លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា (CWPUC) ដែលបានចេញមុខប្តឹងមន្ត្រីជាន់ខ្ពស់អង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ គឺជាប្រធានសាខាបក្សសហជីពរក្សាសិទ្ធិកម្មករកម្ពុជា ដែលត្រូវបានតែងតាំងដោយគណបក្សប្រជាជនកម្ពុជា។
មនុស្សជំនិតរបស់លោក ហង្ស រ៉ាវី មួយរូបបានទម្លាយប្រាប់សារព័ត៌មាន The Cambodia Daily ដោយបានលាតត្រដាងគ្មានសល់នូវភស្តុតាងជាឯកសារតែងតាំងជាច្រើនរបស់គណបក្សប្រជាជនកម្ពុជា ពាក់ព័ន្ធនឹងលោក ហង្ស រ៉ាវី កាលពីពេលថ្មីៗនេះ។
កាលពីអំឡុងឆ្នាំ២០១៧ លោក ហង្ស រ៉ាវី ត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យផ្តល់គោរមងារជាឯកឧត្តម មានឋានៈស្មើអគ្គនាយក និងធ្លាប់ជាសមាជិកអង្គភាពប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី ដែលធ្វើការជិតស្និទ្ធជាមួយអង្គភាពសារព័ត៌មានក្នុងការប្រតិកម្មទៅនឹងមតិរិះគន់លើរដ្ឋាភិបាលផងដែរ។
លោក ហង្ស រ៉ាវី នៅពេលនេះកំពុងសកម្មក្នុងការដឹកនាំសហជីពមួយចំនួនធ្វើទុក្ខបុកម្នេញលើមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) រួមទាំងសកម្មក្នុងការប្តឹងប្រធានគ្រប់គ្រងកម្មវិធីការងាររបស់អង្គការសង់ត្រាល់ គឺលោក ឃុន ថារ៉ូ ផងដែរ។
ឯកសារដែលត្រូវបានទម្លាយនោះ បានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ គណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានចេញលិខិតមួយអញ្ជើញលោក ហង្ស រ៉ាវី ដែលបញ្ជាក់ពីគោរមងារថាជា «ឯកឧត្តម» ឱ្យចូលរួមក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជានៅសាលមហោស្រពកោះពេជ្រ ដែលបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ដដែលនោះ។
បន្ទាប់មក នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ គណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានចេញលិខិតអញ្ជើញលោក ហង្ស រ៉ាវី ឱ្យចូលរួមប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្ដីពីការកែសម្រួលសមាសភាពរបស់គណៈចលនាសហជីពនៃគណៈចលនាមហាជន ក្នុងគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ នៅមន្ទីរគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បន្ទប់លេខ១០ ជាន់ទី២ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០។
ក្រោយមកទៀត នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ គណៈអចិន្ត្រៃយ៍របស់គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញដដែល បានចេញលិខិតអញ្ជើញលោក ហង្ស រ៉ាវី ម្តងទៀតឱ្យចូលរួមកិច្ចប្រជុំរបស់គណបក្សប្រជាជនកម្ពុជា។
លិខិតដដែលបញ្ជាក់សមាសភាពចូលរួមប្រជុំរួមមាន ឯកឧត្តម ហង្ស រ៉ាវី ប្រធានសាខាបក្សសហជីពរក្សាសិទ្ធិកម្មករកម្ពុជា និងសមាជិកសាខាបក្សចំនួន ១០រូប រួមទាំងសមាជិកគណបក្សតាមសហព័ន្ធសហជីពនៃសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជាចំនួន ១៥នាក់ទៀតផងដែរ។ កិច្ចប្រជុំនេះត្រូវធ្វើឡើងនៅមន្ទីរគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ អគារក្រោយ ជាន់ទី២ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។
ជាងនេះទៀត នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ គណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខណ្ឌពោធិ៍សែនជ័យ ក៏បានចេញលិខិតអញ្ជើញលោក ហង្ស រ៉ាវី ឱ្យចូលរួមកិច្ចប្រជុំសរុបរបាយការណ៍ប្រចាំខែមីនា ឆ្នាំ២០២៣ ផងដែរ ដើម្បីបន្តទិសដៅសម្រាប់ខែមេសា ចំពោះការងារកម្មករនិយោជិតក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។ កិច្ចប្រជុំនេះ ធ្វើឡើងនៅមន្ទីរគណៈកម្មាធិការគណបក្សខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ដដែលនោះ។
លើសពីនេះ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ លោក ហង្ស រ៉ាវី ដែលជាប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា (CWPUC) បានចូលរួមកិច្ចប្រជុំមួយដើម្បីដាក់របាយការណ៍ការងាររបស់ខ្លួនជូនអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ដោយបញ្ជាក់ថា សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា មានសហព័ន្ធសហជីពចំនួន១៦ និងសមាគមចំនួន៨ ដែលចំណុះឱ្យខ្លួនដែលមានសមាជិកសរុបប្រមាណជិត ៤ម៉ឺននាក់ (៣៩៩៧៨នាក់)។
