តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន អះអាងថា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន គឺជាបុគ្គលដែលវង្វេងប្រវត្តិសាស្ត្រជាតិ និងត្រូវសុំទោសពលរដ្ឋខ្មែរក្រោមជាសាធារណៈ បន្ទាប់ពីអ្នកនាំពាក្យរូបនេះថា «ពលរដ្ឋខ្មែរកម្ពុជាក្រោម គឺជាជនជាតិវៀតណាម»។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងលោក អ៊ុំ សំអាន ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៥ កក្កដា នេះថា ពលរដ្ឋខ្មែរក្រោមមានសញ្ជាតិវៀតណាម ប៉ុន្តែពួកគាត់គឺជាជនជាតិខ្មែរ សូម្បីអត្តសញ្ញាណប័ណ្ណដែលចេញដោយអាជ្ញាធរវៀតណាម ក៏ដោយ ក៏បញ្ជាក់ថាពួកគេជាពលរដ្ឋខ្មែរដែរ។
ប្រភពដដែលថា លោក សុខ ឥសាន មិនគួរកើតមកជាជនជាតិខ្មែរទេ សមតែកើតមកជាជនជាតិវៀតណាម ព្រោះថាបើផ្អែកលើប្រវត្តិសាស្ត្រ និងផ្លូវច្បាប់ គឺនៅតែអាចបញ្ជាក់បានថា ពលរដ្ឋខ្មែរក្រោម គឺជាខ្មែរ មិនមែនវៀតណាម ដាច់ខាត។
លោក អ៊ុំ សំអាន បញ្ជាក់ថា ការអះអាងរបស់លោក សុខ ឥសាន ក៏មានមូលហេតុផ្សេងដែរ ព្រោះគណបក្សប្រជាជនកម្ពុជា ត្រូវបានបង្កើតឡើងដោយវៀតណាម ខណៈលោក ហ៊ុន សែន ក៏ត្រូវលើកបន្តុបដោយវៀតណាម ដែរ ដូច្នេះអ្វីៗដែលពួកគេធ្វើ គឺដើម្បីវៀតណាម ទាំងអស់។
លោក សុខ ឥសាន បានអះអាងថា ពលរដ្ឋខ្មែរកម្ពុជាក្រោមទាំងអស់ គឺជាជនជាតិវៀតណាម ចាប់តាំងពីបារាំង ប្រគល់ទឹកដីកូសាំងស៊ីន ឬទឹកដីកម្ពុជាក្រោម ឱ្យវៀតណាម កាលពីឆ្នាំ១៩៤៩ មកនោះ។
លោកថា ពិតមែនតែពលរដ្ឋខ្មែរក្រោមចាត់ទុកខ្លួនឯងថាជាខ្មែរ ប៉ុន្តែអត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែនរបស់ពួកគេ បានកំណត់ថា អ្នកទាំងនោះគឺជាជនជាតិវៀតណាម ព្រោះនេះជាគោលការណ៍ច្បាប់។
ជុំវិញបញ្ហានេះ ពលរដ្ឋខ្មែរក្រោមដែលល្បីល្បាញលើបណ្ដាញសង្គមហ្វេសប៊ុកមួយរូបឈ្មោះលោក ថាច់ សាថេន ស្នើឱ្យលោក សុខ ឥសាន ទៅលេងទឹកដីកម្ពុជាក្រោម ដើម្បីស្វែងយល់ឱ្យដឹងច្បាស់ថា តើពលរដ្ឋខ្មែរក្រោមជាជនជាតិវៀតណាម មែនដែរឬក៏អត់។
លោកថា បើផ្លូវច្បាប់កំណត់ថាពលរដ្ឋខ្មែរក្រោមជាជនជាតិវៀតណាម ម្ល៉េះមកដល់ថ្ងៃនេះគ្មានអក្សរខ្មែរតាមវត្តអារាម និងសាលារៀនទេ។ ជាងនេះទៀត ប្រពៃណីខ្មែរក៏បាត់បង់ដែរ ដូច្នេះភស្តុតាងទាំងនេះបង្ហាញថា វៀតណាមនៅតែទទួលស្គាល់ថាពលរដ្ឋខ្មែរក្រោម គឺជាខ្មែរ។
ទាក់ទិននឹងបញ្ហានេះ ក្នុងព្រះរាជសាររបស់សម្តេចព្រះនរោត្តម សីហនុ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០៦ សរសេរថា ព្រះអង្គសូមគាំទ្រសំណើទាមទារសិទ្ធិមួយចំនួនរបស់ជនជាតិខ្មែរដែលមានដើមកំណើតនៅកម្ពុជាក្រោម ដែលមិនទាន់មានសិទ្ធិទទួលបានអត្តសញ្ញាណប័ណ្ណ បណ្ណគ្រួសារ ការចុះបញ្ជីអត្រានុកូលដ្ឋាន និងលិខិតឆ្លងដែន។ល។
ជាងនេះទៀត សម្តេចព្រះនរោត្តម សីហនុ បានថ្លែងថា ចំពោះខ្មែរទាំងប្រុសទាំងស្រីដែលរស់នៅប្រទេសកម្ពុជា ត្រូវតែបានទទួលស្គាល់ជាខ្មែរពេញលក្ខណៈច្បាប់នៅលើទឹកដីកម្ពុជា ទោះបីជាពួកគេបានយកសញ្ជាតិរបស់បរទេសដែលគេកំពុងនៅក៏ដោយ។
ចំណែកអ្នកវិភាគនយោបាយ សង្គម និងជាប្រធានវេទិកាពលរដ្ឋលោក គឹម សុខ លើកឡើងថា ការអះអាងរបស់លោក សុខ ឥសាន គឺបង្ហាញពីការរើសអើង និងប្រមាថលើប្រជាពលរដ្ឋខ្មែរក្រោមយ៉ាងធ្ងន់ធ្ងរ ដែលប្រឆាំងនឹងសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិដើមទាំងស្រុង។ លោកថា ខ្មែរក្រោមគឺជាម្ចាស់ទឹកដីកម្ពុជាក្រោម មិនមែនជាជនជាតិភាគតិចដែលរស់នៅលើទឹកដីវៀតណាម ទេ។
នៅឆ្នាំ១៩៤៩ រដ្ឋាភិបាលបារាំង បានសម្រេចកាត់ទឹកដីកូសាំងស៊ីន ឬទឹកដីកម្ពុជាក្រោម ឱ្យវៀតណាម គ្រប់គ្រង ដោយគ្មានការឯកភាពពីព្រះមហាក្សត្រខ្មែរ ដែលបន្សល់ទុកឲ្យខ្មែរក្រោមជាច្រើនលាននាក់ដែលជាម្ចាស់ស្រុក រស់នៅលើទឹកដីកំណើតរបស់ខ្លួនក្រោមការគាបសង្កត់របស់វៀតណាម រហូតមកដល់សព្វថ្ងៃនេះ៕