27 C
Phnom Penh

តុលាការ​បង្ហាញ​វីដេអូ​ភស្តុតាង​របស់​លោក អាឡិច ជុំវិញ​សំណុំរឿង​រួម​គំនិត​ក្បត់ និង​ប្រមាថ​អង្គ​ព្រះមហាក្សត្រ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បង្ហាញ​វីដេអូ​ភស្តុតាង​ចំនួន ៧​ឃ្លីប ជុំវិញ​សំណុំរឿង​ដែល​រង​នូវ​ការ​ចោទប្រកាន់​ពី​បទ រួម​គំនិត​ក្បត់ និង​ប្រមាថ​អង្គ​ព្រះមហាក្សត្រ របស់​សកម្មជន​ចលនា​មាតា​ធម្មជាតិ។

នៅ​ក្នុង​ខ្លឹមសារ​ក្នុង​វីដេអូ​ទាំងនោះ ភាគច្រើន​គឺជា​ការ​លើកឡើង​របស់​ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ​អំពី​ការ​ការពារ​បរិស្ថាន និង​មូលហេតុ​ដែល​នាំ​ឱ្យ​មាន​ការ​បំផ្លាញ​បរិស្ថាន​នៅ​កម្ពុជា​ប៉ុណ្ណោះ។

តុលាការ​ក្រុង​ភ្នំពេញ បាន​បន្ត​បើក​សវនាការ​លើក​ទី​៤ លើ​សំណុំរឿង​សកម្មជន​ចលនា​មាតា​ធម្មជាតិ នៅ​ថ្ងៃទី​១៧ ខែ​មិថុនា ឆ្នាំ​២០២៤ នេះ ដោយ​ការ​ចាក់​វីដេអូ​របស់​ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ​លោក អាឡិច ហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន ដែល​បាន​លើកឡើង​ពី​ផែនការ​មួយ​ចំនួន​ក្នុង​ការ​ការពារ​បរិស្ថាន​នៅ​កម្ពុជា និង​បាន​រិះគន់​ពី​ការ​ដឹកនាំ​នៃ​របប​ត្រកូល​ហ៊ុន ព្រមទាំង​និយាយ​អំពី​វិធី​ផ្លាស់ប្ដូរ​ការ​ដឹកនាំ​នៃ​គ្រួសារ​ត្រកូល​ហ៊ុន​ដោយ​សន្តិវិធី​ផង​ដែរ។

តុលាការ​ក្រុង​ភ្នំពេញ បាន​ចាក់​ឃ្លីប​វីដេអូ​មួយ​ដែល​លោក អាឡិច លើកឡើង​ពី​ការ​ប្រមូល​ថវិកា​នៅ​បរទេស ដើម្បី​ផ្គត់ផ្គង់​សកម្មភាព​ការពារ​បរិស្ថាន​របស់​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ផង​ដែរ ដែល​វីដេអូ​នេះ​ទំនង​ជា​ភស្តុតាង​ដែល​អាជ្ញាធរ​បាន​ចោទ​ថា សកម្មជន​បរិស្ថាន​ទាំងនេះ​ទទួល​បាន​ថវិកា​ពី​បរទេស​ដែល​មាន​អង្គការ​ចាត់តាំង​នា​ពេល​កន្លង​មក។

ខ្លឹមសារ​ក្នុង​វីដេអូ​ទាំងនេះ បាន​បង្ហាញ​ពី​ការ​បកស្រាយ​របស់​លោក អាឡិច ដែល​បញ្ជាក់​ថា ថវិកា​ទាំងនោះ​មិន​បាន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​នោះ​ទេ ត្បិត​ជា​មូលនិធិ​សម្រាប់​គម្រោង​ការពារ​បរិស្ថាន​តែប៉ុណ្ណោះ ព្រោះ​ថា​បើ​គ្មាន​ការ​ការពារ​បរិស្ថាន​ពី​សកម្មជន​ទាំងនេះ​ទេ ធនធាន​ធម្មជាតិ​របស់​ខ្មែរ​នានា ដូចជា រ៉ែ​មាស រ៉ែ​ខ្សាច់ រ៉ែ​ថ្ម ឬ​រ៉ែ​ធ្យូងថ្ម ជាដើម នឹង​រង​នូវ​ការ​បំផ្លាញ​ធ្ងន់ធ្ងរ​ដោយសារតែ​ការ​ដឹកនាំ​គ្មាន​តម្លាភាព​របស់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​ត្រកូល​ហ៊ុន​សព្វថ្ងៃ​នេះ។