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា ប្រធានសហជីពដែលមានតួនាទីជាសមាជិកនៃគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងធ្វើការជិតស្និទ្ធជាមួយគណៈកម្មការដោះស្រាយកូដកម្ម និងបាតុកម្មគ្រប់មុខសញ្ញា ដែលស្ថិតក្រោមក្រសួងការងារ សព្វថ្ងៃនេះ គ្រាន់តែជាយន្តការបង្កើតទ្បើងក្នុងការទប់ស្កាត់រាល់កូដកម្ម និងបាតុកម្មរបស់សហជីពនៅតាមបណ្តារោងចក្រ និងសហគ្រាសនានាប៉ុណ្ណោះ។
ឯកសារសម្ងាត់ដែលត្រូវបានមនុស្សជំនិតរបស់លោក ហង្ស រ៉ាវី ទម្លាយប្រាប់សារព័ត៌មាន The Cambodia Daily បានឲ្យដឹងថា លោក ហង្ស រ៉ាវី មិនត្រឹមតែជាប្រធានសាខាបក្សសហជីពរក្សាសិទ្ធិកម្មករកម្ពុជារបស់គណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះទេ មេដឹកនាំសហភាពសហជីពរូបនេះក៏មានតួនាទីជាមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត ដែរសព្វថ្ងៃនេះ។
ជាក់ស្តែង កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ លោក ហង្ស រ៉ាវី ត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ មានឋានៈស្មើអនុរដ្ឋលេខាធិការ ក្នុងចំណោមទីប្រឹក្សាដែលត្រូវបានតែងតាំងចំនួន ៣៨៧នាក់ ខណៈលោក ហង្ស រ៉ាវី ជាបុគ្គលដែលស្ថិតក្នុងលេខរៀងទី១៩៦។
កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ លោក ហង្ស រ៉ាវី ដែលជាប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានចេញមុខដឹកនាំសមាជិកក្នុងសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជាប្រមាណជាង ៤ម៉ឺននាក់ ប្តឹងប្រធានគ្រប់គ្រងកម្មវិធីការងាររបស់អង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ ដោយទាមទារសំណងលើបណ្តឹងលើកទី២ ក្នុងទំហំទឹកប្រាក់ជាង ២សែនដុល្លារអាមេរិក (២៤ម៉ឺនដុល្លារអាមេរិក)។
បណ្តឹងនេះធ្វើឡើងបន្ទាប់ពីបានចោទប្រកាន់ថា លោក ឃុន ថារ៉ូ បានប្រើពាក្យញុះញង់ធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ កិត្តិយស សេចក្តីថ្លៃថ្នូរ និងមានការរើសអើងសហជីពនៅកម្ពុជា បន្ទាប់ពីមន្ត្រីជាន់ខ្ពស់របស់អង្គការសង់ត្រាល់រូបនេះលើកឡើងជុំវិញការធ្លាក់ចុះសេរីភាពសហជីពមួយចំនួននៅកម្ពុជាសព្វថ្ងៃនេះ។
ក្រៅពីប្តឹងលោក ឃុន ថារ៉ូ ក្រុមសហជីពដែលចំណុះឱ្យសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា ដែលស្ថិតក្រោមការដឹកនាំរបស់លោក ហង្ស រ៉ាវី ក៏បានដាក់សំណើទៅក្រសួងមហាផ្ទៃ ឱ្យចាត់វិធានការលើអង្គការសង់ត្រាល់ ផងដែរ ជុំវិញរបាយការណ៍សង្គមស៊ីវិលមួយនេះ ដែលបានចេញផ្សាយស្ដីពីសិទ្ធិសេរីភាពរបស់សហជីពនៅកម្ពុជា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនោះ។
ក្រោយទទួលសំណើ និងញត្តិរបស់សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា រួមទាំងសំណើរបស់ក្រុមសហភាពសហព័ន្ធសហជីព និងសមាគមសរុបប្រមាណ ៤០ស្ថាប័ន នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ ក៏បានដាក់កំហិតឲ្យអង្គការសង់ត្រាល់ ដាក់ព័ត៌មានស្ដីពីគណនេយ្យដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា និងបានស្នើទៅកាន់អាជ្ញាធរសវនកម្មជាតិ ដាក់ឱ្យអង្គការក្រៅរដ្ឋាភិបាលមួយនេះស្ថិតក្រោមសវនកម្មរបស់អាជ្ញាធរសវនកម្មជាតិតែម្តង។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យរបស់អង្គការពលកម្មអន្តរជាតិ កម្មវិធី ILO Better Work បានអះអាងកាលពីពាក់កណ្តាលខែកក្កដា នេះថា របាយការណ៍របស់អង្គការសង់ត្រាល់ស្ដីពីសិទ្ធិសេរីភាពសហជីព ពិតជាមានសារសំខាន់ណាស់សម្រាប់ធ្វើការវាយតម្លៃចំពោះសេរីភាពសហជីពនៅកម្ពុជា។
អង្គការពលកម្មអន្តរជាតិ បញ្ជាក់ថា ខ្លួននឹងស្វែងរកឱកាសនានាដើម្បីពិភាក្សាស៊ីជម្រៅ និងធ្វើការទំនាក់ទំនងជាមួយអង្គការសង់ត្រាល់ និងសហជីពដើម្បីធ្វើឲ្យប្រសើរទ្បើងនូវសិទ្ធិសេរីភាពសហជីពនៅកម្ពុជាទៅថ្ងៃមុខ។
ជុំវិញបញ្ហានេះ អនុប្រធានវេទិកាពលរដ្ឋលោក ម៉ែន ណាត ចាត់ទុកចំណាត់ការរបស់ក្រសួងមហាផ្ទៃ លើអង្គការសង់ត្រាល់ ជាវិធានការបង្កប់ចរិតនយោបាយ ក្នុងបំណងចង់ឱ្យអង្គការក្រៅរដ្ឋាភិបាលមួយនេះចុះចូលជាមួយខ្លួន ឬបញ្ឈប់សកម្មភាព ឬរំលាយខ្លួនឯងដើម្បីងាយស្រួលក្នុងការគាបសង្កត់សិទ្ធិសេរីភាពសហជីពទៅថ្ងៃមុខ៕