31 C
Phnom Penh

តំណាង​សហជីព​ការងារ​ចង់​ឱ្យ​មាន​បន្ថែម​កញ្ចប់​ថវិកា​អត្ថប្រយោជន៍​សម្រាប់​កម្មករ​និយោជិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​សង្គម​ស៊ីវិល ស្នើ​ឱ្យ​ក្រុម​សហជីព​ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា​ភាគី​កម្មករ ពិចារណា​ស្វែងរក​លទ្ធភាព​ដាក់​បញ្ចូល​អត្ថប្រយោជន៍​បន្ថែម​ទៀត​សម្រាប់​កម្មករ​និយោជិត ដើម្បី​ធានា​ការ​រស់នៅ​សមរម្យ និង​ភាព​ថ្លៃថ្នូរ​របស់​កម្មករ​ក្នុង​វិស័យ​វាយនភ័ណ្ឌ​កាត់ដេរ។

អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៣ កញ្ញា នេះ​ថា កញ្ចប់​អត្ថប្រយោជន៍​ដែល​ក្រុម​សហជីព​គួរ​ពិចារណា​ដាក់​បញ្ចូល​សម្រាប់​កម្មករ​និយោជិត ដូចជា កញ្ចប់​ការងារ​ទៀងទាត់ ប្រាក់​ឧបត្ថម្ភ​មធ្យោបាយ​ធ្វើ​ដំណើរ​ដោយ​យក​ស្តង់ដា​របស់​រោងចក្រ​ដែល​បាន​ផ្តល់​អត្ថប្រយោជន៍​បាន​ល្អ​ប្រសើរ ប្រាក់​ឧបត្ថម្ភ​លើ​ថ្លៃ​អាហារ និង​ប្រាក់​ឧបត្ថម្ភ​ធ្វើ​ការងារ​ថែម​ម៉ោង ជាដើម។

លោក ឃុន ថារ៉ូ លើកឡើង​ថា ភាគី​ពាក់ព័ន្ធ​ក៏​គួរតែ​សិក្សា​ឱ្យ​បាន​ស៊ីជម្រៅ​ពី​ផលិតភាព ជាពិសេស​គឺ​ការ​កំណត់​ទំហំ​នៃ​ការ​ដេរ​សម្លៀកបំពាក់​ក្នុង​ខ្សែ​សង្វាក់​ផលិតកម្ម​ឱ្យ​បាន​ជាក់លាក់​ទៅ​តាម​ស្តង់ដា​ផង​ដែរ ដើម្បី​ធានា​ថា​កម្មករ​និយោជិត​អាច​មាន​លទ្ធភាព​ផលិត​បាន​ជាមួយ​នឹង​ពេលវេលា​សមរម្យ ដើម្បី​បញ្ចៀស​នូវ​ការ​ដាក់​កំហិត​ណា​មួយ ដែល​នាំ​ឲ្យ​មាន​ការ​ប៉ះពាល់​លើ​សុខភាព និង​ផ្លូវ​អារម្មណ៍​របស់​ពួកគេ។

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​រូប​នេះ​លើកឡើង​ថា ការ​អនុញ្ញាត​ឱ្យ​ថៅកែ​រោងចក្រ​សម្រេច​ការ​ផលិត​តាម​តម្រូវការ​របស់​ក្រុមហ៊ុន​ដែល​មិន​មាន​ការ​កំណត់​ក្នុង​ច្បាប់​ជា​ស្តង់ដា​រួម គឺជា​បញ្ហា​ដ៏​ចម្បង​សម្រាប់​កម្មករ​និយោជិត ដែល​នឹង​បង្ក​ឱ្យ​មាន​សម្ពាធ ឬ​ការ​ព្រមាន​ផ្សេងៗ​នៅ​ពេល​ដែល​កម្មករ​ត្រូវ​ធ្វើការ​លើស​សមត្ថភាព​ទៅ​តាម​ការ​កំណត់​របស់​រោងចក្រ​នោះ។