សវនាការ​នៅ​ថ្ងៃទី​១៧ ខែ​មិថុនា ឆ្នាំ​២០២៤ នេះ មាន​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ចំនួន ៥​នាក់​ចូលរួម​ក្នុង​ចំណោម​សកម្មជន​ទាំង ១០​នាក់ ដែល​រង​នូវ​ការ​ចោទប្រកាន់​ពី​បទ «ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ និង​រួម​គំនិត​ក្បត់» ដូចជា កញ្ញា ភួន កែវរស្មី, កញ្ញា ឡុង គន្ធា, លោក លី ចាន់ដារ៉ាវុត, លោក យីម លាងហ៊ី និង​លោក ថុន រដ្ឋា ជាដើម។

ចំណែក​សកម្មជន​បរិស្ថាន ៥​នាក់​ទៀត រួម​មាន​កញ្ញា ស៊ុន រដ្ឋា, លោក ប៉ិញ ពិសិដ្ឋ, អ្នកស្រី រ៉ី រក្សា, លោក ពក ខឿយ និង​លោក អាឡិច ហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន នៅតែ​អវត្តមាន​ក្នុង​សវនាការ​នេះ​ដដែល ប៉ុន្តែ​ពួកគេ​អាច​នឹង​មាន​មេធាវី​តំណាង។

យ៉ាងណា​ក៏ដោយ សវនាការ​នៅ​ព្រឹក​នេះ តុលាការ​នៅតែ​មិន​អនុញ្ញាត​ឱ្យ​អ្នកគាំទ្រ ឬ​អ្នក​សារព័ត៌មាន​ណា​ចូល​ទៅ​ក្បែរ​តុលាការ​ដូច​មុន​ដដែល។

សកម្មជន​ចលនា​មាតា​ធម្មជាតិ កញ្ញា ភួន កែវរស្មី លើកឡើង​ក្រោយ​បញ្ចប់​សវនាការ​នៅ​ព្រឹក​នេះ​ថា ការ​ចាក់​វីដេអូ​ឃ្លីប​ដែល​អាជ្ញាធរ​ចាត់ទុក​ជា​ភស្តុតាង​ក្នុង​ការ​ចោទប្រកាន់​លើ​សកម្មជន​ចលនា​មាតា​ធម្មជាតិ ពី​បទ «ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ និង​រួម​គំនិត​ក្បត់» ប្រៀប​បីដូចជា​តុលាការ​កំពុង​ស្រាត​ខោ​ខ្លួនឯង​ទៅវិញ ដែល​ជា​រឿង​គួរ​ឱ្យ​អាម៉ាស់​ជាទីបំផុត។

សកម្មជន​បរិស្ថាន​រូប​នេះ​អះអាង​ថា ខ្លឹមសារ​ក្នុង​វីដេអូ​ទាំងនោះ​មិន​មាន​រូប​សកម្មជន​បរិស្ថាន​ណា​មួយ​ទេ គឺ​មាន​តែ​ការ​លើកឡើង​របស់​លោក អាឡិច ហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន តែប៉ុណ្ណោះ ដែល​និយាយ​អំពី​សកម្មភាព​ការពារ​បរិស្ថាន និង​ការ​លើកឡើង​របស់​សកម្មជន​ការពារ​ព្រៃឈើ​លោក ឈុត វុទ្ធី អំពី​សារសំខាន់​នៃ​ការ​ការពារ​ធនធាន​ធម្មជាតិ។

