ក្រសួងសុខាភិបាល អះអាងថាមានក្មេងប្រុសអាយុ ៤ឆ្នាំម្នាក់ រស់នៅភូមិជ្រុលពពេល ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង បានឆ្លងជំងឺផ្ដាសាយបក្សី H5N1 ក្រោយពីធ្វើតេស្ដនៅវិទ្យាស្ថានសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រ កាលពីថ្ងៃទី៣០ ខែកក្កដា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបានចេញផ្សាយនៅថ្ងៃទី២ សីហា នេះបានឲ្យដឹងថា មុននឹងក្មេងប្រុសនេះឈឺ ១២ថ្ងៃ នៅក្នុងភូមិ និងអ្នកផ្ទះរបស់ក្មេងប្រុសនោះគឺមានមាន់ងាប់ជាច្រើនក្បាល ហើយពួកគេបានយកមកធ្វើម្ហូបហូប។
ប្រភពដដែលបានអះអាងថា ក្មេងប្រុសរូបនេះបានប៉ះពាល់ផ្ទាល់ជាមួយមាន់ងាប់ ព្រមទាំងចូលចិត្តលេងជាមួយសត្វមាន់ និងទាថែមទៀតផង។ ក្មេងប្រុសរូបនេះមានអាការៈគ្រុនក្ដៅ ក្អក ហត់ ពិបាកដកដង្ហើម និងសន្លឹម។ បច្ចុប្បន្ន ក្មេងប្រុសនេះកំពុងទទួលការព្យាបាលពីក្រុមគ្រូពេទ្យ។
ក្រសួងសុខាភិបាល បានអះអាងថា ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សហការជាមួយក្រុមការងារនៃក្រសួងកសិកម្ម រួមទាំងអាជ្ញាធរមូលដ្ឋាន បានចុះស្រាវជ្រាវលើករណីនេះ និងបន្តស្វែងរកប្រភពចម្លង ទាំងសត្វ និងមនុស្ស។ ក្រុមការងារជំនាញបន្តស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ផ្ទាល់ ដើម្បីទប់ស្កាត់ការឆ្លងជំងឺផ្ដាសាយបក្សី H5N1 ទៅអ្នកភូមិក្នុងសហគមន៍។
ជំងឺផ្ដាសាយបក្សី H5N1 ជាជំងឺផ្ដាសាយមួយចម្លងរវាងសត្វបក្សីឈឺ ទៅបក្សីផ្សេងទៀត ប៉ុន្តែវាអាចចម្លងពីបក្សីទៅមនុស្សតាមការប៉ះពាល់ជិតស្និទ្ធជាមួយបក្សីដែលឈឺ ឬងាប់។ ជំងឺផ្ដាសាយបក្សីលើមនុស្សជាជំងឺធ្ងន់ធ្ងរ ទោះបីជាវាមិនងាយឆ្លងពីមនុស្សទៅមនុស្ស ប៉ុន្តែបើវាអាចបំប្លែងខ្លួនអាចឆ្លងដូចនឹងជំងឺផ្ដាសាយតាមរដូវកាលផងដែរ ដែលតម្រូវឱ្យមានការធ្វើការព្យាបាលនៅមន្ទីរពេទ្យទាន់ពេលវេលា។
កាលពីថ្ងៃទី៨ ខែកក្កដា ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញជំងឺផ្ដាសាយបក្សី H5N1 ទៅលើក្មេងស្រីម្នាក់អាយុ ៥ឆ្នាំ នៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង្ស ខេត្តតាកែវ។
កាលពីឆ្នាំ២០២៣ កន្លងទៅ អាជ្ញាធរសុខាភិបាលកម្ពុជាបានរកឃើញថា ជំងឺផ្ដាសាយបក្សីបានសម្លាប់ក្មេងស្រីម្នាក់អាយុ ២ឆ្នាំនៅខេត្តព្រៃវែង និងបុរសម្នាក់អាយុ ៥០ឆ្នាំនៅខេត្តស្វាយរៀង។ បន្ទាប់មក នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដដែល ជំងឺនេះបានកើតលើស្ត្រីអាយុ ២១ឆ្នាំម្នាក់នៅស្រុកដងទង់ ខេត្តកំពត។
បើតាមប្រធាននាយកដ្ឋានជំងឺឆ្លងនៃក្រសួងសុខាភិបាល ចាប់តាំងពីឆ្នាំ២០០៤ រហូតដល់ឆ្នាំ២០២៤ កម្ពុជារកឃើញអ្នកឆ្លងជំងឺផ្ដាសាយបក្សី H5N1 ជិត ៦០ករណី ធ្វើឲ្យមានមនុស្សស្លាប់សរុប ៣៨នាក់៕