លោក ឃុន ថារ៉ូ បញ្ជាក់​ថា ក្រុម​សហជីព​ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា​ភាគី​កម្មករ អាច​ពិចារណា​ករណី​ទាំងនេះ ដើម្បី​ស្វែងរក​លក្ខខណ្ឌ​ល្អ​ប្រសើរ​មួយ​សម្រាប់​កម្មករ និង​ស្នើ​ឱ្យ​ក្រសួង​ការងារ ចេញ​សេចក្តី​ប្រកាស​ធានា​អត្ថប្រយោជន៍​ទាំងនោះ​ដែល​គ្មាន​ការ​កាត់កង ឬ​ការ​ដកហូត​ដោយ​ប្រការ​ណា​មួយ​អំឡុង​ពេល​កម្មករ​និយោជិត​បំពេញ​ការងារ​ប្រចាំ​ថ្ងៃ​ធម្មតា​នោះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា​ភាគី​កម្មករ​និយោជិត​បាន​លើក​សំណើ​មួយ​ចំនួន​ដែល​គាំទ្រ​ដល់​កម្មករ​ក្នុង​វិស័យ​ឧស្សាហកម្ម​វាយនភ័ណ្ឌ​កាត់ដេរ​សម្រាប់​ឆ្នាំ​២០២៥ ខាងមុខ​នេះ។

កាលពី​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០២៤ សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា​ភាគី​កម្មករ​និយោជិត បាន​ដាក់​សំណើ​មួយ​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ ដែល​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា ដោយ​ស្នើសុំ​នូវ​អត្ថប្រយោជន៍​ផ្សេងៗ​សម្រាប់​កម្មករ​និយោជិត​ក្នុង​វិស័យ​ឧស្សាហកម្ម​វាយនភ័ណ្ឌ​កាត់ដេរ សម្លៀកបំពាក់ ស្បែកជើង កាបូប និង​សម្ភារៈ​ធ្វើ​ដំណើរ​សម្រាប់​ឆ្នាំ​២០២៥ ខាងមុខ។

ប្រភព​ដដែល​លើកឡើង​ថា ក្រោយពី​បាន​ចូលរួម​ប្រជុំ​ទ្វេភាគី និង​ត្រីភាគី​ជាច្រើន​លើក​កន្លង​មក ភាគី​សហជីព​ក៏​បាន​ប្រជុំ​ផ្ទៃក្នុង​របស់​ខ្លួន និង​បាន​ឯកភាព​គ្នា​ដាក់​សំណើ​ដែល​ជា​អត្ថប្រយោជន៍​ផ្សេងៗ​មួយ​ចំនួន​ជូន​រាជរដ្ឋាភិបាល​ដើម្បី​ឱ្យ​ជួយ​ដោះស្រាយ។

សំណើ​ទាំងនោះ ដូចជា​ការ​ស្នើសុំ​រាជរដ្ឋាភិបាល​បន្ត​ចុះ​ពិនិត្យ និង​បញ្ចុះ​តម្លៃ​ទឹក​ភ្លើង ត​បណ្ដាញ​ទឹក បណ្ដាញ​ភ្លើង​បន្ថែម​ដល់​ផ្ទះ ឬ​បន្ទប់​ជួល​របស់​កម្មករ​និយោជិត​នៅ​កន្លែង​ដែល​មិន​ទាន់​បាន​ត​បណ្ដាញ​នៅ​តាម​ផ្ទះ​ជួល ឬ​បន្ទប់​នីមួយៗ​របស់​កម្មករ​និយោជិត។

ជាង​នេះ​ទៀត ក៏​ស្នើសុំ​ឱ្យ​ក្រុមហ៊ុន​ផ្ដល់​រថយន្ត​ដឹកជញ្ជូន​កម្មករ​ដែល​មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​ដោយ​ឥត​គិត​ថ្លៃ ឬ​បន្ថែម​ប្រាក់​លើ​មធ្យោបាយ​ធ្វើ​ដំណើរ ឬ​ថ្លៃ​ស្នាក់នៅ​របស់​កម្មករ​និយោជិត​ចំនួន ៨​ដុល្លារ​អាម៉េរិក​បន្ថែម​ពី​លើ​ប្រាក់​ដែល​មាន​ស្រាប់​ចំនួន ៧​ដុល្លារ។

បន្ថែម​ពី​នេះ ក៏​ស្នើសុំ​ឱ្យ​រាជរដ្ឋាភិបាល​ដាក់​បញ្ចូល​ថ្លៃ​អាហារ​ថ្ងៃត្រង់​មួយ​ពេល​ចំនួន ១៣​ដុល្លារ​ក្នុង ១​ខែ​សម្រាប់​កម្មករ​និយោជិត​ទៅ​ក្នុង​សេចក្តី​ប្រកាស​របស់​ក្រសួង​ផង​ដែរ និង​ស្នើសុំ​បេឡា​ជាតិ​សន្តិសុខ​សង្គម ពង្រីក​ការ​ចុះបញ្ជី​សមាជិក និង​ពង្រឹង​សេវា​របប​សន្តិសុខ​សង្គម​ឱ្យ​មាន​គុណភាព​ល្អ​ថែម​ទៀត។

