អាជ្ញាធរជាតិអប្សរាកម្ពុជា ថាប្រទេសកម្ពុជាកំពុងក្លាយជាទីតាំងប្រព្រឹត្តអំពើចោរកម្ម និងអំពើពុករលួយដ៏គួរឱ្យភ័យខ្លាចសម្រាប់ភ្ញៀវទេសចរ ខណៈរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក សុខ សូកេន គ្មានវិធានការល្អដើម្បីលើកស្ទួយវិស័យនេះ ក្រៅពីរៀបចំបន្ទប់នៅក្នុងក្រសួងដោយការបំពាក់កញ្ចក់មានប្រព័ន្ធស្វ័យប្រវត្តិដើម្បីកាត់ឆុង ឬកាត់ស៊យតែប៉ុណ្ណោះ។
មន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរជាតិអប្សរា ប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃទី១៧ កក្កដា នេះថា សព្វថ្ងៃនេះមានភ្ញៀវតែបន្តិចបន្តួចប៉ុណ្ណោះដែលចូលទៅទស្សនានៅតំបន់អង្គរ ប៉ុន្តែនៅពេលដែលភ្ញៀវទាំងនោះចូលដល់ប្រទេសកម្ពុជាភ្លាម ពួកគេតែងសាកសួរពីសន្តិសុខ ទាំងការស្នាក់នៅ ការធ្វើដំណើរកម្សាន្ត និងសន្តិសុខចំណីអាហារ ជាដើម ខណៈក្រសួងពាក់ព័ន្ធក៏មិនដែលត្រួតពិនិត្យគុណភាពចំណីអាហារសម្រាប់លក់ឱ្យភ្ញៀវដែរ។
ប្រភពដដែលបន្តថា រាល់ពេលដែលភ្ញៀវមានគ្រោះថ្នាក់ចៃដន្យដោយប្រការណាមួយពេលទស្សនានៅតំបន់អង្គរ ក៏មិនមានអាជ្ញាធរណាជួយសង្គ្រោះបឋមដល់ភ្ញៀវដែរ ខណៈអំពើឆបោក និងអំពើចោរកម្មនានា តែងកើតមាននៅក្នុងតំបន់អង្គរ ក្រោមអំពើពុករលួយរវាងជនឆបោក និងអាជ្ញាធរដែលយាមកាមនៅតាមប្រាសាទនីមួយៗ។
ជាក់ស្តែង បញ្ហាដែលធ្លាប់កើត គឺជនឆបោកខ្លះបានប្រើរូបភាពជាអង្គការក្រៅរដ្ឋាភិបាល និងសមាគម ដោយដើរសុំលុយពីភ្ញៀវទេសចរនៅតាមប្រាសាទនីមួយៗ ក្នុងនោះភ្ញៀវទេសចរខ្លះបានឱ្យលុយពួកគេរហូតរាប់រយដុល្លារអាមេរិកឯណោះ ប៉ុន្តែលុយទាំងនោះគឺត្រូវចែកគ្នាជាមួយអាជ្ញាធរយាមប្រាសាទ។
ក្រៅពីនេះ ក៏ធ្លាប់មានភ្ញៀវទេសចរជនជាតិចិនខ្លះបានលួចលុយក្នុងហោប៉ៅភ្ញៀវអឺរ៉ុបដែរ ប៉ុន្តែមន្ត្រីដែលមានឯកសណ្ឋានពណ៌ខៀវប្រចាំការនៅតាមប្រាសាទ បែរជានិយាយបិទភ្នែកខ្លះទៅកុំឱ្យមានរឿងច្រើនពេក។
ជាងនេះទៀត ក៏មានក្រុមអ្នកលក់ទៀនធូបខ្លះបង្ខំឱ្យភ្ញៀវទេសចរទិញធូបបន់ស្រន់កន្លែងសក្ការបូជាដែរ ដែលពួកគេតែងតែលក់ក្នុងតម្លៃថ្លៃ ដូចជា ធូប ១ដុំ ៥ដុល្លារ ជាដើម ប៉ុន្តែពេលភ្ញៀវឱ្យលុយក្រដាស ២០ដុល្លារ ឬ ៥០ដុល្លារ ជាដើម ពួកគេបន្លំអាប់លុយក្លែងក្លាយឱ្យភ្ញៀវវិញ។
មន្ត្រីដដែលនេះអះអាងថា អាជ្ញាធរប្រចាំការនៅតំបន់អង្គរខ្លះក៏បានសហការជាមួយក្មេងនៅក្បែរតំបន់អង្គរ ឱ្យលួចកាបូបលុយភ្ញៀវដែរ ដើម្បីយកលុយចែកគ្នា។ ពេលលួចចំកាបូបភ្ញៀវខ្លះ មានទាំងលិខិតឆ្លងដែនទៀត ប៉ុន្តែសម្រាប់លិខិតឆ្លងដែន ពួកគេមិនយកទេ គឺពួកគេបានយកលិខិតឆ្លងដែននោះទៅទុកនៅកន្លែងកំណត់ណាមួយ ដើម្បីឱ្យអាជ្ញាធរដែលជាក្រុមខ្លួនទៅយក ហើយធ្វើជារើសបាន ប៉ុន្តែនៅពេលដែលភ្ញៀវទៅយកលិខិតឆ្លងដែននោះវិញ គឺត្រូវបង់លុយជាថ្នូរ។
មន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរជាតិអប្សរារូបនេះបញ្ជាក់ថា បើនាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចង់ដឹងការពិត គួរស្តាប់ពីកង្វល់របស់មគ្គុទ្ទេសក៍ទេសចរណ៍ ព្រោះមគ្គុទ្ទេសក៍ទេសចរណ៍ច្រើនណាស់ដែលកំពុងបាត់បង់ការងារដោយសារគ្មានភ្ញៀវ។
មគ្គុទ្ទេសក៍ទេសចរណ៍ម្នាក់ប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃទី១៧ កក្កដា នេះដែរថា ពេលដែលរូបគេនាំភ្ញៀវពីភ្នំពេញទៅលេងប្រាសាទអង្គរវត្ត ពួកគេមិនហ៊ានឱ្យភ្ញៀវដើរឃ្លាតពីខ្លួនទេ ព្រោះអាចមានករណីចោរឆក់កាបូប ឬមានក្រុមមនុស្សសម្ដែងធ្វើជារាក់ទាក់ជាមួយភ្ញៀវដើម្បីសុំលុយ ជាដើម៕