31 C
Phnom Penh

អ្នក​ឃ្លាំមើល៖ តុលាការ​កម្ពុជា​កំពុង​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​និន្នាការ​នយោបាយ ជាជាង​រក្សា​លំនឹង​យុត្តិធម៌​និង​នីតិរដ្ឋ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​ត្អូញត្អែរ​ថា ការ​ផាក​ពិន័យ​ជា​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ទាវ វណ្ណុល ជា​រូបភាព​មួយ​បង្ហាញ​ឱ្យ​ពលរដ្ឋ និង​មជ្ឈដ្ឋាន​អន្តរជាតិ​មើល​ឃើញ​ថា តុលាការ​កំពុង​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​និន្នាការ​នយោបាយ ជាជាង​ការ​រក្សា​អព្យាក្រឹត្យ​ដើម្បី​យុត្តិធម៌​សង្គម និង​នីតិរដ្ឋ​របស់​កម្ពុជា។

អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៦ កក្កដា នេះ​ថា ជា​ការពិត​ហើយ​ដែល​តុលាការ​មាន​អំណាច​ក្នុង​ការ​សម្រេច​ផ្ដន្ទាទោស​លើ​បុគ្គល​ណា​ម្នាក់​ដែល​ប្រព្រឹត្ត​ខុស ប៉ុន្តែ​រាល់​ការ​កាត់​សេចក្តី​របស់​តុលាការ មិនមែន​សុទ្ធតែ​ធ្វើ​ឱ្យ​ពលរដ្ឋ​ឯកភាព​តាម​នោះ​ទេ។

លោក សេក សុជាតិ លើកឡើង​ថា ពលរដ្ឋ និស្សិត​បញ្ញវន្ត អ្នកវិភាគ និង​សង្គម​ស៊ីវិល ក៏​ចេះ​ថ្លឹងថ្លែង​លើ​ការ​សម្រេច​របស់​តុលាការ​ដែរ ចំពោះ​ទោស​របស់​បុគ្គល​ដែល​បាន​ប្រព្រឹត្ត។ លោក​បន្ត​ថា កន្លង​មក ពលរដ្ឋ​តែង​រិះគន់​ថា​ការ​កាត់​សេចក្តី​របស់​តុលាការ​ភាគច្រើន​តែងតែ​ភ្ជាប់​​ទៅ​នឹង​របៀបវារៈ​នយោបាយ ជាជាង​ការ​ស្វែងរក​យុត្តិធម៌។

អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត​រូប​នេះ​បញ្ជាក់​ថា ជុំវិញ​ការ​ចាប់​ខ្លួន​សកម្មជន​សង្គម ចាប់​ខ្លួន​អ្នក​នយោបាយ ឬ​បណ្តឹង​ទៅ​លើ​ក្រុម​អ្នក​នយោបាយ​ប្រឆាំង បាន​ធ្វើ​ឱ្យ​កម្ពុជា​ស្ថិត​ក្នុង​ក្រសែភ្នែក​របស់​សហគមន៍​អន្តរជាតិ​ជា​ប្រទេស​ដែល​រឹតត្បិត​ទៅ​លើ​សេរីភាព​បញ្ចេញមតិ សិទ្ធិ​នយោបាយ និង​សិទ្ធិ​សេរីភាព​សារព័ត៌មាន​យ៉ាង​ធ្ងន់ធ្ងរ។

លោក សេក សុជាតិ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​លំហ​សេរីភាព​បញ្ចេញមតិ និង​លំហ​នយោបាយ​ឱ្យ​បាន​ធំ​ទូលាយ ដើម្បី​មុខមាត់ និង​កិត្តិយស ក៏ដូចជា​ដើម្បី​ផល​ប្រយោជន៍​របស់​កម្ពុជា​ដែរ។

លោក​បន្ត​ថា ការ​បើក​លំហ​សេរីភាព​សម្រាប់​ពលរដ្ឋ មិនមែន​ជា​រឿង​អាក្រក់​សម្រាប់​រដ្ឋាភិបាល និង​ប្រទេស​ជាតិ​នោះ​ទេ ប៉ុន្តែ​ជា​ការ​ចូលរួម​ជួយ​កសាង​សង្គម​រួម​គ្នា​ប៉ុណ្ណោះ។

ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ទាវ វណ្ណុល កាលពី​ថ្ងៃ​ព្រហស្បតិ៍ ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ពី​បទ «បរិហារកេរ្តិ៍​ជា​សាធារណៈ» ជុំវិញ​ការ​បញ្ចេញមតិ​របស់​លោក​ពាក់ព័ន្ធ​នឹង​ការ​ធ្លាក់​ចុះ​នូវ​សិទ្ធិ​សេរីភាព​នៅ​កម្ពុជា។ តុលាការ​ក៏​បាន​បង្គាប់​ឲ្យ​លោក ទាវ វណ្ណុល សង​សំណង​ជិត ២​លាន​ដុល្លារ​អាមេរិក​ទៅ​រដ្ឋាភិបាល​កម្ពុជា។

ក្រោយ​ការ​សម្រេច​របស់​តុលាការ គណបក្ស​ភ្លើង​ទៀន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​២៥ កក្កដា ដែរ​ថា គណបក្ស​មាន​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​សាលក្រម​របស់​តុលាការ ដែល​ផ្ដន្ទាទោស​ទាមទារ​ធ្ងន់ធ្ងរ​ពី​លោក ទាវ វណ្ណុល ដោយ​គ្រាន់តែ​សម្ដែង​មតិ​ពាក់ព័ន្ធ​នឹង​ស្ថានភាព​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា។

គណបក្ស​ភ្លើង​ទៀន អះអាង​ថា ខ្លួន​តែងតែ​គោរព និង​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និង​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ដែល​មាន​ចែង​ក្នុង​សេចក្តី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ដែល​ធានា​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ។

គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ​សម្ដែង​នូវ​ការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង ដោយសារតែ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​នៅ​កម្ពុជា ហាក់​ត្រូវ​បាន​រឹតត្បិត ចំណែក​បរិយាកាស​នយោបាយ​ហាក់​រួម​តូច​សម្រាប់​អ្នក​នយោបាយ​បក្ស​ក្រៅ​រដ្ឋាភិបាល។

គណបក្ស​ភ្លើង​ទៀន បញ្ជាក់​ថា ខ្លួន​នៅតែ​រក្សា​ជំហរ​បន្ត​ធ្វើ​សកម្មភាព​នយោបាយ ដើម្បី​ចូលរួម​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​ការ​លើក​កម្ពស់​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​បន្ត​ទៀត ដោយ​ឈរ​លើ​ស្មារតី​បង្រួបបង្រួម សាមគ្គីភាព និង​ឯកភាព​ជាតិ ស្រប​តាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

គណបក្ស​ភ្លើង​ទៀន គឺជា​គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​មាន​សក្ដានុពល​អាច​ប្រកួតប្រជែង​ជាមួយ​នឹង​បក្ស​កាន់​អំណាច ប៉ុន្តែ​ដោយសារ​ស្ថិត​ក្រោម​បណ្តឹង​ដ៏​ច្រើន​ស្អេកស្កះ​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​ឱ្យ​គណបក្ស​មួយ​នេះ​ផ្អាក​សកម្មភាព​នយោបាយ​របស់​ខ្លួន​ទាំងស្រុង ខណៈ​មន្ត្រី​ជាន់ខ្ពស់​របស់​ខ្លួន​ក៏​បាន​រង​នូវ​បណ្តឹង និង​ការ​ចាប់​ខ្លួន​ជា​បន្តបន្ទាប់​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស