ពលរដ្ឋរងគ្រោះជាង ២០០គ្រួសារដែលរស់នៅក្នុងភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប កំពុងត្រូវបានអាជ្ញាធរខេត្តសៀមរាប បណ្តេញចេញពីលំនៅឋានដោយការចាប់ដាក់គុកពីបទ កាប់គាស់ រុករានដីព្រៃ ក្នុងតំបន់ការពារសហគមន៍ជប់សោម ជាបន្តបន្ទាប់ ក្រោយទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនេះបានអូសបន្លាយអស់រយៈពេលជាង ១០ឆ្នាំ។
សាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ បានប្រកាសសាលក្រមផ្ដន្ទាទោសពលរដ្ឋខ្មែរជនជាតិដើមភាគតិចកួយមួយគ្រួសារ ដែលមានសមាជិក ៣នាក់ គឺអ្នកស្រី សាន ស្រែ និងលោក ប្រែង ហ៊ីង ឱ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ ពីបទ កាប់គាស់ រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃធ្វើជាកម្មសិទ្ធិ តាមមាត្រា៥៦ និងមាត្រា៦២ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។
ចំណែកប្អូនប្រុសបង្កើតរបស់អ្នកស្រី សាន ស្រែ គឺលោក សាន សិទ្ធ ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន ១ឆ្នាំដែរ ពីបទ ធ្វើឱ្យរាំងស្ទះដល់ការបំពេញភារកិច្ចរបស់មន្ត្រីរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ។
មុននឹងឈានដល់ការកាត់ទោសអ្នកស្រី សាន ស្រែ លោក ប្រែង ហ៊ីង និងលោក សាន សិទ្ធ តុលាការខេត្តសៀមរាប ក៏បានចាប់ឃុំខ្លួនលោក យ៉ែម ផល្លា ផងដែរកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ នេះ ដោយចោទប្រកាន់ថាបានរុករាន កាប់ឆ្ការ ឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ។
ពលរដ្ឋរងគ្រោះប្រមាណជា ២៥០គ្រួសារ រួមទាំងអ្នកស្រី សាន ស្រែ លោក ប្រែង ហ៊ីង លោក សាន សិទ្ធ និងលោក យ៉ែម ផល្លា បានតាំងទីលំនៅក្នុងភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ចាប់តាំងពីឆ្នាំ២០០០ មកម្ល៉េះ ដោយអាស្រ័យផលលើដំណាំផ្សេងៗ ដូចជា ស្វាយ ខ្នុរ ចេក និងដំណាំជាច្រើនទៀត។
យ៉ាងណាក៏ដោយ បន្ទាប់ពីសហគមន៍តំបន់ការពារធម្មជាតិ “ជប់សោម” ត្រូវបានបង្កើតឡើងនៅអំឡុងឆ្នាំ២០១២ ពលរដ្ឋទាំងនេះតែងមានបញ្ហាដីធ្លីជាបន្តបន្ទាប់។ រហូតដល់ឆ្នាំ២០២២ អាជ្ញាធរខេត្តសៀមរាប ក៏បានដាក់កម្លាំងចុះទៅបំផ្លាញទ្រព្យសម្បត្តិរបស់ពលរដ្ឋដោយផ្ទាល់តែម្តង ដោយចោទថាពួកគេបានរំលោភលើដីសហគមន៍តំបន់ការពារធម្មជាតិ “ជប់សោម”។