សមាជិក​ក្រុមប្រឹក្សា​ជាតិ ក៏​បាន​ស្នើសុំ​ឱ្យ​អធិការកិច្ច​ការងារ​បន្ត​ចុះ​ធ្វើ​អធិការកិច្ច​ឱ្យ​មាន​ប្រសិទ្ធភាព​ចំពោះ​រោងចក្រ​សហគ្រាស​ដែល​មិន​មាន​ការ​ចុះបញ្ជី​ត្រឹមត្រូវ និង​ផាក​ពិន័យ​ឱ្យ​បាន​ធ្ងន់ធ្ងរ ដើម្បី​លុប​បំបាត់​រោងចក្រ​សហគ្រាស​ដែល​ទទួល​ម៉ៅការ​បន្ត។

ស្នើសុំ​ឱ្យ​រាជរដ្ឋាភិបាល និង​ធនាគារ​ជាតិ​នៃ​កម្ពុជា ជួយ​ពិនិត្យ​លើ​អត្រា​ការប្រាក់ ការ​គណនា​ប្រាក់​មិន​សមរម្យ អត្រា​ថ្លៃ​រដ្ឋបាល​ពី​ខែ​ទី​១ រហូត​ដល់​បង់​បញ្ចប់ និង​បែបបទ​បំពេញ​ក្នុង​ការ​បង់​រំលស់​នានា​របស់​កម្មករ​និយោជិត ដែល​មាន​អត្រា​ការប្រាក់​ខ្ពស់​ហួសហេតុ​តាម​អំពើ​ចិត្ត​សព្វថ្ងៃ​នេះ។

ប្រភព​ដដែល​បញ្ជាក់​ថា ចុងក្រោយ គឺ​ស្នើសុំ​ឱ្យ​រាជរដ្ឋាភិបាល​ជួយ​សម្រួល​ក្នុង​ការ​បញ្ចុះ​តម្លៃ​ភស្តុភារ ជាពិសេស​កម្រៃ​ទាក់ទង​នឹង​សេវា​បញ្ចេញ​ទំនិញ​នាំចេញ​នាំចូល (Clearance fees) ឲ្យ​ម្ចាស់​រោងចក្រ​សហគ្រាស​មាន​លទ្ធភាព​ក្នុង​ការ​ដំឡើង​ប្រាក់ឈ្នួល​សម្រាប់​កម្មករ​និយោជិត​ផង​ដែរ។

ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា បាន​ចាប់កំណើត​ឡើង​នៅ​ពាក់កណ្ដាល​ទសវត្សរ៍​១៩៩០ ក្រោយ​ការ​បង្កើត​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ ដែល​បាន​ប្រែ​ក្លាយ​សេដ្ឋកិច្ច​កម្ពុជា​ជា​ទីផ្សារ​សេរី និង​ច្បាប់​វិនិយោគ​នានា​ដែល​ផ្ដល់​នូវ​កិច្ច​អនុគ្រោះ​ជាច្រើន​ចំពោះ​វិនិយោគិន​នៃ​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា។

នៅ​ឆ្នាំ​១៩៩៩ កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ផលិតផល​វាយនភ័ណ្ឌ និង​សម្លៀកបំពាក់​ជាមួយ​សហរដ្ឋ​អាមេរិក។ តាម​កិច្ចព្រមព្រៀង​នេះ សហរដ្ឋ​អាមេរិក​អាច​បង្កើន​ការ​នាំចូល​ពី​ប្រទេស​កម្ពុជា​ជា​រៀង​រាល់​ឆ្នាំ ប្រសិនបើ​លក្ខខណ្ឌ​ការងារ​នៅ​តាម​បណ្ដា​រោងចក្រ​នានា​មាន​សភាព​ប្រសើរ ដោយ​អនុលោម​តាម​ច្បាប់ និង​បទដ្ឋាន​ការងារ​ក្នុង​ស្រុក និង​អន្តរជាតិ។

នៅ​ឆ្នាំ​២០០១ អង្គការ​ពលកម្ម​អន្តរជាតិ (អាយឡូ) បាន​បង្កើត​កម្មវិធី​មួយ​ឈ្មោះ រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា ដើម្បី​ឃ្លាំមើល​ស្ថានភាព​ការងារ​នៅ​តាម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ក្នុង​គោលបំណង​ធ្វើ​ឲ្យ​លក្ខខណ្ឌ​ការងារ​អនុលោម​តាម​កិច្ចព្រមព្រៀង ផលិតផល​វាយនភ័ណ្ឌ និង​សម្លៀកបំពាក់ ហើយ​ក៏​កំពុង​ដំណើរការ​សព្វថ្ងៃ​នេះ​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស