29 C
Phnom Penh

ILO ព្រមាន​ថា​កម្ពុជា​អាច​នឹង​ត្រូវ​កំណត់​ក្នុង​បន្ទាត់​ខ្មៅ​ចំនួន​ពីរ បើ​នៅតែ​បន្ត​ចាប់​ខ្លួន​សហជីព​ដោយ​បំពាន​ច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​ពលកម្ម​អន្តរជាតិ International Labour Organization (ILO) ព្រមាន​ថា កម្ពុជា​អាច​នឹង​ត្រូវ​បាន​កំណត់​ក្នុង​បន្ទាត់​ខ្មៅ​ចំនួន​ពីរ ឬ Double Footnotes ប្រសិនបើ​រដ្ឋាភិបាល​មិន​អាច​ចាត់​វិធានការ​ទប់ស្កាត់​ការ​ចាប់​ខ្លួន ការ​ឃុំ​ខ្លួន និង​កាត់ទោស​សហជីព ដែល​ផ្ទុយពី​អនុសញ្ញា​លេខ​៨៧ ស្ដីពី​សេរីភាព​នៃ​សមាគម​ទេ​នោះ។

គណៈកម្មាធិការ​នៃ​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) បាន​ចេញ​សេចក្ដី​ប្រកាស​លទ្ធផល​នៃ​សន្និសីទ​កំពូល​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស កាលពី​ដើម​ខែ​មិថុនា ឆ្នាំ​២០២៤ ដែល​ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៤ កក្កដា នេះ ស្ដីពី​ការ​ត្រួតពិនិត្យ​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​អនុវត្ត​ឱ្យ​បាន​ពេញលេញ​នូវ​ខ្លឹមសារ​នៃ​អនុសញ្ញា​លេខ​៨៧ ស្ដីពី​សេរីភាព​នៃ​សមាគម ដោយ​ផ្ដោត​លើ​សិទ្ធិ​សហជីព និង​សិទ្ធិ​ចរចា​ជា​សមូហភាព។

អង្គការ​ពលកម្ម​អន្តរជាតិ ជំរុញ​ឱ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​សមស្រប​ដើម្បី​សម្រួល​ដល់​ការ​ចុះឈ្មោះ​សហជីព​ដោយ​តម្លាភាព និង​ធានា​ថា​គ្មាន​ការ​ចោទប្រកាន់ ឬ​ដាក់​ទណ្ឌកម្ម​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​សកម្មភាព​សហជីព​ដោយ​សន្តិវិធី ព្រមទាំង​ធ្វើ​ឱ្យ​ប្រាកដ​ថា សហជីព​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ចំពោះ​ការ​ធ្វើ​សកម្មភាព​ដោយ​ស្រប​ច្បាប់ នឹង​ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ផង​ដែរ។

ជាង​នេះ​ទៀត រដ្ឋាភិបាល​ត្រូវតែ​បង្កើត​គោលការណ៍​បណ្តុះបណ្តាល​ជា​ប្រចាំ និង​ជា​ប្រព័ន្ធ​ដល់​មន្ត្រី​សាធារណៈ​ពាក់ព័ន្ធ​ទាំងអស់ ក្នុង​គោលបំណង​ធានា​ថា សកម្មភាព​សហជីព​ស្រប​ច្បាប់​មិន​ត្រូវ​បាន​បង្ក្រាប។

លើស​ពី​នេះ ត្រូវ​ចាត់​វិធានការ​សមស្រប​ដើម្បី​ធានា​ថា សហជីព​ទាំងអស់​មាន​សិទ្ធិ​តំណាង​ឱ្យ​សមាជិក​របស់​ពួកគេ​នៅ​ក្នុង​វិវាទ​សមូហភាព​ក្នុង​ដំណើរការ​បណ្តឹង​សារទុក្ខ​នៅ​កម្រិត​សហគ្រាស និង​ថ្នាក់​រដ្ឋមន្ត្រី ក៏ដូចជា​នៅ​ចំពោះ​មុខ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ផង​ដែរ។

អង្គការ ILO ទាមទារ​ឱ្យ​រដ្ឋាភិបាល​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ធ្វើ​ឱ្យ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ជា​ស្ថាប័ន​ប្រកប​ដោយ​ប្រសិទ្ធភាព និង​និរន្តរភាព​ក្នុង​ការ​ដោះស្រាយ​វិវាទ​ការងារ។

ជាង​នេះ​ទៀត ក៏​ត្រូវ​ផ្តល់​ព័ត៌មាន​ជាក់លាក់​ដែល​ស្នើ​ដោយ​គណៈកម្មាធិការ​អ្នកជំនាញ រួម​ជាមួយ​ព័ត៌មាន​លម្អិត​អំពី​វិធានការ​ដើម្បី​អនុវត្ត​អនុសាសន៍​របស់​ខ្លួន និង​លទ្ធផល​ដែល​សម្រេច​បាន​ផង​ដែរ។

កាលពី​ដើម​ខែ​មិថុនា ឆ្នាំ​២០២៤ អង្គការ​ពលកម្ម​អន្តរជាតិ (ILO) បាន​បើក​កិច្ចប្រជុំ​កំពូល​ត្រួតពិនិត្យ​ការ​អនុវត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​អនុសញ្ញា​លេខ​៨៧ ស្ដីពី សេរីភាព​នៃ​សមាគម ដែល​មាន​ការ​ចូលរួម​ពី​ភាគី​រដ្ឋាភិបាល ភាគី​និយោជក និង​ភាគី​ខាង​កម្មករ។

