34.1 C
Phnom Penh

សង្គម​ស៊ីវិល​រក​ឃើញ​ថា​ការ​រំលោភ​បំពាន​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា​កើន​ឡើង​ជាង ៩០% ក្នុង​ឆ្នាំ​២០២៤

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សង្គម​ស៊ីវិល​អះអាង​ថា រយៈពេល​ពេញ ១​ឆ្នាំ​ក្នុង​ឆ្នាំ​២០២៤ ការ​រំលោភ​បំពាន​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា តាមរយៈ​ការ​ជួបជុំ​ដោយ​សន្តិវិធី និង​ការ​ផ្សព្វផ្សាយ​អំពី​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ បាន​កើន​ឡើង​ជាង ៩០% ដោយសារតែ​អាជ្ញាធរ​មូលដ្ឋាន​រឹតត្បិត។

សមាគម​ការពារ​សិទ្ធិមនុស្ស និង​ការ​អភិវឌ្ឍន៍​នៅ​កម្ពុជា (អាដហុក) ចេញ​របាយការណ៍​ស្ដីពី​ការ​រឹតត្បិត​សេរីភាព​បញ្ចេញមតិ និង​សេរីភាព​ជួបជុំ​នៅ​មូលដ្ឋាន​នៅ​ថ្ងៃទី​១០ កុម្ភៈ នេះ​ថា អាជ្ញាធរ​តាម​សហគមន៍​មូលដ្ឋាន​ក្នុង​ភូមិ​ជិត ៣០០ (២៩៦​ភូមិ) ឃុំ-សង្កាត់​ជាង ១០០ (១១១​ឃុំ-សង្កាត់) និង​ស្រុក-ក្រុង​ជាង ៦០ ក្នុង​ខេត្ត​គោលដៅ​ចំនួន ២២ បាន​រឹតត្បិត​សិទ្ធី​សេរីភាព​បញ្ចេញមតិ​តាមរយៈ​នៃ​ការ​ជួបជុំ​ដោយ​សន្តិវិធី​យ៉ាង​ធ្ងន់ធ្ងរ។

របាយការណ៍​ដដែល​អះអាង​ថា អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រើ​រូបភាព​គំរាមកំហែង​រាល់​ពេល​ជួប​ប្រជុំ ដូចជា ការ​ថត​រូប​ជា​សន្លឹក និង​វីដេអូ ការ​សួរ​រក​លិខិត​អនុញ្ញាត ការ​រារាំង​មិន​ឱ្យ​ធ្វើការ​ផ្សព្វផ្សាយ ការ​តម្រូវ​ឱ្យ​ជូនដំណឹង​មុន​ធ្វើការ​ផ្សព្វផ្សាយ សុំ​បញ្ជី​វត្តមាន​អ្នក​ចូលរួម ការ​ឃ្លាំមើល​នៅ​កន្លែង​ជួប​ប្រជុំ ការ​សួរនាំ​អ្នក​ចូលរួម​ដោយ​ប្រើ​ពាក្យ​គំរាមកំហែង និង​ការ​ឃ្លាំមើល​ដោយ​ការ​កត់ត្រា​ផ្សេងៗ ជាដើម។

អាដហុក ស្នើ​ឱ្យ​ក្រសួង​មហាផ្ទៃ ចាត់​វិធានការ​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន កុំ​ឱ្យ​ពួកគេ​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​ជាតិ និង​អន្តរជាតិ ជាពិសេស​សេចក្ដី​ជូនដំណឹង (ស.ជ.ណ) របស់​ក្រសួង​មហាផ្ទៃ ជាដើម។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១០ កុម្ភៈ នេះ​ថា បើ​រដ្ឋាភិបាល​ថ្មី​នេះ​មិន​កែប្រែ​មុខមាត់​របស់​ខ្លួន​ទេ កម្ពុជា​ក៏​ចៀស​មិន​ផុត​ពី​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​អន្តរជាតិ​បន្ត​ទៀត​ដែរ ខណៈ​ទណ្ឌកម្ម​នានា​ក៏​អាច​នឹង​កើត​មាន​ឡើង​បន្ត​ទៀត​ដែរ។

លោក សេក សុជាតិ លើកឡើង​ថា ការ​ធានា​បាន​នូវ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ គឺជា​មុខមាត់ និង​កិត្តិយស​ដ៏​ធំ​សម្រាប់​រដ្ឋាភិបាល​លើ​ឆាក​អន្តរជាតិ ហើយ​កិត្តិយស និង​មុខមាត់​ទាំងនេះ​ក៏​នឹង​ផ្តល់​ជា​ប្រយោជន៍​ដល់​ប្រទេស​ជាតិ និង​ពលរដ្ឋ​ខ្មែរ​ដែរ។

អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​ផ្នត់គំនិត​រូប​នេះ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ពិនិត្យ​ការ​អនុវត្ត​របស់​សមត្ថកិច្ច​នៅ​មូលដ្ឋាន​ឡើងវិញ សម្រាប់​ការ​ដឹកនាំ​ក្នុង​អាណត្តិ​ថ្មី​របស់​ខ្លួន ដែល​ទើប​នឹង​ដំណើរការ​រយៈពេល​ជាង ១​ឆ្នាំ​មក​នេះ ហើយ​ការ​ធ្វើ​បែប​នេះ​ក៏​ដើម្បី​ធានា​នូវ​សុខភាព​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដឹកនាំ​យូរអង្វែង​ផង​ដែរ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស