រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បញ្ជាឱ្យស្រាវជ្រាវរកមុខមន្ត្រីថ្នាក់ដឹកនាំដែលពាក់ព័ន្ធនឹងករណីនាំចូលគ្រឿងញៀនជាង ២០គីឡូក្រាមពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា ដើម្បីយកមកដាក់ទោសទណ្ឌទៅតាមច្បាប់។
បើយោងតាមការចេញផ្សាយឲ្យដឹងលើទំព័រហ្វេសប៊ុករបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី៨ កក្កដា នេះ សមត្ថកិច្ចកម្ពុជាបានឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ា ម្នាក់ ហើយជាប់ពាក់ព័ន្ធច្រើនរហូតដល់មន្ត្រីជាន់ខ្ពស់នៃប្រទេសកម្ពុជា។
ប្រភពដដែលបានអះអាងថា មានថ្នាក់ដឹកនាំមួយចំនួននៅពីក្រោយ។ លោកកំពុងធ្វើការងារនេះ ត្រូវតែរកឱ្យឃើញ ដើម្បីយកមកដាក់ទោសទណ្ឌតាមច្បាប់។
លោក ស សុខា អះអាងថា សំណុំរឿងនាំចូលគ្រឿងញៀនជាង ២០គីឡូក្រាមនេះ ជាប់ពាក់ព័ន្ធនឹងតំបន់ភ្នំពេញ ជាពិសេសបណ្ដាក្លឹបកម្សាន្តមួយចំនួនបានបញ្ជាទិញ។ ហេតុនេះ សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ សហការគ្នាដើម្បីបង្ក្រាបខ្សែបណ្ដាញគ្រឿងញៀននេះ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង បានប្រាប់សារព័ត៌មានក្នុងស្រុកកន្លងមកថា លោកស្នើឱ្យអាជ្ញាធរបន្តស្រាវជ្រាវ និងស្វែងរកក្រុមឧក្រិដ្ឋជនគ្រឿងញៀន និងទប់ស្កាត់បណ្ដាញចែកចាយគ្រឿងញៀនតាមសហគមន៍។ លោកក៏អំពាវនាវឲ្យពលរដ្ឋ ចូលរួមសហការលើកិច្ចការងារនេះផងដែរ ដើម្បីឈានទៅកាត់បន្ថយគ្រឿងញៀនក្នុងប្រទេស។
មន្ត្រីប្រឆាំងគ្រឿងញៀននៅប្រទេសកម្ពុជា លើកឡើងថា ក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២៤ នេះ គេបានបង្ក្រាបបទល្មើសគ្រឿងញៀនជិត ២០០ករណី (១៨១ករណី) ឃាត់ខ្លួនជនសង្ស័យបានជាង ៥០០នាក់ (៥៤៨នាក់) និងរឹបអូសគ្រឿងញៀនបានជិត ២តោន (១តោន ៧៨៣គីឡូក្រាម)។
ប្រភពដដែលលើកឡើងថា ក្រៅពីប្រតិបត្តិការបង្ក្រាបរបស់មន្ទីរប្រឆាំងគ្រឿងញៀន ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំង២៥ ក៏បានបង្ក្រាបករណីគ្រឿងញៀនបានជាង ១ពាន់ករណី (១៦៣១ករណី) និងឃាត់ខ្លួនជនសង្ស័យជិត ៤ពាន់នាក់ (៣៩០៣នាក់) ព្រមទាំងរឹបអូសគ្រឿងញៀនបានជាង ៨០គីឡូក្រាមផងដែរ៕