34 C
Phnom Penh

សង្គម​ស៊ីវិល​ថា​ការ​បញ្ឈប់​ថ្នាក់ដឹកនាំ​សហជីព​ពី​ការងារ ជះ​ឥទ្ធិពល​អាក្រក់​ដល់​សិទ្ធិ​សេរីភាព​មូលដ្ឋាន​សហជីព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​អង្គការ​សង្គម​ស៊ីវិល​ទទួល​បន្ទុក​សិទ្ធិ​ការងារ អះអាង​ថា ការ​ប្រើ​លេស​យក​កិច្ចសន្យា​ការងារ​របស់​កម្មករ​និយោជិត ដើម្បី​បញ្ឈប់​ថ្នាក់​ដឹកនាំ​សហជីព​ពី​ការងារ ជា​កត្តា​ចម្បង​នាំ​ឱ្យ​ជះ​ឥទ្ធិពល​អាក្រក់​ដល់​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន និង​សិទ្ធិ​ការពារ​ពិសេស​របស់​ថ្នាក់​ដឹកនាំ​សហជីព​ឯករាជ្យ​យ៉ាង​ធ្ងន់ធ្ងរ។

អ្នក​គ្រប់គ្រង​ផ្នែក​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៣ មិថុនា នេះ​ថា ការ​បញ្ឈប់​ថ្នាក់​ដឹកនាំ​សហជីព​ឯករាជ្យ​ក្នុង​រោងចក្រ សេង បូ ម្តង​ហើយ​ម្តង​ទៀត គឺជា​ការ​បង្ហាញ​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​ចេតនា​រំលោភ​ច្បាប់​ស្ដីពី​សហជីព និង​ច្បាប់​ស្ដីពី​ការងារ​របស់​កម្ពុជា។

លោក ឃុន ថារ៉ូ លើកឡើង​ថា សហជីព​ឯករាជ្យ​ក្នុង​រោងចក្រ សេង បូ តែង​ជួយ​ការពារ​សិទ្ធិ​កម្មករ​និយោជិត​ដែល​រង​នូវ​ការ​រំលោភ​បំពាន ដូចជា ការ​បើក​ប្រាក់ខែ​យឺត និង​ការ​កាត់​ប្រាក់ខែ​កម្មករ​ដោយ​គ្មាន​មូលហេតុ រាល់​ពេល​បើក​លុយ​នៅ​ចុង​ខែ ជាដើម ដែល​បញ្ហា​នេះ​ជា​ហេតុ​ធ្វើ​ឱ្យ​ថៅកែ​រោងចក្រ​មិន​ពេញ​ចិត្ត។

មន្ត្រី​ជាន់ខ្ពស់​សង្គម​ស៊ីវិល​រូប​នេះ បញ្ជាក់​ថា ដើម្បី​បញ្ឈប់​ការ​តវ៉ា​នេះ ថៅកែ​រោងចក្រ សេង បូ បាន​ប្រើ​លេស​យក​កិច្ចសន្យា​ការងារ​របស់​ថ្នាក់​ដឹកនាំ​សហជីព ធ្វើ​ជា​កម្មវត្ថុ​ដើម្បី​បញ្ឈប់​ពួកគេ​ពី​ការងារ​ក្នុង​ចេតនា​រំលាយ​សហជីព ខណៈ​សិទ្ធិ​ការពារ​ពិសេស​របស់​ថ្នាក់​ដឹកនាំ​សហជីព​ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្ដីពី​ការងារ និង​ច្បាប់​ស្ដីពី​សហជីព មិន​ត្រូវ​បាន​ធានា​ការពារ​ឱ្យ​បាន​ពេញលេញ​នៅឡើយ។

កាលពី​ថ្ងៃទី​១២ ខែ​មិថុនា ឆ្នាំ​២០២៤ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជិត ២០​ស្ថាប័ន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​ស្នើ​ឱ្យ​អ្នកស្រី រឿន កូលាប អាច​ចូល​ធ្វើ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន សេង បូ ហ្គាមិន (ខេមបូឌា) ឯ.ក វិញ ក្រោម​ហេតុផល​ថា អ្នកស្រី​ត្រូវ​បាន​ក្រុមហ៊ុន​បញ្ឈប់​ពី​ការងារ​ដោយ​ខុស​ច្បាប់​ចាប់តាំងពី​ថ្ងៃទី​៣០ ខែ​មិថុនា ឆ្នាំ​២០២៣ មក។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ បាន​សម្ដែង​ការ​សោកស្តាយ​ចំពោះ​ក្រុមហ៊ុន​ដែល​បាន​បញ្ឈប់​អ្នកស្រី រឿន កូលាប ដោយ​ខុស​ច្បាប់ ដែល​រហូត​ដល់​ពេលនេះ អ្នកស្រី​នៅ​ពុំ​ទាន់​ទទួល​បាន​យុត្តិធម៌​នៅឡើយ ហើយ​ការ​បញ្ឈប់​នេះ គឺជា​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បង្កើត​សហជីព ដើម្បី​ការពារ​សិទ្ធិ​កម្មករ​ស្រប​ច្បាប់​នៅ​កន្លែង​ការងារ​ដែរ។

