31 C
Phnom Penh

រដ្ឋមន្ត្រី​បរិស្ថាន​ព្រមាន​មន្ត្រី​ក្រោម​បង្គាប់​ដែល​ពាក់ព័ន្ធ​អំពើពុករលួយ ឱ្យ​ដក​ខ្លួន​ជា​បន្ទាន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ព្រមាន​ជា​លើក​ចុងក្រោយ​ឲ្យ​មន្ត្រី​បរិស្ថាន​របស់​ខ្លួន​នៅ​គ្រប់​រាជធានី-ខេត្ត​ដែល​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ ទទួល​ប្រាក់​ប្រចាំ​ខែ​ពី​រោងចក្រ សហគ្រាស ត្រូវ​បញ្ឈប់​សកម្មភាព​ទាំងនោះ​ជាបន្ទាន់ បើ​ពុំ​ដូច្នោះ​ទេ នឹង​ត្រូវ​ដក​មុខនាទី និង​ក្របខ័ណ្ឌ ព្រមទាំង​ចាត់​វិធានការ​ទៅ​តាម​ផ្លូវ​ច្បាប់។

ថ្លែង​ក្នុង​កិច្ចប្រជុំ​ថ្នាក់​ដឹកនាំ​ក្រសួង​បរិស្ថាន នៅ​រសៀល​ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០២៤ នា​ទីស្ដីការ​ក្រសួង​បរិស្ថាន រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត ថ្លែង​ថា មន្ត្រី​បរិស្ថាន​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​យកចិត្ត​ទុកដាក់​គោរព​មុខនាទី ភារកិច្ច​របស់​ខ្លួន​ឲ្យ​បាន​ខ្ជាប់ខ្ជួន និង​ត្រូវ​អនុវត្ត​វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់ សំដៅ​ការពារ​មិន​ឲ្យ​មាន​ការ​បង្ហូរ​កាកសំណល់​រាវ និង​ចោល​កាកសំណល់​រឹង​ចូល​ទៅ​ក្នុង​ប្រភព​ទឹក​ដែល​នាំ​ឲ្យ​ខូច​បរិស្ថាន​ទឹក។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ទៀត​ថា មន្ទីរ​បរិស្ថាន​រាជធានី-ខេត្ត​ដែល​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ ទទួល​ប្រាក់​ប្រចាំ​ខែ​ពី​រោងចក្រ សហគ្រាស ដែល​ល្មើស​វិធាន​បរិស្ថាន​ជា​ថ្នូរ​នឹង​ការ​បិទ​ភ្នែក​បិទ​ច្រមុះ​មិន​អើពើ មិន​ដឹង​ឮ ត្រូវ​បញ្ឈប់​ទង្វើ​ស្មោកគ្រោក​នេះ​ជាបន្ទាន់។

លោក អ៊ាង សុផល្លែត ថ្លែង​ថា ត្រូវ​អនុវត្ត​វិធានការ​ច្បាប់​ជា​ធរមាន មិនមែន​ទៅ​ចរចា​ចំពោះ​បទល្មើស​បរិស្ថាន​នោះ​ទេ។ លោក​ថា កន្លង​មក​ធ្លាប់​មាន​ករណី​មន្ត្រី​បរិស្ថាន​ខ្លះ​ចុះ​ទៅ​ត្រួតពិនិត្យ​រោងចក្រ​សហគ្រាស​នៅ​តាម​បណ្ដា​ខេត្ត ហើយ​ធ្វើ​សេចក្តី​រាយការណ៍​បង្ហាញ​រដ្ឋមន្ត្រី​តែ​អំពី​ចំណុច​គួរ​ធ្វើ​នេះ ធ្វើ​នោះ ប៉ុន្តែ​មិន​ឃើញ​មាន​ចំណុច​ខ្វះខាត​ដែល​ជា​កាតព្វកិច្ច​ត្រូវ​បំពេញ ឬ​មិន​ឃើញ​មាន​ចំណុច​ខុសឆ្គង​សោះ ខណៈ​រដ្ឋមន្ត្រី​ក៏​បាន​ជ្រាប​ច្បាស់​ហើយ​ថា​ត្រូវ​ធ្វើ​អ្វី។

លោក​ថា តើ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​បង្កើត​ឡើង​ដើម្បី​ទៅ​ចរចា ឬ​បង្ខំ​ឲ្យ​អនុវត្ត?

សមាជិក​បណ្ដាញ​សហគមន៍​ព្រៃឡង់​នៅ​ក្នុង​ខេត្ត​ព្រះវិហារ បាន​ឱ្យ​ដឹង​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា មន្ត្រី​បរិស្ថាន​ដែល​មើល​ការ​ខុសត្រូវ​នៅ​តំបន់​ព្រៃឡង់ តែងតែ​បើក​រថយន្ត​ទៅ​ជួប​ឈ្មួញ​ឈើ និង​យក​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​ខុស​ច្បាប់។ លោក​ថា មន្ត្រី​បរិស្ថាន​មាន​ការិយាល័យ​នៅ​កន្លែង​ណា គឺ​កន្លែង​នោះ​នឹង​បាត់បង់​ព្រៃឈើ​ច្រើន​ជាងគេ។

ប្រភព​ដដែល​បាន​អះអាង​ថា ក្រុម​មន្ត្រី​បរិស្ថាន​តែងតែ​ប្រព្រឹត្តិ​អំពើពុករលួយ​ជាមួយ​អ្នក​មាន​អំណាច និង​អ្នក​រកស៊ី​ខុស​ច្បាប់ ដើម្បី​បើក​ដៃ​ឲ្យ​ពួកគេ​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ។ លោក​ថា​ពួកគេ​មិន​ហ៊ាន​ជាមួយ​ឈ្មួញ​រកស៊ី​ព្រៃឈើ​ខុស​ច្បាប់​នោះ​ទេ ប៉ុន្តែ​ពួកគេ​តែងតែ​ធ្វើ​ទុក្ខបុកម្នេញ​ចំពោះ​ប្រជា​សហគមន៍​ដែល​ការពារ​ធនធាន​ធម្មជាតិ​ទៅវិញ។

កន្លង​មក ក្រសួង​បរិស្ថាន បាន​ព្រមាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​បណ្ដាញ​សហគមន៍​ព្រៃឡង់​ទាំង ៤​ខេត្ត ដើម្បី​ឱ្យ​បញ្ឈប់​សកម្មភាព​ចុះ​ល្បាត​ព្រៃ​ដែល​ពួកគេ​អះអាង​ថា ធ្វើ​ឡើង​ក្នុង​ការ​ចូលរួម​ការពារ​ព្រៃឡង់​ពី​ការ​កាប់​បំផ្លាញ។

ក្រសួង​បរិស្ថាន បាន​ចាត់ទុក​ក្រុម​បណ្ដាញ​សហគមន៍​នេះ​ថា​ជា​ក្រុម​ធ្វើ​សកម្មភាព​ខុស​ច្បាប់ ដែល​ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​បញ្ឆេះ​កំហឹង​ពលរដ្ឋ​ឱ្យ​ស្អប់​រដ្ឋាភិបាល​លើ​កិច្ចការពារ​ធនធាន​ធម្មជាតិ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស