សមាគមការពារសិទ្ធិមនុស្សអាដហុក ត្រៀមដាក់មេធាវីដើម្បីការពារក្តីឱ្យក្រុមសកម្មជនចលនាមាតាធម្មជាតិ ១០នាក់ ក្នុងការរៀបចំពាក្យបណ្តឹងប្តឹងទៅសាលាឧទ្ធរណ៍ ជំទាស់នឹងសាលក្រមកាត់ទោសរបស់សាលាដំបូងរាជធានីភ្នំពេញទៅលើពួកគេចន្លោះពី ៦ ទៅ ៨ឆ្នាំ ពីបទ «រួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ» ដោយសារតែសកម្មភាពការពារបរិស្ថាន។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១៦ ខែកក្កដា នេះថា សមាគមអាដហុក នឹងដាក់មេធាវីចុះទៅជួបកូនក្ដីផ្ទាល់នៅតាមពន្ធនាគារនីមួយៗ បន្ទាប់ពីរៀបចំឯកសាររួចរាល់។
ប្រភពដដែលអះអាងថា ការប្ដឹងទៅឧទ្ធរណ៍នេះ អាចនឹងមានលទ្ធផលវិជ្ជមានដល់ក្រុមសកម្មជនដែលកំពុងជាប់ឃុំទាំងអស់នោះ ប្រសិនបើតុលាការសម្រេចក្តីដោយឈរលើគោលការណ៍ឯករាជ្យ ផ្អែកលើអង្គហេតុ និងអង្គច្បាប់ត្រឹមត្រូវ។
លោកថា ប្រសិនបើតុលាការសម្រេចក្តីមិនឯករាជ្យ នោះសកម្មជនចលនាមាតាធម្មជាតិ ក៏មិនខុសពីសកម្មជនសង្គម និងសកម្មជននយោបាយផ្សេងនោះទេ ដែលពិបាកក្នុងការទទួលបានសេរីភាពឡើងវិញ។
ចំណែកអតីតអ្នកនាំពាក្យសមាគមអាដហុក ដែលកំពុងនិរទេសរស់នៅក្នុងប្រទេសអូស្ត្រាលី ដោយសារតែបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា បានថ្លែងថា សកម្មជនទាំងអស់នោះមិនត្រឹមតែអាជ្ញាធរដោះលែងឲ្យមានសេរីភាពនៅក្នុងបណ្តឹងសារទុក្ខរបស់ខ្លួននោះទេ ប៉ុន្តែថែមទាំងផ្តល់នូវតម្លៃនៃការលះបង់របស់ពួកគេក្នុងការការពារបរិស្ថានដើម្បីសង្គមជាតិកម្ពុជា។
លោកថា សកម្មជនទាំងអស់នោះមិនបានធ្វើសកម្មភាពដើម្បីផលប្រយោជន៍គ្រួសារផ្ទាល់ខ្លួននោះទេ ប៉ុន្តែពួកគេបានលះបង់សេចក្តីសុខផ្ទាល់ខ្លួនដើម្បីសង្គមជាតិ។
ប្រភពដដែលបានអះអាងថា តាមការសង្កេតឃើញរបស់លោកកន្លងមក អ្នកដែលការពារបរិស្ថានធ្វើការដើម្បីសង្គម មិនត្រូវបានលើកតម្កើងនោះទេ តែងតែប្រឈមនឹងគុកច្រវាក់ ប៉ុន្តែអ្នកដែលបំផ្លាញធនធានធម្មជាតិ និងសង្គម ត្រូវបានតែងតាំងជាអ្នកឧកញ៉ា ឬតំណាងរាស្ត្រទៅវិញ។
តុលាការក្រោមបញ្ជាគ្រួសារត្រកូលហ៊ុន កាលពីថ្ងៃទី០២ ខែកក្កដា ប្រកាសសាលក្រមផ្ដន្ទាទោសលើសកម្មជនចលនាមាតាធម្មជាតិ ១០នាក់ ក្រោមបទចោទប្រកាន់រួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ ដើម្បីផ្តួលរំលំរដ្ឋាភិបាលកាលពីឆ្នាំ២០២១។
ក្រៅពីកាត់ទោសឱ្យពួកគេជាប់ពន្ធនាគារចន្លោះពី ៦ ទៅ ៨ឆ្នាំនោះ តុលាការក្រោមបញ្ជាគ្រួសារត្រកូលហ៊ុន ក៏បានចាប់ខ្លួនសកម្មជនចលនាមាតាធម្មជាតិ ៤នាក់ ក្នុងនោះមានកញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា លោក លី ចាន់ដារ៉ាវុត និងលោក ថុន រដ្ឋា ទាំងកំរោល ខណៈសកម្មជនម្នាក់ទៀតគឺលោក យីម លាងហ៊ី ត្រូវសមត្ថកិច្ចចាប់ខ្លួនអំឡុងពេលលោកកំពុងធ្វើដំណើរទៅតុលាការ ដើម្បីស្ដាប់ការប្រកាសសាលក្រម។
ពួកគេទាំង ៥នាក់ ត្រូវបានតុលាការក្រុងភ្នំពេញស្ថិតក្រោមបញ្ជារដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារតាមបណ្ដាខេត្តផ្សេងៗគ្នា ក្នុងនោះលោក យីម លាងហ៊ី ឃុំនៅពន្ធនាគារខេត្តកំពង់ស្ពឺ ហើយលោក លី ចាន់ដារ៉ាវុត ឃុំនៅពន្ធនាគារខេត្តកណ្តាល លោក ថុន រដ្ឋា ឃុំនៅពន្ធនាគារខេត្តត្បូងឃ្មុំ និងកញ្ញា ភួន កែវរស្មី ឃុំនៅពន្ធនាគារខេត្តពោធិ៍សាត់ ហើយកញ្ញា ឡុង គន្ធា ឃុំខ្លួននៅពន្ធនាគារខេត្តព្រះវិហារ៕