ខុទ្ទកាល័យប្រធានាធិបតីហ្វីលីពីន ប្រកាសព័ត៌មានឱ្យដឹងថា នៅថ្ងៃសុក្រ ទី៣០ សីហា នេះ ហ្វីលីពីន និងវៀតណាម ត្រូវចុះកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការពារជាតិ។
តាមទីភ្នាក់ងារព័ត៌មាន Reuters រដ្ឋមន្ត្រីការពារជាតិវៀតណាម លោក Phan Van Giang ដែលទៅកាន់ទីក្រុងម៉ានីល ត្រូវចុះហត្ថលេខាជាមួយសមភាគីហ្វីលីពីន លោក Gilberto Teodoro។
ការចុះកិច្ចព្រមព្រៀងការពារជាតិនេះ គឺស្របពេលប្រទេសហ្វីលីពីន ជាសម្ពន្ធមិត្តសហរដ្ឋអាមេរិក បានប្រឈម និងកំពុងតែប្រឈមមុខគ្នាកាន់តែខ្លាំងឡើងជាមួយចិន ករណីជម្លោះដែនទឹកត្រួតស៊ីគ្នានៅសមុទ្រចិនខាងត្បូង។ រីឯប្រទេសវៀតណាម ជាសមាជិកអាស៊ាន ក៏មានជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូងជាមួយចិន ដែរ តែវៀតណាម ព្យាយាមរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយចិន ដែលប្រទេសកុម្មុយនីស្តទាំងពីរមានទំនាក់ទំនងជាប្រវត្តិសាស្ត្រនឹងគ្នា។
តែវៀតណាម និងហ្វីលីពីន ក៏មានការត្រួតស៊ីគ្នានៃបន្ទាត់ខ្សែទឹកដៅនៅសមុទ្រចិនខាងត្បូង នៅទីប្រជុំកោះ Spratly។ ក្នុងសមាគមអាស៊ាន ប្រទេសបីទៀតក៏មានជម្លោះដែនទឹកជាមួយចិន នៅសមុទ្រចិនខាងត្បូងដែរ គឺប្រទេសម៉ាឡេស៊ី ប្រ៊ុយណេ និងឥណ្ឌូនេស៊ី។
កិច្ចព្រមព្រៀងលើវិស័យការពារជាតិនៃប្រទេសសមាជិកសមាគមអាស៊ានទាំងពីរនេះ គឺជាការផ្ដល់សញ្ញាអវិជ្ជមានមួយប្រាប់ទៅទីក្រុងប៉េកាំង។
នៅចំពោះមុខសមភាគីវៀតណាម លោករដ្ឋមន្ត្រីការពារជាតិនៃប្រទេសហ្វីលីពីន បាននិយាយថា ចិនគឺជាអ្នករំខានសន្តិភាពធំបំផុតនៅតំបន់អាស៊ី។
លោក Gilberto Teodoro បានថ្លែងដូចនេះក្នុងសន្និសីទមួយនៃបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក នៅហ្វីលីពីន ក្រោយពីមានការប្រឈមដាក់គ្នារវាងនាវាហ្វីលីពីន និងចិន នៅសមុទ្រចិនខាងត្បូង ក្នុងរយៈពេលជាងមួយឆ្នាំចុងក្រោយនេះកាន់តែតានតឹង រហូតនាវាល្បាតចិន និងហ្វីលីពីន បើកបុកគ្នា។
សមុទ្រចិនខាងត្បូង មានទំហំ ៣លាន ៥សែនគីឡូម៉ែត្រក្រឡា។ ប្រទេសចិន បានកំពុងទាមទារសិទ្ធិកាន់កាប់ដល់ទៅជាង ៩០ភាគរយ ដោយបញ្ចូលទាំងតំបន់ថ្មប៉ប្រះទឹក និងដែនទឹក ដែលហ្វីលីពីន និងវៀតណាម អះអាងថាស្ថិតក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ពួកគេ។
ក្រៅពីចោទចិន ថាជាអ្នករំខានសន្តិភាពធំបំផុតនៅអាស៊ី ប្រមុខការពារជាតិហ្វីលីពីន បានទទូចឱ្យវៀតណាម និងប្រទេសពាក់ព័ន្ធ រួមគ្នាក្នុងតំបន់ដាក់សម្ពាធលើប្រទេសចិន រហូតទាល់តែទីក្រុងប៉េកាំង យល់ព្រមបញ្ឈប់សកម្មភាពវាតទីកាន់កាប់ដែនទឹករបស់ប្រទេសក្នុងតំបន់។
ក្រោយពីនាវាល្បាតចិន និងហ្វីលីពីន បើកបុកគ្នា សហរដ្ឋអាមេរិកចាប់ផ្ដើមបញ្ជូនយោធារបស់ខ្លួនជិះលើនាវាល្បាតហ្វីលីពីន ទៅកាន់ទីតាំងដែលចិន អះអាងថាជាដែនទឹករបស់ខ្លួន។
ជាមួយគ្នានេះ សហរដ្ឋអាមេរិក ព្រមានចិន ថា បើហ្វីលីពីនធ្លាក់ក្នុងសង្គ្រាមឈ្លានពាន គឺកម្លាំងយោធាអាមេរិកនៅលើទឹកដីហ្វីលីពីន នឹងអន្តរាគមន៍ជួយទ័ពហ្វីលីពីន ដែលក្រុងវ៉ាស៊ីនតោន ថាជាការអនុវត្តសន្ធិសញ្ញាយោធាទ្វេភាគីនៅឆ្នាំ១៩៥១។
ចំពោះការវាយប្រហារពីទីក្រុងម៉ានីល ដែលថាចិនជាប្រទេសរំខានសន្តិភាពធំបំផុតនៅអាស៊ី អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រតិកម្មជាខ្លាំង។ លោក Lin Jian បានលើកឡើងដោយចោទសួរវិញថា ថាតើនរណាកំពុងរំលោភបំពានអធិបតេយ្យភាព និងនរណាកំពុងបង្កហេតុនៅក្នុងសមុទ្រចិនខាងត្បូង? តើនរណានាំកងកម្លាំងសម្ពន្ធមិត្តខាងក្រៅ ឱ្យចូលបំផ្លាញស្ថានភាពសន្តិភាព និងស្ថិរភាពក្នុងតំបន់អាស៊ី?
អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះបានថ្លែងវាយបកវិញថា ទង្វើរបស់ក្រុងម៉ានីល សព្វថ្ងៃនេះ គឺកាន់តែអាក្រក់ខ្លាំងឡើង ដែលកំពុងដើរតួជាកូនអុករបស់អ្នកនៅខាងក្រៅតំបន់។
ករណីនេះ ទំនងលោក Lin Jian និយាយយោងទៅរកសហរដ្ឋអាមេរិក ព្រោះពេលនេះ ប្រទេសមហាអំណាចក្រៅតំបន់មួយនេះបានបញ្ចេញនាវាល្បាតរួមជាមួយនឹងនាវាល្បាតហ្វីលីពីន បើកល្បាតនៅសមុទ្រចិនខាងត្បូង ជាពិសេសនៅតំបន់ប្រទាញប្រទង់គ្នារវាងក្រុងម៉ានីល និងក្រុងប៉េកាំង នៅប្រជុំកោះស្ព្រាលី នៃសមុទ្រចិនខាងត្បូង ដែលក្រុងប៉េកាំង អះអាងថាប្រជុំកោះទាំងនោះគឺជាដែនទឹករបស់ចិន តាំងពីបុរាណកាលមក៕