ប្រភព​ដដែល​បញ្ជាក់​ថា ក្នុង​ចំណោម​ឃ្លីប​វីដេអូ​ទាំងនេះ ក៏​មាន​ការ​រិះគន់​របស់​លោក អាឡិច ចំពោះ​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា​ដែល​មិន​អាច​អនុវត្ត​វិធានការ​ច្បាប់​លើ​ឧក្រិដ្ឋជន​ព្រៃឈើ ដូចជា ឧកញ៉ា ទ្រី ភាព ដែល​ល្បីល្បាញ​រកស៊ី​ឈើ​ខុស​ច្បាប់ ជាដើម ដែល​ការ​លើកឡើង​បែប​នេះ បាន​ធ្វើ​ឱ្យ​តុលាការ​រង​នូវ​ភាព​អាម៉ាស់​យ៉ាង​ខ្លាំង ព្រោះតែ​មិន​អាច​ធានា​នូវ​ប្រព័ន្ធ​យុត្តិធម៌​ដ៏​ស្អាតស្អំ​សម្រាប់​ប្រទេស​របស់​ខ្លួន​បាន​ក្នុង​នាម​ជា​ស្ថាប័ន​អនុវត្ត​ច្បាប់។

ទាក់ទិន​នឹង​បញ្ហា​នេះ ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ​លោក អាឡិច ហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ពេល​ថ្មីៗ​នេះ​ដោយ​ចាត់ទុក​មន្ត្រី​តុលាការ​កម្ពុជា​ដូចជា​ចៅក្រម និង​ព្រះរាជអាជ្ញា ជាដើម ជា​ក្រុម​ឧក្រិដ្ឋជន​ដែល​ពាក់​អាវ​ស្ថាប័ន​អនុវត្ត​ច្បាប់​ចាំ​ទទួល​បញ្ជា​ពី​អ្នក​មាន​អំណាច ធ្វើ​បាប​ពលរដ្ឋ​ស្លូតត្រង់។

លោក​បន្ថែម​ថា បើ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ចាប់​សកម្មជន​បរិស្ថាន​ទាំងនេះ​ដាក់​ពន្ធនាគារ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​វិនិយោគ និង​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​ធ្ងន់ធ្ងរ ដែល​ជា​ហេតុ​នាំ​ទៅ​ដល់​ការ​ប៉ះពាល់​សេដ្ឋកិច្ច​របស់​កម្ពុជា​ទាំងមូល​ទៅ​ថ្ងៃ​មុខ​ផង​ដែរ។

លោក អាឡិច លើកឡើង​ថា គ្រាន់តែ​សកម្មជន​បរិស្ថាន​យក​ទឹកទន្លេ​ទៅ​ពិនិត្យ​ពី​គុណភាព​ទឹក ក៏​រង​នូវ​ចោទ​ពី​បទ​ញុះញង់​ដែរ ដូច្នេះ​អ្នក​វិនិយោគ​នឹង​មាន​ការ​ខ្លាចរអា​ពី​ចំណាត់ការ​របស់​រដ្ឋាភិបាល​កម្ពុជា​លើ​សកម្មជន​បរិស្ថាន​ក្នុង​ករណី​នេះ ដែល​នេះ​ជា​សញ្ញា​មួយ​បញ្ជាក់​ថា​ជា​ប្រទេស​ដែល​មាន​ហានិភ័យ​ខ្ពស់។

ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ បញ្ជាក់​ថា បើ​តុលាការ​ចាត់ទុក​ថា​រូបលោក​ពិត​ជា​មាន​ទោស​មែន ហេតុ​អ្វី​តុលាការ​មិន​អនុញ្ញាត​ឱ្យ​លោក​ចូល​ក្នុង​សវនាការ ខណៈ​ការ​ស្នើសុំ​របស់​លោក​ចូល​ទៅ​តតាំង​ក្តី​ក្នុង​សវនាការ ក៏​រដ្ឋាភិបាល​កម្ពុជា​មិន​ដែល​ឆ្លើយតប​ដែរ​នោះ។

លោក​បញ្ជាក់​ថា ដីកា​ដែល​បញ្ជា​ឱ្យ​ចាប់​ខ្លួន​លោក ក៏​តុលាការ​មិន​បញ្ជូន​មក​សមត្ថកិច្ច​ប្រទេស​អេស្ប៉ាញ ដែរ ដែល​នេះ​បញ្ជាក់​ឱ្យ​ឃើញ​ថា តុលាការ​នេះ​គ្មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ​ឡើយ ហើយ​ជា​តុលាការ​ដែល​ចាំ​តែ​បម្រើ​នយោបាយ​ឱ្យ​បក្ស​កាន់​អំណាច ឬ​គ្រួសារ​ត្រកូល​ហ៊ុន​តែប៉ុណ្ណោះ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស