រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ព្រមានចាត់វិធានការចំពោះមន្ត្រី និងអ្នកទទួលការទាំងឡាយដែលមានការពាក់ព័ន្ធទៅនឹងភាពមិនប្រក្រតីក្នុងការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់។
យោងតាមលិខិតចុះថ្ងៃទី១៦ ខែកក្កដា ដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានព្រមានចាត់វិធានការចំពោះមន្ត្រីទាំងឡាយ និងអ្នកទទួលការណាដែលបានបំពានក្រមសីលធម៌វិជ្ជាជីវៈ ឬមានការពាក់ព័ន្ធទៅនឹងភាពមិនប្រក្រតីក្នុងការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់។
ប្រភពដដែលបានអះអាងថា ត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់ចំពោះមន្ត្រីរាជការ សមាជិកក្រុមប្រឹក្សា ស្មៀនឃុំ-សង្កាត់ អ្នកទទួលការទាំងឡាយណាដែលបានប្រព្រឹត្តកំហុសឆ្គងបំពានក្រមសីលធម៌វិជ្ជាជីវៈ ដោយមិនបានអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួន ឬមានការពាក់ព័ន្ធទៅនឹងភាពមិនប្រក្រតី ការគប់គិត ការក្លែងបន្លំ ការបង្ខិតបង្ខំ ឬការប្រព្រឹត្តអំពើពុករលួយផ្សេងៗក្នុងការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់។
លោក ស សុខា បញ្ជាក់ថា កន្លងមក ក្រសួងមហាផ្ទៃ សង្កេតឃើញថាមានភាពមិនប្រក្រតីកំពុងកើតមានឡើងគួរឱ្យកត់សម្គាល់ ពាក់ព័ន្ធនឹងការអនុវត្តគម្រោងមូលនិធិឃុំ-សង្កាត់ បណ្តាលមកពីការមិនយកចិត្តទុកដាក់ និងភាពទន់ខ្សោយនៃការគ្រប់គ្រង ចាត់ចែង ក្នុងកិច្ចដំណើរការអនុវត្តគម្រោង។
ប្រភពដដែលបានអះអាងថា ក្រសួងមហាផ្ទៃ ជាញឹកញាប់ទទួលបានបណ្តឹងជាលាយលក្ខណ៍អក្សរតាមប្រព័ន្ធតេឡេក្រាម និងតាមទូរសព្ទពីអ្នកទទួលការមួយចំនួនពាក់ព័ន្ធនឹងការអនុវត្តគម្រោងមូលនិធិឃុំ-សង្កាត់របស់មន្ត្រីទីចាត់ការផែនការ និងវិនិយោគរាជធានី-ខេត្តមួយចំនួន។
នៅក្នុងលិខិតដដែល បញ្ជាក់ថា ករណីរកឃើញកំហុសឆ្គងនៅក្នុងការអនុវត្តការងារ មន្ត្រី និងអ្នកពាក់ព័ន្ធ នឹងត្រូវចាត់វិធានការស្របតាមមាត្រា៨៤ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ចំពោះក្រុមប្រឹក្សាឃុំ-សង្កាត់។ ចំពោះមន្ត្រីរាជការស៊ីវិល ត្រូវចាត់វិធានការស្របតាមមាត្រា៤០ នៃច្បាប់ស្ដីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល។
ចំពោះអ្នកទទួលការ គឺត្រូវចាត់វិធានការស្របតាមចំណុច ៣.២.៧ និង ៣.១១ នៃសៀវភៅណែនាំស្ដីពីការអនុវត្តគម្រោងមូលនិធិឃុំ-សង្កាត់ និងត្រូវបញ្ចប់កិច្ចសន្យាចំពោះបុគ្គលិកជាប់កិច្ចសន្យា។ វិន័យទាំងនេះមិនរាប់បញ្ចូលនូវទោសទណ្ឌផ្សេងៗឡើយ។
អតីតអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានថ្លែងថា កន្លងមក លោកសង្កេតឃើញមានភាពមិនប្រក្រតីជាច្រើនក្នុងការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់សម្រាប់ការកសាងផ្លូវ ប្រឡាយទឹក និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនផ្សេងទៀត ដែលជាហេតុផ្តល់ផលប្រយោជន៍ដល់មន្ត្រីពុករលួយ និងអ្នកម៉ៅការទុច្ចរិត ដែលនាំឱ្យសំណង់គ្មានគុណភាព និងខាតបង់ថវិកាជាតិជាច្រើន។
ប្រភពដដែលអះអាងថា រាល់ការដេញថ្លៃគម្រោងមូលនិធិឃុំ ត្រូវធ្វើឡើងជាសាធារណៈ ឱ្យមានតម្លាភាព និងលុបបំបាត់ឱ្យខាងតែបានចៀសវាងការឃុបឃិតគ្នាក្នុងរូបភាពណាមួយជាដាច់ខាត ព្រោះនេះជាកញ្ចប់ថវិកាសម្រាប់ធ្វើការអភិវឌ្ឍក្នុងមូលដ្ឋាន៕