31 C
Phnom Penh

លោក អ៊ុំ សំអាន កោតសរសើរ​សកម្មជន​សង្គម​លោក ធែល ធីលែន ដែល​មិន​ចុះចាញ់​ភាព​អយុត្តិធម៌

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន កោតសរសើរ និង​ស្ញប់ស្ញែង​ពី​ភាព​ក្លាហាន​របស់​សកម្មជន​សង្គម លោក ធែល ធីលែន ដែល​បាន​តស៊ូ​រស់នៅ​ដ៏​លំបាក​ក្នុង​ពន្ធនាគារ មិន​ព្រម​ចុះចាញ់​អំពើ​អយុត្តិធម៌​អស់​រយៈពេល​ជិត ២​ឆ្នាំ។

លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៧ កក្កដា នេះ​ថា ការ​ចោទប្រកាន់ និង​ចាប់​ឃុំ​ខ្លួន​លោក ធែល ធីលែន គឺជា​រឿង​អយុត្តិធម៌​ជាទីបំផុត​សម្រាប់​រូបគេ ព្រោះ​ការ​ចាប់​សកម្មជន​រូប​នេះ​មិនមែន​ដោយសារ​គាត់​បាន​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​ទេ ប៉ុន្តែ​ដោយសារ​គាត់​ប្រឆាំង​នឹង​ផែនការ​វៀតណាម ឈ្លានពាន​កម្ពុជា​ប៉ុណ្ណោះ។

ប្រភព​ដដែល​លើកឡើង​ថា ការ​ប្រឆាំង​នឹង​ការ​បង្កើត​ដេប៉ាតឺម៉ង់​ភាសា​វៀតណាម និង​ការ​ប្រឆាំង​នឹង​ការ​ផ្តល់​បណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ពលរដ្ឋ​វៀតណាម ដែល​កំពុង​រស់នៅ​ដោយ​ខុស​ច្បាប់​លើ​ទឹកដី​ខ្មែរ គឺជា​ការ​ប្រឆាំង​នឹង​មហិច្ឆតា​ឈ្លានពាន​ទឹកដី​កម្ពុជា​ដ៏​ធំធេង​របស់​វៀតណាម ដែល​កំពុង​អនុវត្ត​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​លោក ហ៊ុន សែន ជា​អ្នក​ដឹកនាំ។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស បន្ត​ប្រឆាំង​នឹង​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា កុំ​ឱ្យ​អនុវត្ត​ផែនការ​ឈ្លានពាន​របស់​វៀតណាម ដោយ​ការ​ចាប់​សកម្មជន​សង្គម និង​អ្នក​នយោបាយ​ខ្មែរ​ស្នេហា​ជាតិ​បន្ត​ទៀត ព្រោះ​ប្រទេស​កម្ពុជា​ជា​រដ្ឋ​ឯករាជ្យ មិនមែន​ជា​រដ្ឋ​ចំណុះ​ឱ្យ​រដ្ឋាភិបាល​ដូច​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ជាង ៤០​ឆ្នាំ​កន្លង​មក​នេះ​ទេ។

កាលពី​ថ្ងៃទី​១៦ ខែ​កក្កដា ឆ្នាំ​២០២៤ សកម្មជន​សង្គម​លោក ធែល ធីលែន ត្រូវ​បាន​តុលាការ​ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើងវិញ បន្ទាប់ពី​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​កណ្ដាល រយៈពេល ១​ឆ្នាំ​កន្លះ ឬ ១៨​ខែ បន្ទាប់ពី​លោក​ប្រឆាំង​នឹង​ការ​ផ្ដល់​បណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ពលរដ្ឋ​វៀតណាម​ខុស​ច្បាប់​នៅ​កម្ពុជា​របស់​រដ្ឋាភិបាល។

លោក ធែល ធីលែន អះអាង​ក្រោយ​ចេញ​ពី​ពន្ធនាគារ​ថា ការ​ឃុំ​ខ្លួន​លោក​ជា​អំពើ​អយុត្តិធម៌ ព្រោះ​លោក​ជា​ជនរងគ្រោះ​នៃ​សំណុំរឿង​ដីធ្លី​ជាមួយ​សាច់ញាតិ ខណៈ​ដីធ្លី​របស់​លោក​ក៏​ត្រូវ​គេ​រឹបអូស​យក​ទាំង​អយុត្តិធម៌​ដែរ​អំឡុង​ពេល​រស់នៅ​ក្នុង​គុក។

លោក ធែល ធីលែន ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​៤ ខែ​តុលា ឆ្នាំ​២០២២ បន្ទាប់ពី​ជួប​ជាមួយ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ភ្លាមៗ។

យ៉ាងណា​ក៏ដោយ ក្រោយ​ពេល​ចាប់​ខ្លួន សាលាដំបូង​ខេត្ត​កណ្តាល បាន​ចោទប្រកាន់​ពី​បទ «លួច​លក់​អចលនវត្ថុ​របស់​អ្នក​ដទៃ» ដែល​បាន​ប្រព្រឹត្ត​កាលពី ៦​ឆ្នាំ​មុន ដែល​បញ្ហា​នេះ​ត្រូវ​រង​នូវ​ការ​រិះគន់​ថា​ជា​រឿង​នយោបាយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស