោទ​សួរ​ថា តើ​ក្រុង​មូស្គូ អាច​ទាញ​ក្រុង​ហាណូយ ឱ្យ​ដើរ​ចេញពី​ក្រុង​វ៉ាស៊ីនតោន បាន​ឬ​ទេ​នៅ​ពេលនេះ​ដែល​វៀតណាម និង​សហរដ្ឋ​អាមេរិក មាន​ទំនាក់ទំនង​ស៊ីជម្រៅ​នឹង​គ្នា​កាន់តែ​ខ្លាំង​ឡើង។

អ្វី​ដែល​ធ្វើ​ឱ្យ​វៀតណាម និង​សហរដ្ឋ​អាមេរិក កាន់​តែ​មាន​ទំនាក់ទំនង​ស៊ីជម្រៅ គេ​ថា​អាច​មកពី​វៀតណាម ត្រូវការ​មហាអំណាច​អាមេរិក ជួយ​វៀតណាម ទប់ទល់​នឹង​ឥទ្ធិពល​ចិន ដែល​ក្រុង​ហាណូយ តែងតែ​ចោទ​ក្រុង​ប៉េកាំង ថា​បាន​រំលោភបំពាន​ដែនទឹក​ដែន​កោះ​របស់​វៀតណាម នៅ​សមុទ្រ​ចិន​ខាងត្បូង។

មិន​តែប៉ុណ្ណោះ វៀតណាម​កំពុង​បារម្ភ​ខ្លាំង​ដែល​ចិន មាន​ឥទ្ធិពល​ភូមិសាស្ត្រ​នយោបាយ​នៅ​អាស៊ីអាគ្នេយ៍ ជាពិសេស ចិន​មាន​ឥទ្ធិពល​ទៅ​លើ​ប្រទេស​ឡាវ និង​កម្ពុជា ដែល​ប្រទេស​ពីរ​នេះ​ធ្លាប់​នៅ​ក្រោម​ឥទ្ធិពល​វៀតណាម ច្រើន​ទសវត្ស​មក​ហើយ។

ក្នុង​ស្ថានភាព​នេះ​ហើយ​ដែល​វៀតណាម ឈោង​ចាប់​សហរដ្ឋ​អាមេរិក ព្រោះ​ក្រុង​វ៉ាស៊ីនតោន អាច​ទប់ស្កាត់​ឥទ្ធិពល​ចិន បាន​ខ្លះ​ដែល​មាន​ទៅ​លើ​ប្រទេស​ឡាវ និង​កម្ពុជា។

ដោយ​ការ​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី បាន​នាំ​ឱ្យ​ក្រុង​ហាណូយ និង​ក្រុង​វ៉ាស៊ីនតោន បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី ហើយ​ក៏​មាន​កិច្ចព្រមព្រៀង​សន្តិសុខ​តំបន់​ទៀត​ផង។

ចាប់តាំងពី​ឆ្នាំ​២០១០ មក គេ​សង្កេត​ឃើញ​ថ្នាក់ដឹកនាំ​សហរដ្ឋ​អាមេរិក មាន​ទាំង​ប្រធានាធិបតី មាន​ទាំង​អនុប្រធានាធិបតី រដ្ឋមន្ត្រី​ការបរទេស រដ្ឋមន្ត្រី​ការពារ​ជាតិ បាន​ដោះដូរ​ទស្សនកិច្ច​ទ្វេភាគី​ជា​ញឹកញាប់​ជាមួយ​នឹង​ថ្នាក់ដឹកនាំ​វៀតណាម។ ជាមួយ​គ្នា​នេះ វៀតណាម បាន​ពង្រីក​សហប្រតិបត្តិការ​ជាមួយ​សម្ពន្ធមិត្ត​សហរដ្ឋ​អាមេរិក ថែម​ទៀត មាន​ដូចជា​បណ្ដា​ប្រទេស​សហភាព​អឺរ៉ុប អង់គ្លេស កាណាដា ជប៉ុន ឥណ្ឌា និង​អូស្ត្រាលី ដែល​ជា​ការ​ពង្រឹង​ទាំង​ទំនាក់ទំនង​ការទូត និង​សេដ្ឋកិច្ច​រហូត​ដល់​វិស័យ​យោធា​ទៀត​ផង។

ទាំងនេះ​សុទ្ធតែ​គេ​មើល​ឃើញ​ថា វៀតណាម ត្រូវការ​សម្ពន្ធភាព​សហរដ្ឋ​អាមេរិក ជាពិសេស​ក្រុង​វ៉ាស៊ីនតោន ផ្ទាល់ ដើម្បី​ទប់ទល់​ឥទ្ធិពល​ចិន នៅ​អាស៊ី​អាគ្នេយ៍ និង​ករណី​ជម្លោះ​ដែនសមុទ្រ​នៅ​សមុទ្រ​ចិន​ខាងត្បូង។

គេ​ថា​វៀតណាម នៅតែ​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច និង​យោធា​ជាមួយ​រុស្ស៊ី តែ​កាន់​តែ​មាន​ភាព​ស៊ីជម្រៅ​ជាមួយ​សហរដ្ឋ​អាមេរិក និង​សម្ពន្ធមិត្ត​ប្រទេស​មហាអំណាច​មួយ​នេះ ក៏​ព្រោះតែ​ដើម្បី​ជា​ខ្នង​បង្អែក​ក្នុង​ការ​ប្រជែង​នឹង​ចិន ដែរ។

ដូចនេះ លោក ពូទីន ដែល​គ្រោង​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​វៀតណាម ខាងមុខ​នេះ ទំនង​មិន​អាច​ទាញ​វៀតណាម ដើរ​ឱ្យ​ឆ្ងាយ​ពី​សហរដ្ឋ​អាមេរិក​បាន​ឡើយ។ គេ​ថា​បើ​រុស្ស៊ី នៅ​ក្រោម​ឥទ្ធិពល​ចិន ដោយសារ​សង្គ្រាម​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន គឺ​វៀតណាម មិន​អាច​នៅ​ក្រោម​ឥទ្ធិពល​ចិន បាន​ឡើយ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស