បណ្ដាប្រទេសលោកសេរី និងអង្គការសហប្រជាជាតិ សម្ដែងការព្រួយបារម្ភ និងថ្កោលទោសចំពោះការផ្ដន្ទាទោស និងចាប់ខ្លួនទាំងកំរោល ព្រមទាំងបញ្ជូនសកម្មជនបរិស្ថានទាំងនោះទៅដាក់នៅពន្ធនាគារនៅខេត្តផ្សេងៗគ្នាពីសំណាក់តុលាការក្រោមបញ្ជារបស់រដ្ឋាភិបាលកម្ពុជា។
សហភាពអឺរ៉ុប និងប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិ កាលពីថ្ងៃទី០២ ខែកក្កដា បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកាត់ទោស និងចាប់ខ្លួនសកម្មជនចលនាមាតាធម្មជាតិ ដោយវិធានការ គឺការយាយីលើអ្នកការពារបរិស្ថាន និងសិទ្ធិមនុស្សនៅប្រទេសកម្ពុជា។
សហភាពអឺរ៉ុប អំពាវនាវឱ្យរដ្ឋាភិបាលគោរពគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ក៏ដូចជាសិទ្ធិក្នុងការសម្ដែងមតិដោយអហិង្សាផងដែរ។
ចំណែកឯសហរដ្ឋអាមេរិក និងអូស្ត្រាលី វិញ ក៏សម្ដែងការព្រួយបារម្ភ ដោយថាពួកគេនៅតែគាំទ្រសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន ដោយរួមទាំងសេរីភាពបញ្ចេញមតិ ការប្រមូលផ្ដុំតវ៉ាដោយសន្តិវិធី និងការចងក្រងជាក្រុមជាសមាគមដោយមិនមានការភ័យខ្លាចការចាប់ និងផ្ដន្ទាទោស ដែលនេះជាធាតុផ្សំសំខាន់នៃអភិបាលកិច្ចប្រជាធិបតេយ្យ។
ដោយឡែកអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យតុលាការពិនិត្យករណីនេះឡើងវិញតាមបណ្តឹងឧទ្ធរណ៍ ស្របតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ ពីព្រោះទិដ្ឋភាពជាច្រើននៃនីតិវិធីជំនុំជម្រះប្រហែលជាមិនអនុលោមតាមស្តង់ដាសិទ្ធិមនុស្សអន្តរជាតិ។
អង្គការសហប្រជាជាតិសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងដែលអាជ្ញាធរកម្ពុជា ប្រើប្រាស់បទចោទប្រកាន់ប្រមាថព្រះមហាក្សត្រ និងមាត្រាដទៃទៀតនៃក្រមព្រហ្មទណ្ឌកម្ពុជា ដើម្បីដាក់ទណ្ឌកម្មលើការអនុវត្តសិទ្ធិមនុស្ស។
ប្រភពដដែលក៏ជំរុញឱ្យអាជ្ញាធរពិនិត្យមើលឡើងវិញនូវការចោទប្រកាន់ដែលបានធ្វើឡើងប្រឆាំងនឹងសកម្មជនបរិស្ថាន និងអំពាវនាវឱ្យកម្ពុជារៀបចំការពិគ្រោះយោបល់ជាសាធារណៈទូលំទូលាយ ធ្វើការកែប្រែមាត្រាមួយចំនួននៃក្រមព្រហ្មទណ្ឌ ដើម្បីឱ្យស្របតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ។
រីឯអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានចេញសេចក្ដីថ្លែងការណ៍ដោយទាមទារឱ្យអាជ្ញាធរកម្ពុជា ត្រូវតែដោះលែងសកម្មជនចលនាមាតាធម្មជាតិជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។
