ប្រទេសកម្ពុជា បន្តធ្លាក់ចំណាត់ថ្នាក់ខាងសេរីភាពសារព័ត៌មានចំនួន ៩លេខក្នុងរយៈពេល ២ឆ្នាំជាប់គ្នាសម្រាប់ឆ្នាំ២០២៣ និងឆ្នាំ២០២៤ គឺពីលេខ១៤២ មកចំណាត់ថ្នាក់លេខ១៥១ ក្នុងចំណោម ១៨០ប្រទេស ដោយសារតែគេរកឃើញថា រដ្ឋាភិបាលកម្ពុជាបានវាយប្រហារ និងគាបសង្កត់លើសេរីភាពសារព័ត៌មានឯករាជ្យកាន់តែធ្ងន់ធ្ងរ។
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (RSF) បានចេញផ្សាយពីសន្ទស្សន៍សេរីភាពសារព័ត៌មានសម្រាប់ឆ្នាំ២០២៣ និងឆ្នាំ២០២៤ កាលពីដើមខែសីហា ឆ្នាំ២០២៤ នេះ ដោយចាត់ចំណាត់ថ្នាក់ប្រទេសកម្ពុជាឱ្យជាប់លេខ១៥១ ដែលបង្ហាញថា សេរីភាពសារព័ត៌មានរបស់ប្រទេសកម្ពុជាកំពុងដាំក្បាលចុះធ្ងន់ធ្ងរក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ។
ប្រភពដដែលលើកឡើងថា ចាប់តាំងពីដើមឆ្នាំ២០២៤ មក ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យចំនួន៣ ដូចជា គេហទំព័រសារព័ត៌មាន The Cambodia Daily វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) និងវិទ្យុអាស៊ីសេរី (RFA) បានរងនូវការវាយប្រហារដោយការជេរប្រមាថ និងការចោទប្រកាន់តាមរយៈនៃការបញ្ចេញមតិលើបណ្ដាញសង្គមហ្វេសប៊ុករាល់ថ្ងៃ ដូចជា ពាក្យថា «ឆ្កែ» «អាក្បត់ជាតិ» និងពាក្យថា «ក្បត់ជាតិ» ជាដើម។
លោក Cédric Alviani នាយកប្រតិបត្តិអង្គការអ្នករាយការណ៍គ្មានព្រំដែនប្រចាំអាស៊ីប៉ាស៊ីហ្វិក បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍នាពេលថ្មីៗនេះថា រដ្ឋាភិបាលកម្ពុជាមិនអាចរក្សាភាពអសកម្មនៅចំពោះមុខយុទ្ធនាការស្អប់ខ្ពើមតាមប្រព័ន្ធអ៊ីនធឺណិតដ៏អាក្រក់ ប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យទាំងនេះទេ។ រដ្ឋាភិបាលកម្ពុជាត្រូវតែចាត់វិធានការប្រឆាំងនឹងការគំរាមកំហែងតាមអ៊ីនធឺណិតលើប្រព័ន្ធផ្សព្វផ្សាយទាំងនេះ និងលុបចោលជាបន្ទាន់ការហាមប្រាមផ្នែករដ្ឋបាលដែលផ្ដោតលើបណ្ដាញផ្សព្វផ្សាយទាំងបី។
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានប្រាប់សារព័ត៌មានក្នុងស្រុកថា អង្គការអ្នករាយការណ៍គ្មានព្រំដែនលើកតែចំណុចដែលក្រុមប្រឆាំងរិះគន់ តែមិនធ្លាប់លើក ឬបញ្ចូលពាក្យពេចន៍ និងរូបភាពមួយចំនួនដែលក្រុមទាំងនោះធ្លាប់កាត់ត និងបញ្ចេញមតិដោយប្រើពាក្យពេចន៍អសុរោះសំដៅរដ្ឋាភិបាលកម្ពុជានោះទេ។
សកម្មជនក្នុងសហគមន៍ខ្មែរក្នុងទីក្រុងឡុងប៊ិច និងជាអ្នកនាំពាក្យក្រុមអ្នកតស៊ូមតិកម្ពុជា លោក មួង ណារ៉េត បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកកាលពីយប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នេះថា សេរីភាពសារព័ត៌មាននៅកម្ពុជាបានធ្លាក់ដល់ចំណុចសូន្យហើយនៅពេលនេះ ដែលបង្ហាញថា កម្ពុជានឹងលា ឬ Say good Bye នូវពាក្យថា ប្រជាធិបតេយ្យជារៀងរហូត។
ប្រភពដដែលលើកឡើងថា ស្ថានភាពសេរីភាពសារព័ត៌មានឯករាជ្យនៅកម្ពុជាសព្វថ្ងៃនេះកំពុងស្ថិតក្នុងដំណាក់កាលដុនដាបបំផុត។
លោកថា បើប្រៀបធៀបទៅនឹងជំងឺមហារីក គឺឈានដល់ដំណាក់កាលចុងក្រោយហើយ ដែលជាសញ្ញាមួយប្រាប់ថា ប្រទេសកម្ពុជានឹងរងនូវកេរ្តិ៍ឈ្មោះអសោច និងនាំឱ្យប៉ះពាល់ដល់មុខមាត់របស់ខ្លួនយ៉ាងធ្ងន់ធ្ងរលើឆាកអន្តរជាតិ។
ប្រភពដដែលបញ្ជាក់ថា ប្រជាធិបតេយ្យត្រូវក្សិណក្ស័យដោយសារគ្មានសារព័ត៌មានសេរី និងឯករាជ្យ ហើយអ្នកដែលរងគ្រោះឥតល្ហែ គឺរាស្ដ្រខ្មែរស្លូតត្រង់គ្រប់គ្នា ដែលនឹងទទួលបានតែព័ត៌មានក្រោមការរៀបចំចាត់ចែងពីរដ្ឋាភិបាលសព្វថ្ងៃនេះ។
ជុំវិញបញ្ហានេះ មន្ត្រីក្នុងជួរកងទ័ពមួយចំនួនធ្លាប់បានទម្លាយប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួនថា នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត បានបញ្ជាឱ្យមន្ត្រីក្នុងជួរកងទ័ពបង្កើតក្រុមប្រតិកម្មវាយបកតាមកងពលរៀងៗខ្លួន ដើម្បីវាយប្រហារទៅលើស្ថាប័នសារព័ត៌មានឯករាជ្យដែលរិះគន់រដ្ឋាភិបាល ដូចជា សារព័ត៌មាន The Cambodia Daily, VOD និងវិទ្យុអាស៊ីសេរី ជាដើម។
កាលពីឆ្នាំ២០១៨ សេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ១៤២។ ឆ្នាំ២០១៩ ជាប់លេខ១៤៣ ខណៈឆ្នាំ២០២០ និងឆ្នាំ២០២១ បានជាប់ចំណាត់ថ្នាក់លេខ១៤៤ ពីរឆ្នាំជាប់គ្នា។ ដោយឡែកឆ្នាំ២០២២ កម្ពុជាបានវិលទៅរកចំណាត់ថ្នាក់លេខ១៤២ ដូចឆ្នាំ២០១៨ វិញ ដែលជាឆ្នាំរដ្ឋាភិបាលកម្ពុជាបោសសម្អាតអ្នកសារព័ត៌មានឯករាជ្យគ្មានសល់នៅក្នុងប្រទេស៕