លោក យ៉ែម ផល្លា ដែលកំពុងជាប់ឃុំ បានអះអាងថា សព្វថ្ងៃនេះមានពលរដ្ឋជាង ២០០គ្រួសារកំពុងមានបញ្ហាជម្លោះដីជាមួយមន្ត្រីបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន។ លោកថា មន្ត្រីអាជ្ញាធរមូលដ្ឋានទាំងនេះបានបង្កើតសហគមន៍ជប់សោម ដែលស្ថិតក្នុងតំបន់ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ដោយគ្មានការចូលរួមពីប្រជាពលរដ្ឋឡើយ ដើម្បីគប់គិតគ្នាយកដីធ្លីរបស់ប្រជាពលរដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
ជម្លោះដីធ្លីនៅតំបន់នោះ បានបង្កបញ្ហាអស់រយៈពេលប្រមាណជា ១០ឆ្នាំ គឺនៅអំឡុងឆ្នាំ២០២២ អាជ្ញាធរខេត្តសៀមរាប ក៏បានដាក់កម្លាំងចុះដកបង្គោលរបងលើដីរបស់ពលរដ្ឋដោយផ្ទាល់តែម្តង ក្រោមហេតុផលថា ពលរដ្ឋទាំងនេះបានបោះបង្គោលរបងហ៊ុមព័ទ្ធដីព្រៃ «តំបន់ការពារធម្មជាតិជប់សោម» ដោយខុសច្បាប់។
រហូតដល់អំឡុងខែសីហា ឆ្នាំ២០២៣ ក៏មានមន្ត្រីបរិស្ថាន រួមជាមួយអាជ្ញាធរមូលដ្ឋាន និងក្រុមយោធាមួយចំនួន បានដាក់កម្លាំងទៅហាមឃាត់ពលរដ្ឋម្តងទៀតមិនឱ្យដាំស្វាយ ព្រមទាំងបានដកយកកូនស្វាយដែលពលរដ្ឋបានដាំនៅលើដីចម្ការរបស់អ្នកស្រី សាន ស្រែ និងលោក ប្រែង ហ៊ីង ផងដែរ។
ក្រោយអាជ្ញាធរចុះទៅបំផ្លាញដំណាំរបស់ពួកគាត់ និងមានការឈ្លោះប្រកែកគ្នា លោក សាន សិទ្ធ បានថតវីដេអូផ្សាយក្នុងបណ្ដាញសង្គមហ្វេសប៊ុកពីហេតុការណ៍នេះ ដោយការសួរនាំទៅកាន់មន្ត្រីទាំងនោះថែមទៀត ប៉ុន្តែប៉ុន្មានសប្តាហ៍ក្រោយមក អ្នកទាំងបីក៏ត្រូវតុលាការខេត្តសៀមរាប ធ្វើការចោទប្រកាន់តែម្តង។
ជុំវិញបញ្ហានេះ អ្នកស្រី សាន ស្រែ ធ្លាប់បានអះអាងថា អំឡុងឆ្នាំ២០០២ កម្មវិធីវាស់វែងដីធ្លីយុវជនស្ម័គ្រចិត្តរបស់អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន បានចុះវាស់វែងដីនៅតំបន់នោះដែរ ខណៈដីរបស់អ្នកស្រីក៏ត្រូវបានវាស់វែង និងទទួលបានផ្តល់លិខិតទទួលស្គាល់កម្មសិទ្ធិដីធ្លី ឬប្លង់ទន់ដែរពីក្រុមយុវជនទាំងនោះ។
ក្រុមអ្នកសង្កេតការណ៍រិះគន់ថា រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ដឹកនាំប្រទេសជាង ៤០ឆ្នាំហើយ ប៉ុន្តែសូម្បីកំណត់ការវាស់វែងដីធ្លីចែកជូនពលរដ្ឋឱ្យជាកម្មសិទ្ធិស្របច្បាប់ ក៏រដ្ឋាភិបាលមួយនេះមិនទាន់មានសមត្ថភាពធ្វើបានដែរ កុំថាដល់ទៅធ្វើឱ្យកម្ពុជាក្លាយប្រទេសអ្នកមាននៅឆ្នាំ២០៥០ នោះ។
អង្គការសិទ្ធិមនុស្សលើកលែងទោសអន្តរជាតិ (Amnesty International) លើកឡើងកាលពីពេលថ្មីៗនេះថា ប្រទេសកម្ពុជាកំពុងខ្វះប្រព័ន្ធច្បាប់គ្រប់គ្រងសិទ្ធិដីធ្លីច្បាស់លាស់ធ្ងន់ធ្ងរសព្វថ្ងៃនេះ បើទោះបីជាប្រទេសនេះបានទទួលយករបបប្រជាធិបតេយ្យកាលពីជាង ៣០ឆ្នាំមុនហើយក៏ដោយ ដែលនេះគឺស្រដៀងគ្នាទៅនឹងរបបខ្មែរក្រហម ដែលបានលុបចោលកម្មសិទ្ធិឯកជនក្រោយពួកគេកាន់កាប់ប្រទេសកម្ពុជាអំឡុងទសវត្សរ៍១៩៧០ ដូច្នោះដែរ៕