ចំពោះអង្គការ រ៉ៃត៍ ឡាយលីហ៊ូត (Right Livelihood) ដែលផ្ដល់ពានរង្វាន់ដល់សកម្មជនចលនាមាតាធម្មជាតិ ក៏បានថ្កោលទោសការកាត់ទោសលើសកម្មជនបរិស្ថានទាំងនេះផងដែរ។
ចំណែកប្រធានអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ បានលើកឡើងថា យុវជនមាតាធម្មជាតិជាយុវជនស្លូតត្រង់ សកម្មក្នុងការការពារធនធានធម្មជាតិ និងការពារបរិស្ថាន ប៉ុន្តែតុលាការអាយ៉ងត្រកូលហ៊ុន បែរជាចោទប្រកាន់ចាប់ចងដាក់គុកធ្វើបាបបង្កើតការឈឺចាប់គ្រប់បែបយ៉ាង។
លោក សម រង្ស៊ី ជំរុញឱ្យរបបឪកូនត្រកូលហ៊ុន ត្រូវហ៊ានចេញមុខដោះស្រាយបញ្ហាសង្គម ជាជាងបំផ្លាញជីវិត និងអនាគតរបស់យុវជន។ លោកអំពាវនាវឱ្យដោះលែងយុវជនបរិស្ថានជាបន្ទាន់។
ប្រតិកម្មរបស់បណ្ដាប្រទេសប្រជាធិបតេយ្យ និងអង្គការអន្តរជាតិធំៗ រួមទាំងសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស និងមេដឹកនាំបក្សប្រឆាំងនេះ ធ្វើឡើងបន្ទាប់ពីតុលាការក្រោមបញ្ជាគ្រួសារត្រកូលហ៊ុន កាលពីថ្ងៃទី០២ ខែកក្កដា ប្រកាសសាលក្រមផ្ដន្ទាទោសលើសកម្មជនចលនាមាតាធម្មជាតិ ១០នាក់ ក្រោមបទចោទប្រកាន់រួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ ដើម្បីផ្តួលរំលំរដ្ឋាភិបាលកាលពីឆ្នាំ២០២១។
ក្រៅពីកាត់ទោសឱ្យពួកគេជាប់ពន្ធនាគារចន្លោះពី ៦ ទៅ ៨ឆ្នាំនោះ តុលាការក្រោមបញ្ជាគ្រួសារត្រកូលហ៊ុន ក៏បានចាប់ខ្លួនសកម្មជនចលនាមាតាធម្មជាតិ ៤នាក់ ក្នុងនោះមានកញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា លោក លី ចាន់ដារ៉ាវុត និងលោក ថុន រដ្ឋា ទាំងកំរោល ខណៈសកម្មជនម្នាក់ទៀតគឺលោក យីម លាងហ៊ី ត្រូវសមត្ថកិច្ចចាប់ខ្លួនអំឡុងពេលលោកកំពុងធ្វើដំណើរទៅតុលាការ ដើម្បីស្ដាប់ការប្រកាសសាលក្រម។
ពួកគេទាំង ៥នាក់ ត្រូវបានតុលាការក្រុងភ្នំពេញស្ថិតក្រោមបញ្ជារដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារតាមបណ្ដាខេត្តផ្សេងៗគ្នា ក្នុងនោះលោក យីម លាងហ៊ី ឃុំនៅពន្ធនាគារខេត្តកំពង់ស្ពឺ ហើយលោក លី ចាន់ដារ៉ាវុត ឃុំនៅពន្ធនាគារខេត្តកណ្តាល លោក ថុន រដ្ឋា ឃុំនៅពន្ធនាគារខេត្តត្បូងឃ្មុំ និងកញ្ញា ភួង កែវរស្មី ឃុំនៅពន្ធនាគារខេត្តពោធិ៍សាត់ ហើយកញ្ញា ឡុង គន្ធា ឃុំខ្លួននៅពន្ធនាគារខេត្តព្រះវិហារ។
អ្នកឃ្លាំមើលបញ្ហាសង្គម លោក សេង វណ្ណលី បានសរសេរនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃទី០៣ ខែកក្កដា ថា របបថ្មី ទារុណកម្មបែបថ្មី ប៉ុន្តែភាពឃោរឃៅដូចដើម។
លោកចាត់ទុកការបញ្ជូនសកម្មជនចលនាមាតាធម្មជាតិ ទាំង ៥នាក់ទៅឃុំនៅពន្ធនាគារផ្សេងៗគ្នា ថាគឺជាវិធីសាស្ត្រធ្វើទារុណកម្មដ៏ឃោរឃៅបំផុត មិនខុសពីរបបខ្មែរក្រហមឡើយ៕