សាលាដំបូងរាជធានីភ្នំពេញ គ្រោងនឹងប្រកាសសាលក្រមសំណុំរឿងសកម្មជនចលនាមាតាធម្មជាតិ ក្រោមបទចោទប្រកាន់ «ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងរួមគំនិតក្បត់» នៅដើមខែកក្កដា ខាងមុខនេះ។
ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីតុលាការបញ្ចប់សវនាការសួរដេញដោលលើសកម្មជនចលនាមាតាធម្មជាតិ ៥នាក់ នៅថ្ងៃទី២៤ ខែមិថុនា នេះ។
ក្រុមសកម្មជនចលនាមាតាធម្មជាតិ បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ចេញពីសវនាការនៅថ្ងៃទី២៤ មិថុនា នេះថា តុលាការធ្វើសវនាការដោយសង្ខេបៗ ដោយមិនពិនិត្យភស្តុតាងដោះបន្ទុករបស់ពួកគេ ហើយធ្វើសេចក្តីសន្និដ្ឋានបញ្ចប់សវនាការតែម្ដង។ ក្រុមសកម្មជនចលនាមាតាធម្មជាតិទាំង ៥នាក់ បង្ហាញការខកចិត្តចំពោះតុលាការដែលបដិសេធសំណើសុំឱ្យតុលាការចាក់វីដេអូឃ្លីបដែលជាភស្តុតាងដោះបន្ទុករបស់ពួកគេ។
សកម្មជនចលនាមាតាធម្មជាតិ កញ្ញា ភួន កែវរស្មី លើកឡើងថា ពួកគេមិនបានប្រព្រឹត្តបទល្មើសដូចតុលាការចោទប្រកាន់ឡើយ។ កញ្ញាចាត់ទុកការចោទប្រកាន់លើពួកគេដែលជាអ្នកការពារបរិស្ថានធនធានធម្មជាតិពីបទ «ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងរួមគំនិតក្បត់» ថាជារឿងអយុត្តិធម៌។ កញ្ញាបញ្ជាក់ថា ទោះបីជាពួកគេរងការចោទប្រកាន់ ហើយប្រឈមនឹងការចាប់ឃុំខ្លួនជាថ្មីទៀតក៏ដោយ ក៏ពួកគេមិនបោះបង់ការងារការពារបរិស្ថានដែរ។
កញ្ញាបន្តថា លុយនិងអំណាច មិនអាចទិញទឹកចិត្តពួកគេឱ្យបញ្ឈប់សកម្មភាពការពារធនធានធម្មជាតិបានឡើយ។
សវនាការនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នេះ មានសកម្មជនចលនាមាតាធម្មជាតិចំនួន ៥នាក់ចូលរួមក្នុងចំណោមសកម្មជនទាំង ១០នាក់ដែលរងនូវការចោទប្រកាន់ពីបទ «ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងរួមគំនិតក្បត់» ដូចជា កញ្ញា ភួន កែវរស្មី, កញ្ញា ឡុង គន្ធា, លោក លី ចាន់ដារ៉ាវុត, លោក យីម លាងហ៊ី និងលោក ថុន រដ្ឋា ជាដើម។
ចំណែកឯសកម្មជនបរិស្ថាន ៥នាក់ទៀតរួមមានកញ្ញា ស៊ុន រដ្ឋា, លោក ប៉ិញ ពិសិដ្ឋ, អ្នកស្រី រ៉ី រក្សា, លោក ពក ខឿយ និងលោក អាឡិច ហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន នៅតែអវត្តមានក្នុងសវនាការនេះដដែល ប៉ុន្តែពួកគេអាចនឹងមានមេធាវីតំណាង។ សកម្មជនចលនាមាតាធម្មជាតិរួមមានកញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា និងលោក ថុន រដ្ឋា ធ្លាប់ជាប់ពន្ធនាគារជាង ១ឆ្នាំពីបទ «ញុះញង់» ពាក់ព័ន្ធទៅនឹងគម្រោងយុទ្ធនាការដើរតែម្នាក់ឯងរបស់កញ្ញា ឡុង គន្ធា ទៅកាន់គេហដ្ឋានរបស់អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ដើម្បីស្នើសុំឱ្យបញ្ឈប់ការលុបបឹងតាមោក ដែលនៅជាយរាជធានីភ្នំពេញ៕