29 C
Phnom Penh

ក្រសួង​មហាផ្ទៃ​ចាត់ទុក​ការ​រុះរើ​បដា​ទាមទារ​ដោះលែង​លោក កើត សារ៉ាយ មុខ​ទីស្នាក់ការ​អាដហុក​ខេត្ត​កំពង់ចាម​ថា​ជា​ការ​សមស្រប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​មហាផ្ទៃ អះអាង​ថា ការ​រុះរើ​បដា​ទាមទារ​ដោះលែង​លោក កើត សារ៉ាយ នៅ​ខាង​មុខ​ទីស្នាក់ការ​សមាគម​អាដហុក នៅ​ខេត្ត​កំពង់ចាម របស់​អាជ្ញាធរ​មូលដ្ឋាន ថា​ជា​ការ​ត្រឹមត្រូវ។

ក្នុង​សេចក្ដី​ជូនដំណឹង​របស់​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃទី​១៨ ខែ​កញ្ញា ឱ្យ​ដឹង​ថា ចំណាត់ការ​របស់​រដ្ឋបាល​ក្រុង​កំពង់ចាម ដែល​ចុះ​រុះរើ​បដា​ទាមទារ​ឲ្យ​ដោះលែង​លោក កើត សារ៉ាយ នៅ​ខាង​មុខ​ទីស្នាក់ការ​សមាគម​អាដហុក​នោះ ថា​មិន​មាន​អ្វី​ខុស​នោះ​ទេ។

ក្រសួង​មាន​សមត្ថកិច្ច​មួយ​នេះ​អះអាង​ថា ការ​រុះរើ​នេះ​ដើម្បី​ធានា​ឲ្យ​បាន​នូវ​សណ្ដាប់ធ្នាប់​សាធារណៈ និង​របៀប​រៀបរយ​សង្គម ខណៈ​ការ​ទាមទារ ឬ​ស្នើសុំ​របស់​សមាគម​ឱ្យ​ដោះលែង​ជនសង្ស័យ​ណា​មួយ​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ចំណាត់ការ​របស់​ស្ថាប័ន​តុលាការ គួរ​ធ្វើ​ឡើង​ស្រប​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន។

ការ​លើកឡើង​នេះ បន្ទាប់ពី​សមាគម​អាដហុក កាលពី​ថ្ងៃទី​២៤ ខែ​កក្កដា បាន​ចេញ​លិខិត​មួយ​ទៅ​ក្រសួង​មហាផ្ទៃ ក្រោយពី​ស្នងការ​រង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម កាលពី​ថ្ងៃទី​៨ ខែ​កក្កដា បាន​ដឹកនាំ​កម្លាំង​នគរបាល​ជាច្រើន​នាក់ បញ្ជា​ឲ្យ​មន្ត្រី​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​នៅ​ទីស្នាក់ការ​ខេត្ត​កំពង់ចាម ដោះ​បដា​ដែល​ទាមទារ​ឲ្យ​ដោះលែង​លោក កើត សារ៉ាយ ចេញ​ពី​មុខ​ទីស្នាក់ការ​ប្រចាំ​ខេត្ត​នេះ​វិញ។

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​៥ ខែ​មេសា នៅ​ទីស្នាក់ការ​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ក្នុង​ទីក្រុង​ភ្នំពេញ ក្រោយពី​លោក​បាន​ចុះ​ទៅ​ស្វែងយល់​ពី​ទុក្ខ​លំបាក​របស់​ពលរដ្ឋ​នៅ​ឃុំ​ស្រយង់ ដែល​កំពុង​លាក់​ខ្លួន​គេច​ពី​ការ​តាម​ចាប់​របស់​សមត្ថកិច្ច​ខេត្ត​ព្រះវិហារ កាលពី​ថ្ងៃទី​២១ ខែ​មីនា និង​ផ្ដល់​បទសម្ភាសន៍​ទៅ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ។

ទាក់ទង​នឹង​រឿង​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ជំរុញ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដោះលែង​លោក កើត សារ៉ាយ ឲ្យ​មាន​សេរីភាព​វិញ និង​ងាក​មក​ស្ដារ​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស