29 C
Phnom Penh

តុលាការ​ធម្មនុញ្ញ​ថៃ ដក​តំណែង​នាយករដ្ឋមន្ត្រី​ពី​លោក ស្រេតថា ថាវីស៊ីន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការ​ធម្មនុញ្ញ​នៃ​រាជាណាចក្រ​ថៃ នៅ​ថ្ងៃ​ពុធ ទី​១៤ ខែ​សីហា នេះ បាន​សម្រេច​ចេញ​សាលដីកា​ដក​តំណែង​នាយករដ្ឋមន្ត្រី​ពី​លោក ស្រេតថា ថាវីស៊ីន ពាក់ព័ន្ធ​នឹង​កំហុស​រដ្ឋបាល​នៃ​ការ​តែងតាំង​រដ្ឋមន្ត្រី​ម្នាក់​ក្នុង​គណៈរដ្ឋមន្ត្រី​របស់​លោក។

សេចក្ដី​សម្រេច​របស់​តុលាការ​ធម្មនុញ្ញ​ថៃ ធ្វើ​ឡើង​មួយ​សប្ដាហ៍​ប៉ុណ្ណោះ​បន្ទាប់ពី​ប្រកាស​សាលដីកា​រំលាយ​បក្ស Move Forward ជា​បក្ស​ប្រឆាំង​ធំ​ជាងគេ​នៅ​ក្នុង​រដ្ឋសភា។

តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន Channel News Asia តុលាការ​ធម្មនុញ្ញ​ថៃ ចេញ​សាលដីកា​ដក​តំណែង​នាយករដ្ឋមន្ត្រី​ពី​លោក ថាវីស៊ីន ក្នុង​សំឡេង ៥ ទល់​នឹង ៤។

ការ​ដក​ហូត​តំណែង​នាយករដ្ឋមន្ត្រី​ពី​លោក ថាវីស៊ីន ធ្វើឡើង​តាម​បណ្ដឹង​របស់​អតីត​សមាជិក​ព្រឹទ្ធសភា​ថៃ ៤០​រូប ដែល​បាន​ប្ដឹង​ថា​លោក ថាវីស៊ីន មាន​កំហុស​ក្នុង​ការ​តែងតាំង​លោក Pichit Chuenban ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​រយៈពេល ៦​ខែ​កាលពី​ឆ្នាំ​២០០៨ ឱ្យ​កាន់​តួនាទី​ជា​រដ្ឋមន្ត្រី​ក្នុង​គណៈរដ្ឋមន្ត្រី​របស់​លោក គឺជា​ការ​បំពាន​រដ្ឋធម្មនុញ្ញ។

លោក Pichit ត្រូវ​បាន​តុលាការ​កាត់ទោស​ករណី​សូកប៉ាន់​តុលាការ​នៅ​ពេល​លោក​ឡើង​ការពារ​ក្ដី​ឱ្យ​អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា។ លោក Pichit ជា​អតីត​មេធាវី​ម្នាក់​មាន​ទំនាក់ទំនង​ជាមួយ​អតីត​នាយករដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាន​សម្រេច​លាលែង​ពី​មុខនាទី​ជា​រដ្ឋមន្ត្រី​គណៈរដ្ឋមន្ត្រី​ដើម្បី​ការពារ​លោក ថាវីស៊ីន។

លោក ថាវីស៊ីន គឺជា​អ្នកជំនួញ​អចលនទ្រព្យ ជា​នាយករដ្ឋមន្ត្រី​មកពី​គណបក្ស​ភឿថៃ ហើយ​បាន​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ថៃ ក្រោយ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​ក្រុម​គណបក្ស​ដែល​មាន​ទំនាក់ទំនង​នឹង​យោធា បន្ទាប់ពី​ការ​បោះឆ្នោត​សកល​កាលពី​ឆ្នាំ​២០២៣។ លោក ថាវីស៊ីន បាន​និយាយ​ថា លោក​ត្រូវ​គោរព​ទទួល​យក​សេចក្ដី​សម្រេច​ពី​តុលាការ​ធម្មនុញ្ញ ដែល​ដក​ហូត​តំណែង​នាយករដ្ឋមន្ត្រី​របស់​លោក។ លោក ថាវីស៊ីន គឺជា​នាយករដ្ឋមន្ត្រី​ទី​៤ ក្នុង​រយៈពេល ១៦​ឆ្នាំ។

គណៈរដ្ឋមន្ត្រី​ចាំ​ផ្ទះ​ដឹកនាំ​ដោយ Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី​ទី​១។ លោក Wechayachai កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ស្ដីទី។ បន្ទាប់​មក​ទៀត គណបក្ស​ក្នុង​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​គណបក្ស​ភឿថៃ នឹង​តែងតាំង​បេក្ខជន​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ខ្លួន ហើយ​ប្រធាន​រដ្ឋសភា​នឹង​កោះ​ប្រជុំ ដើម្បី​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី។

គណបក្ស​ភឿថៃ ប្រឈមមុខ​នឹង​ការ​ដកហូត​តំណែង​នាយករដ្ឋមន្ត្រី ដោយ​តុលាការ​ធម្មនុញ្ញ​មាន ២​រូប បើ​រាប់​ទាំង​លោក ថាវីស៊ីន។

កាលពី​ឆ្នាំ​២០១៤ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែល​ជា​ប្អូនស្រី​បង្កើត​របស់​អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន ក៏​ត្រូវ​បាន​តុលាការ​ធម្មនុញ្ញ​នៃ​រាជាណាចក្រ​ថៃ ប្រើ​សិទ្ធិ​អំណាច​ដកហូត​អ្នកស្រី​ពី​តំណែង​នាយករដ្ឋមន្ត្រី​ដែរ ករណី​បណ្ដោយ​ឱ្យ​សមាជិក​គណៈរដ្ឋមន្ត្រី​នៃ​បក្ស​ភឿថៃ ប្រព្រឹត្ត​អំពើពុករលួយ។ អ្នក​សង្កេតការណ៍​ថា​នេះ​ជា​រឿង​នយោបាយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស