ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត គិន ភា អះអាងថា តាំងពីសម័យដឹកនាំរបស់លោក ហ៊ុន សែន រហូតដល់សម័យដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ទម្លាប់អាក្រក់របស់អាជ្ញាធរ និងមន្ត្រីសមត្ថកិច្ចមួយចំនួន នៅតែបន្តចាក់ឫសដដែល គឺទាល់តែនាយករដ្ឋមន្ត្រីស្រែក ទើបស្ទុះស្ទាបំពេញតួនាទី។
បណ្ឌិត គិន ភា បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី៣១ ខែមីនា ថា មន្ត្រីខ្លះអួតថាគោរពស្រឡាញ់មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ខ្លាំងណាស់ ប៉ុន្តែសកម្មភាពជាក់ស្តែង បែរជាបង្កបញ្ហាស្មុគស្មាញ និងបង្កើនបន្ទុកគ្រប់បែបយ៉ាងដល់មេដឹកនាំកំពូលទាំងពីរទៅវិញ។
មន្ត្រីរដ្ឋាភិបាលរូបនេះអះអាងថា តាមការពិត ទង្វើរបស់ពួកគេ គឺដើម្បីតែប្រមូលផលប្រយោជន៍ផ្ទាល់ខ្លួនដាក់ហោប៉ៅខ្លួនឯងប៉ុណ្ណោះ ប៉ុន្តែនៅពេលមានបញ្ហា ស្ថាប័នរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ជាពិសេសលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ជាអ្នករងគ្រោះដោយសារទង្វើអសមត្ថភាព ភាពអាត្មានិយម ឱកាសនិយម និងភាពអសកម្មរបស់មន្ត្រីគ្រាប់ល្ពៅទាំងនោះទៅវិញ។
បណ្ឌិត គិន ភា បញ្ជាក់ថា បើមន្ត្រីទាំងនោះពិតជាមានមនសិការស្រឡាញ់ជាតិដូចសម្ដីផ្អែមល្ហែម និងឥរិយាបថលូនក្រាបដែលបានបង្ហាញមែននោះ ពួកគេគួរធ្វើអំពើល្អពិតប្រាកដចំពោះជាតិ និងប្រជាជន ព្រោះការបំពេញតួនាទីដោយភាពស្មោះត្រង់ និងយុត្តិធម៌ ទើបជាការសងគុណជាតិពិតប្រាកដ។
ចំណែកអ្នកតាមដានភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក លោក សេង វណ្ណលី បានលើកឡើងកាលពីពេលថ្មីៗនេះថា ការដឹកនាំតាមប្រព័ន្ធគ្រួសារនិយមតាមរយៈការតែងតាំងកូនចៅ និងសាច់សាលោហិតរបស់អ្នកមានអំណាចឱ្យកាន់តំណែងសំខាន់ៗនៅកម្ពុជា ដោយគ្មានការប្រកួតប្រជែងជាសាធារណៈ គឺជាឧបសគ្គដ៏ធំធេងដែលរាំងស្ទះដល់ដំណើរការអភិវឌ្ឍជាតិ និងបំផ្លាញអនាគតយុវជនខ្មែរ។
អ្នកឃ្លាំមើលរូបនេះអះអាងថា ការខ្វះយន្តការប្រកួតប្រជែងប្រកបដោយតម្លាភាព បានធ្វើឱ្យប្រព័ន្ធអភិបាលកិច្ចចុះខ្សោយ និងបង្កើតឱ្យមានស្ថាប័នរដ្ឋដែលខ្វះប្រសិទ្ធភាព ដោយសារការសម្រេចចិត្តផ្អែកលើភក្ដីភាពនៃក្រុមគ្រួសារ ជាជាងគុណាធិបតេយ្យ និងវិជ្ជាជីវៈរបស់មន្ត្រីក្នុងជួររដ្ឋាភិបាល។
លោកបន្ថែមថា និន្នាការនេះមិនត្រឹមតែបង្កើតឱ្យមានវិសមភាពសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យយុវជនដែលមានសមត្ថភាពពិតប្រាកដ បាក់ទឹកចិត្ត និងអស់ជំនឿចិត្តលើរដ្ឋាភិបាលបច្ចុប្បន្នកាន់តែខ្លាំងថែមទៀត។
លោក សេង វណ្ណលី បញ្ជាក់ថា វាសនារបស់ប្រទេសជាតិត្រូវពឹងផ្អែកទាំងស្រុងលើការបង្កើតបរិយាកាសនយោបាយដែលស្ថិតក្រោមច្បាប់ពេញលេញ និងការផ្ដល់តម្លៃខ្ពស់លើគុណាធិបតេយ្យ ដែលជាគ្រឹះតែមួយគត់ក្នុងការកសាងទំនុកចិត្តរវាងរដ្ឋ និងយុវជន ដែលអាចធានាបាននូវវិបុលភាពជាតិ និងកិត្តិយសរបស់កម្ពុជានៅលើឆាកអន្តរជាតិប្រកបដោយចីរភាពទៅថ្ងៃមុខ៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

