ក្រុមយុវជននៃចលនាមាតាធម្មជាតិ ស្នើឲ្យរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត ទៅរៀនបញ្ចប់បរិញ្ញាបត្រខាងផ្នែកបរិស្ថានឲ្យចប់ជាមុនសិន មុននឹងមកធ្វើជារដ្ឋមន្ត្រីក្រសួងបរិស្ថាន និងរិះគន់ពួកគេ។
ក្នុងវីដេអូជាង ២នាទីនៅលើទំព័រហ្វេសប៊ុករបស់ Mother Nature Cambodia នៅថ្ងៃទី០៥ ខែសីហា នេះ បានលើកឡើងថា ពួកគេជាសកម្មជនបរិស្ថានការពារធនធានធម្មជាតិតាមរដ្ឋធម្មនុញ្ញដែលបានចែង ហើយឥទ្ធិពលរបស់ពួកគេ គឺវាស់វែងដោយសកម្មភាព មិនមែនវិញ្ញាបនបត្រមកនិយាយនោះទេ ប៉ុន្តែលោក អ៊ាង សុផល្លែត ដែលជារដ្ឋមន្ត្រីក្រសួងបរិស្ថាន មិនមានជំនាញបរិស្ថានផងបែរជាមកស្រែកក្ដែងៗឲ្យសកម្មជនបរិស្ថានទៅវិញ។
ប្រតិកម្មរបស់ក្រុមយុវជនចលនាមាតាធម្មជាតិនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលជាកូនប្រសារបស់លោក ជា សុផារ៉ា លើកឡើងកាលពីខែកក្កដា កន្លងទៅថា ដើម្បីក្លាយខ្លួនជាសកម្មជនបរិស្ថាន គប្បីត្រូវធ្វើការសិក្សាឱ្យក្លាយខ្លួនជាអ្នកមានអាជីពច្បាស់លាស់ទាំងការគិត ការនិយាយស្ដី ទាំងការធ្វើសកម្មភាពដើម្បីនាំមកនូវអត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជា ដោយកុំចេះតែថា ហើយមិនទទួលខុសត្រូវ។
លោក អ៊ាង សុផល្លែត បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកវិស្វកម្មមេកានិច អនុបណ្ឌិតផ្នែកហិរញ្ញវត្ថុ និងបណ្ឌិតផ្នែកវិស្វកម្មស៊ីវិល មកពីសាកលវិទ្យាល័យ Calgary នៃប្រទេសកាណាដា។
មជ្ឈដ្ឋានខ្លះនិយាយថា ការឡើងធ្វើជារដ្ឋមន្ត្រីក្រសួងបរិស្ថាន ទាំងគ្មានជំនាញបែបនេះ ទំនងជាថ្នូរទៅនឹងការដោះដូរជាមួយឪពុកក្មេករបស់លោក គឺលោក ជា សុផារ៉ា បន្ទាប់ពីលោកលែងកាន់តំណែងដែលជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