កិច្ចប្រជុំ​នេះ​ធ្វើឡើង​បន្ទាប់ពី​រក​ឃើញ​ថា កម្ពុជា​បាន​ខកខាន​អនុវត្ត​កាតព្វកិច្ច​របស់​ខ្លួន​ឱ្យ​បាន​ពេញលេញ​តាម​អនុសាសន៍​របស់​គណៈកម្មការ​ជំនាញ​ត្រួតពិនិត្យ​អនុសញ្ញា​ស្នូល​របស់​អង្គការ​ពលកម្ម​អន្តរជាតិ និង​អនុសាសន៍​របស់​បេសកកម្ម​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់​នៃ​គណៈកម្មការ​ជំនាញ​ត្រួតពិនិត្យ​អនុសញ្ញា​ស្នូល​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ចំនួន​ពីរ​លើក កាលពី​អំឡុង​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០២២ កន្លង​ទៅ។

ការ​ផ្តល់​អនុសាសន៍​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​អង្គការ​ពលកម្ម​អន្តរជាតិ បាន​កត់ត្រា​ការ​រឹតត្បិត​លើ​សិទ្ធិ​សេរីភាព​សហជីព​ជាច្រើន ដូចជា ការ​រំលោភ​បំពាន​លើ​សិទ្ធិ​សេរីភាព​បង្កើត​សហជីព ការ​រឹតត្បិត​លើ​សិទ្ធិ​សេរីភាព​ចរចា​ជា​សមូហភាព ការ​គាបសង្កត់​លើ​ការ​ចុះ​បញ្ជិកា​សហជីព និង​ការ​បង្ក្រាប​ទៅ​លើ​សកម្មភាព​ស្រប​ច្បាប់​របស់​សហជីព​ជាច្រើន​ទៀត។

សកម្មភាព​ទាំងនេះ ត្រូវ​បាន​ចាត់ទុក​ថា​ជា​សកម្មភាព​ផ្ទុយ​ពី​កាតព្វកិច្ច​របស់​ខ្លួន ដែល​បាន​ផ្តល់​សច្ចាប័ន​ក្នុង​ការ​អនុវត្ត​ឱ្យ​បាន​ពេញលេញ​តាម​អនុសញ្ញា​លេខ​៨៧ ស្ដីពី សេរីភាព​នៃ​សមាគម​ទាំងស្រុង។

ទាក់ទិន​នឹង​បញ្ហា​នេះ តំណាង​រដ្ឋាភិបាល​បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ​ថា ខ្លួន​នឹង​ពិចារណា​ឲ្យ​បាន​ហ្មត់ចត់ ហើយ​ប្រឹងប្រែង​ឱ្យ​អស់​ពី​សមត្ថភាព​ក្នុង​ការ​អនុវត្ត​អនុសាសន៍​ទាំងនោះ​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដោយ​ផ្អែក​លើ​ច្បាប់ និង​បទប្បញ្ញត្តិ​ដែល​មាន​ស្រាប់ និង​អនុសញ្ញា​ការងារ​អន្តរជាតិ​ក្នុង​នាម​កម្ពុជា​ជា​រដ្ឋ​ភាគី។

មាត្រា​១២ មាត្រា​២៦៦ និង​មាត្រា​២៦៧ នៃ​ច្បាប់​ស្ដីពី​ការងារ បាន​ហាមឃាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង​សហជីព ដែល​រួម​មាន ការ​ពិន័យ ការ​ផ្តាច់​កិច្ចសន្យា​ការងារ​ផង​ដែរ។

យ៉ាងណា​ក៏ដោយ ការ​រំលោភ​បំពាន​សិទ្ធិ​សេរីភាព​នៅតែ​ជា​បញ្ហា​ធ្ងន់ធ្ងរ​សម្រាប់​កម្ពុជា​សព្វថ្ងៃ​នេះ។ ជាក់ស្តែង មេដឹកនាំ​សហជីព កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ក្នុង​ពន្ធនាគារ ករណី​ចាប់​ខ្លួន​ប្រធាន​សហជីព វីង ស្តារ ស៊ូ លោក ជា ចាន់ និង​ករណី​ចាប់​ខ្លួន​លោក ម៉ម រិទ្ធី ប្រធាន​សហជីព​សហព័ន្ធ​សហជីព​កម្មករ​វិស័យ​ទេសចរណ៍​សេវាកម្ម​កម្ពុជា ជាដើម ដែល​នៅតែ​មិន​ទាន់​មាន​ដំណោះស្រាយ​សម្រាប់​ពួកគេ​នៅឡើយ​រហូត​ដល់​ពេលនេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ដើម​ខែ​មិថុនា ឆ្នាំ​២០២៤ មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា «សង់ត្រាល់» បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្ដីពី​ស្ថានភាព​សេរីភាព​របស់​សហជីព​ក្នុង​ប្រទេស​កម្ពុជា ថា​មាន​ការ​គំរាមកំហែង និង​ការ​បៀតបៀន ប៉ុន្តែ​របាយការណ៍​នេះ​បែរ​ជា​ត្រូវ​បាន​ក្រុម​សហជីព​ដែល​មាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល បដិសេធ និង​ដាក់​ពាក្យបណ្ដឹង​ទៅ​ក្រសួង​មហាផ្ទៃ ឲ្យ​មាន​ការ​ត្រួតពិនិត្យ​ប្រតិបត្តិការ​គណនី​ធនាគារ​របស់​អង្គការ​សង់ត្រាល់​ទៅវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស