អង្គការសង្គមស៊ីវិលចំនួន ៥៣ស្ថាប័ន ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចទម្លាក់ចោលការផ្ដន្ទាទោសលើសកម្មជនចលនាមាតាធម្មជាតិចំនួន ១០រូប ដោយដាក់ពន្ធនាគារពី ៦ ទៅ ៨ឆ្នាំ ដោយថាការកាត់ទោសនេះជារឿងគួរឱ្យអាម៉ាស់សម្រាប់ជាតិ។
សេចក្ដីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិលទាំង ៥៣ស្ថាប័ននៅថ្ងៃទី០៤ ខែកក្កដា ឱ្យដឹងថា សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញដែលបានផ្ដន្ទាទោសទៅលើសកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិចំនួន ១០រូប ដោយដាក់ពន្ធនាគារពី ៦ ទៅ ៨ឆ្នាំ ហើយចាប់ខ្លួនអ្នកទាំងនោះនៅថ្ងៃទី០២ ខែកក្កដា គឺជារឿងដែលគួរឱ្យអាម៉ាស់យ៉ាងខ្លាំងសម្រាប់ប្រទេសជាតិ។
អង្គការសិទ្ធិមនុស្សថាអាជ្ញាធរមានសមត្ថកិច្ចគួរតែស្តាប់ និងចូលរួមធ្វើការជាមួយយុវជន និងសកម្មជនបរិស្ថាន ហើយបញ្ឈប់ការចំណាយធនធានដើម្បីធ្វើទុក្ខបុកម្នេញ គំរាមកំហែង និងដាក់ទោសទៅលើយុវជនវ័យក្មេងដែលក្លាហាន និងមានឆន្ទៈខ្ពស់ក្នុងការការពារធនធានធម្មជាតិដ៏មានតម្លៃបំផុតរបស់កម្ពុជា។
ប្រភពដដែលថា សកម្មជន ៤រូបដែលរួមមានលោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុត កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ដោយអ្នកទាំង ៤នាក់បានជួបជុំជាមួយអ្នកគាំទ្រ និងគ្រួសាររបស់ពួកគេនៅខាងក្រៅតុលាការ ដើម្បីស្តាប់ការប្រកាសសាលក្រម ប៉ុន្តែកងកម្លាំងនគរបាលយ៉ាងតិចណាស់ ៥០នាក់ បានស្ទុះចូលទៅចាប់ខ្លួនដោយមានការអូសយ៉ាងកំរោល និងរុញច្រានពួកគេឱ្យចូលទៅក្នុងរថយន្តដែលបានត្រៀមទុក។
ក្រុមអង្គការសង្គមស៊ីវិលទាំងនោះថា ការបំបែកសកម្មជនទាំង ៥នាក់ទៅកាន់ពន្ធនាគារផ្សេងៗគ្នានៅទូទាំងប្រទេស ហើយឆ្ងាយពីផ្ទះរបស់ពួកគេ នឹងបន្ថែមនូវការឈឺចាប់ដែលសកម្មជន និងក្រុមគ្រួសាររបស់ពួកគេកំពុងទទួលរង។
អ្នកទាំងនោះមានដូចជា លោក យីម លាងហ៊ី បញ្ជូនទៅឃុំនៅពន្ធនាគារខេត្តកំពង់ស្ពឺ លោក លី ចាន់ដារ៉ាវុត បញ្ជូនទៅឃុំនៅពន្ធនាគារខេត្តកណ្តាល លោក ថុន រដ្ឋា បញ្ជូនទៅឃុំនៅពន្ធនាគារខេត្តត្បូងឃ្មុំ និងកញ្ញា ភួន កែវរស្មី បញ្ជូនទៅឃុំនៅពន្ធនាគារខេត្តពោធិ៍សាត់ ហើយកញ្ញា ឡុង គន្ធា បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តព្រះវិហារ។
ពួកគេចាត់ទុកទង្វើដែលមិនធ្លាប់មានពីមុនមកនេះ ថាជាការសម្រេចចិត្តមិនត្រឹមត្រូវរបស់អាជ្ញាធរមានសមត្ថកិច្ច ធ្វើឡើងក្នុងគោលបំណងបំបាក់ស្មារតីសកម្មជនយុវជន ក៏ដូចជាដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរដល់ក្រុមគ្រួសាររបស់ពួកគេ ដែលនឹងត្រូវធ្វើដំណើររាប់រយគីឡូម៉ែត្រទៅសួរសុខទុក្ខមនុស្សជាទីស្រឡាញ់ ឬផ្តល់សម្ភារៈសំខាន់ៗសម្រាប់ប្រើប្រាស់នៅក្នុងពន្ធនាគារដែលកំពុងមានការខ្វះខាតធនធាន។
ក្រុមអង្គការសង្គមស៊ីវិលទាំង ៥៣ស្ថាប័ន ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចទម្លាក់ចោលការផ្ដន្ទាទោសលើសកម្មជនចលនាមាតាធម្មជាតិ ដើម្បីធានាថាអ្នកទាំងនោះត្រូវបានដោះលែងដោយគ្មានលក្ខខណ្ឌ និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញទៅលើសកម្មជនបរិស្ថាន និងសិទ្ធិមនុស្សនៅកម្ពុជា៕