ប្រភព​ដដែល​លើកឡើង​ថា ការ​ប្រើប្រាស់​កិច្ចសន្យា​មាន​ថេរវេលា​មាន​កំណត់ នៅតែ​ត្រូវ​បាន​រក​ឃើញ​ថា រោងចក្រ​បាន​ប្រើប្រាស់​កិច្ចសន្យា​នេះ​ធ្វើ​ឧបករណ៍​សម្រាប់​បំភិតបំភ័យ និង​បន្លាច​កុំ​ឱ្យ​កម្មករ​និយោជិត​ចងក្រង​សហជីព ក្រោម​លេស​ផ្សេងៗ​របស់​រោងចក្រ ដែល​ជា​ទម្រង់​មួយ​នៃ​ការ​រើសអើង​ប្រឆាំង​ទៅ​នឹង​មេដឹកនាំ​សហជីព​ឯករាជ្យ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដដែល​នេះ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​តាមរយៈ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជួយ​អន្តរាគមន៍​ឱ្យ​ក្រុមហ៊ុន សេង បូ ទទួលយក​អ្នកស្រី រឿន កូលាប ចូល​ធ្វើ​ការងារ​វិញ។ ជាង​នេះ​ទៅ​ទៀត ក្រុមហ៊ុន​អ្នក​បញ្ហា​ទិញ ក៏​ត្រូវ​តែ​ជួយ​ជំរុញ​ក្រុមហ៊ុន សេង បូ ឱ្យ​បញ្ឈប់​នូវ​ការ​រើសអើង​សហជីព និង​គោរព​សិទ្ធិ​សេរីភាព​សហជីព​នៅ​កន្លែង​ការងារ​ផង​ដែរ។

កាលពី​ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​២០២៣ អ្នកស្រី រឿន កូលាប ត្រូវ​បាន​កម្មករ​និយោជិត​បោះឆ្នោត​ឱ្យ​ធ្វើ​ជា​ប្រធាន​សហជីព​នៅ​ក្នុង​រោងចក្រ ហើយ​ការ​បោះឆ្នោត និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​អង្គការ​វិជ្ជាជីវៈ​នេះ ក៏​បាន​ជូនដំណឹង​ត្រឹមត្រូវ​តាម​នីតិវិធី​នៃ​ច្បាប់​ស្ដីពី​ការងារ និង​ច្បាប់​ស្ដីពី​សហជីព ដោយ​មាន​ការ​ជូនដំណឹង​ទៅ​ក្រុមហ៊ុន​ផង​ដែរ។

ប៉ុន្តែ​ត្រឹមតែ​រយៈពេល​ពីរ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​បោះឆ្នោត គឺ​នៅ​ថ្ងៃទី​៣០ ខែ​មិថុនា ឆ្នាំ​២០២៣ អ្នកស្រី រឿន កូលាប បាន​ដាក់​សុំ​ច្បាប់​ឈប់​សម្រាក​តាម​ច្បាប់​ការិយាល័យ​រដ្ឋបាល ស្រាប់តែ​ក្រុមហ៊ុន​ប្រគល់​នូវ​លិខិត​បញ្ឈប់​ពី​ការងារ​ទៅវិញ ក្រោម​មូលហេតុ​ថា ការ​ដេរ​ខោអាវ​របស់​អ្នកស្រី​មិន​គ្រប់​ចំនួន​កំណត់​តាម​តម្រូវការ​របស់​ក្រុមហ៊ុន។

យ៉ាងណា​ក៏ដោយ ហេតុផល​នៃ​ការ​បញ្ឈប់​នេះ ត្រូវ​គេ​មើល​ឃើញ​ថា គឺ​ខុស​ពី​ការពិត​ទាំងស្រុង ព្រោះ​ថា​អ្នកស្រី​តែង​ទទួល​បាន​ប្រាក់​រង្វាន់​រាល់​ខែ​ចំពោះ​លទ្ធផល​ការងារ​របស់​ខ្លួន​ដូច​កម្មករ​ដទៃ​ទៀត​ដែរ ហើយ​អ្នកស្រី​ក៏​មិន​ដែល​ទទួល​ការ​ស្ដីបន្ទោស ឬ​ព្រមាន​អ្វី​ពី​ថ្នាក់លើ​ម្តង​ណា​ឡើយ។

មាត្រា​៦៧ និង​មាត្រា​៤៣ នៃ​ច្បាប់​ស្ដីពី​សហជីព ចែង​ថា បេក្ខជន​ដែល​ជាប់​ឆ្នោត​ជា​ថ្នាក់ដឹកនាំ​សហជីព ត្រូវ​ទទួល​បាន​ការ​ការពារ​ពិសេស ហើយ​រាល់​ការ​បញ្ឈប់​បេក្ខជន​ណា​ម្នាក់ លុះត្រាតែ​មាន​ការ​យល់ព្រម​ពី​អធិការកិច្ច​ការងារ។

ចំណែក​មាត្រា​៦២ និង​មាត្រា​៦៣ នៃ​ច្បាប់​ស្ដីពី​សហជីព ចង្អុល​បង្ហាញ​កាន់តែ​ច្បាស់​ពី​ការ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បញ្ចប់ ឬ​យក​ហេតុផល​នៃ​ការ​មិន​បន្ត​កិច្ចសន្យា​ចំពោះ​កម្មករ​ដែល​ចូលរួម​ក្នុង​សកម្មភាព​សហជីព​នោះ​ឡើយ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស