37.5 C
Phnom Penh

លោក ហ៊ុន ម៉ាណែត ប្រាប់​ឱ្យ​ស្ថានទូត​នានា​ប្រចាំ​នៅ​កម្ពុជា​ប្រាប់​ពលរដ្ឋ​របស់​ខ្លួន​មក​លេង​ស្រុក​ខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​ស្ថានទូត​នានា​ប្រចាំ​នៅ​កម្ពុជា ប្រាប់​ពលរដ្ឋ​របស់​ខ្លួន​ឱ្យ​ទៅ​លេង​ស្រុក​ខ្មែរ ព្រោះ​ស្រុក​ខ្មែរ​មិនមែន​ជា​គោលដៅ​ចាប់​ជំរិត ឬ​មាន​ឧក្រិដ្ឋកម្ម​អនឡាញ និង​ការ​ជួញដូរ​មនុស្ស​ដូច​ការ​ផ្សព្វផ្សាយ​មួយ​ចំនួន​ឡើយ។

លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​បិទ​សន្និបាត​ក្រសួង​ទេសចរណ៍ កាលពី​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២៥ នេះ​ថា មិនមែន​កម្ពុជា​គ្មាន​បញ្ហា​ទាំងស្រុង​នោះ​ទេ គឺ​ធ្លាប់​មាន​បញ្ហា​ខ្លះ​ដែរ ប៉ុន្តែ​រដ្ឋាភិបាល​បាន​ចាត់​វិធានការ​ជាបន្តបន្ទាប់​ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ​ទាំងអស់​នេះ។

លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ទោះ​កម្ពុជា​មាន​បញ្ហា​ខ្លះ និង​ត្រូវ​បាន​ដោះស្រាយ​ហើយ​ក៏ដោយ ប៉ុន្តែ​ប្រសិនបើ​ផ្ដោត​តែ​រឿង​អវិជ្ជមាន ច្បាស់​ណាស់​កម្ពុជា​នឹង​ទៅ​ជា​កន្លែង​ខ្មៅ​ងងឹត​ជាមិនខាន ផ្ទុយទៅវិញ​ចំណុច​វិជ្ជមាន​របស់​កម្ពុជា​មាន​ច្រើន​ណាស់ ដូច្នេះ​គួរតែ​មាន​ការ​ជួយ​ផ្សព្វផ្សាយ​នូវ​ចំណុច​ល្អ​ទាំងនោះ​ឲ្យ​បាន​ច្រើន។

នាយករដ្ឋមន្ត្រី​ខ្មែរ​រូប​នេះ​អំពាវនាវ​ឱ្យ​ឯកអគ្គរាជទូត និង​ឯកអគ្គរដ្ឋទូត​ប្រចាំ​កម្ពុជា ក៏ដូចជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​បរទេស ជួយ​ផ្សព្វផ្សាយ​ពី​កិត្តិនាម​កម្ពុជា ពី​គោលដៅ​ទេសចរណ៍​កម្ពុជា ពី​បញ្ហា​សុខ​សុវត្ថិភាព​ទៅ​ដល់​ពលរដ្ឋ​របស់​ពួកគេ ខណៈ​រាជរដ្ឋាភិបាល​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​សុវត្ថិភាព​របស់​ពួកគេ និង​មិន​ឲ្យ​កម្ពុជា​ក្លាយ​ជា​គោលដៅ​នៃ​សកម្មភាព​ខ្មៅ​ងងឹត​របស់​ឧក្រិដ្ឋជន​ដាច់ខាត។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ លោក សេង វណ្ណលី បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​សុក្រ​ថា បញ្ហា​របស់​កម្ពុជា​គឺ​ស្ថិត​នៅ​ត្រង់​ថា តើ​កម្ពុជា​អាច​ធានា​សុវត្ថិភាព​កម្រិត​ណា ពីព្រោះ​កម្ពុជា​មាន​តំបន់​ទេសចរណ៍​ស្ទើរ​គ្រប់​ផ្នែក​ទៅ​ហើយ ដូចជា​ទេសចរណ៍​វប្បធម៌ គឺ​ទៅ​មើល​ប្រាសាទ​បុរាណ ទេសចរណ៍​ធម្មជាតិ គឺ​ទៅ​មើល​តំបន់​អេកូទេសចរណ៍ និង​កន្លែង​ទេសចរណ៍​ផ្សេងៗ​ទៀត។

លោក​ថា ប្រទេស​ជិតខាង​ក៏​មាន​បញ្ហា​មិន​ខុស​ពី​កម្ពុជា​ប៉ុន្មាន​ដែរ ប៉ុន្តែ​រដ្ឋាភិបាល​របស់​ប្រទេស​ទាំងនោះ​បាន​យកចិត្ត​ទុកដាក់​ក្នុង​ការ​បង្ក្រាប​យ៉ាង​ខ្លាំង ក្រោម​វិធានការ​ច្បាប់​ដែល​អាច​ផ្តល់​ទំនុកចិត្ត​ឱ្យ​ភ្ញៀវ​បរទេស​ទៅ​លេង​ប្រទេស​របស់​គេ។

អ្នកជំនាញ​នយោបាយ​ការទូត​អន្តរជាតិ​រូប​នេះ​អះអាង​ថា រដ្ឋាភិបាល​ព្រងើយ​កន្តើយ​ក្នុង​ការ​អនុវត្ត​ច្បាប់​លើ​ឧក្រិដ្ឋកម្ម​ជាច្រើន ជាពិសេស​អំពើ​ឧក្រិដ្ឋ​របស់​សមាជិក​ព្រឹទ្ធសភា​បក្ស​កាន់​អំណាច​លោក លី យ៉ុងផាត់ តែម្តង។

របាយការណ៍​អន្តរជាតិ ចេញ​ផ្សាយ​ពី​ឧក្រិដ្ឋកម្ម​ដែល​កើត​មាន​នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប្រចាំ​ឆ្នាំ​២០២៤ (Crime index in Southeast Asia – 2024) កាលពី​ចុង​ខែ​មករា បង្ហាញ​ថា កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​១ ជា​ប្រទេស​សម្បូរ​ឧក្រិដ្ឋកម្ម​ខ្លាំង​ជាងគេ​បំផុត​ក្នុង​ចំណោម​ប្រទេស​នៅ​តំបន់​អាស៊ាន៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស