សមត្ថកិច្ចចាប់ខ្លួនអ្នកសារព័ត៌មានសេរី (Freelance Journalist) លោក ម៉ិច ដារ៉ា នៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ខណៈលោកកំពុងឈប់រថយន្តនៅបញ្ជរបង់ប្រាក់នៅលើផ្លូវល្បឿនលឿន ដោយផ្អែកតាមដីការបស់តុលាការដែលបញ្ជាឱ្យចូលខ្លួន ទាក់ទងទៅនឹងការបង្ហោះរូបភាពចំនួនពីរសន្លឹកដែលបង្ហាញពីប្រតិបត្តិការយកថ្មភ្នំនៅរមណីយដ្ឋានបាភ្នំ ស្ថិតក្នុងខេត្តព្រៃវែង។
បើយោងតាមសាច់ញាតិរបស់លោក ម៉ិច ដារ៉ា បានឲ្យដឹងថា សមត្ថកិច្ចចាប់ខ្លួនលោក ម៉ិច ដារ៉ា នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ខណៈលោកកំពុងឈប់រថយន្តនៅបញ្ជរបង់ប្រាក់លើផ្លូវល្បឿនលឿនក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។ រហូតមកដល់ពេលនេះ គ្រួសាររបស់លោកមិនទាន់ដឹងថា តើលោក ម៉ិច ដារ៉ា ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅកន្លែងណានៅឡើយទេ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត ប្រាប់អ្នកសារព័ត៌មានថា លោក ម៉ិច ដារ៉ា បានផ្ញើសារពីការចាប់ខ្លួនលោកមកកាន់អង្គការលីកាដូ នៅមុនពេលទូរសព្ទរបស់លោកត្រូវបានដកហូត។ រហូតមកដល់ពេលនេះ អង្គការលីកាដូនៅមិនទាន់ដឹងថា សមត្ថកិច្ចបញ្ជូនលោក ម៉ិច ដារ៉ា ទៅទីណា និងចោទប្រកាន់អ្នកសារព័ត៌មានរូបនេះពីរឿងអ្វីឡើយ។
ប្រភពដដែលបានអះអាងថា អង្គការសង្គមស៊ីវិលជំរុញឱ្យអាជ្ញាធរបង្ហាញមូលហេតុនៃការចាប់ខ្លួន ក៏ដូចជាកន្លែងនៃការឃាត់ខ្លួន ឬឃុំខ្លួនលោក ម៉ិច ដារ៉ា ដើម្បីឱ្យក្រុមគ្រួសាររបស់លោក ម៉ិច ដារ៉ា បានដឹង ខណៈពួកគេកំពុងមានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់លោក ម៉ិច ដារ៉ា។
បើតាមការិយាល័យនៃឧត្ដមស្នងការទទួលបន្ទុកផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានឲ្យដឹងថា លោក ម៉ិច ដារ៉ា ត្រូវបានចៅក្រមស៊ើបសួររាជធានីភ្នំពេញ បញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្នបន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ពាក់ព័ន្ធនឹងខ្លឹមសារដែលបង្ហោះលើបណ្ដាញសង្គមកាលពីថ្ងៃទី២០, ២៣, ២៦, ២៨ និងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤។
គិតត្រឹមម៉ោង ៩ព្រឹកថ្ងៃទី១ ខែតុលា គេនៅមិនទាន់ដឹងថា លោក ម៉ិច ដារ៉ា ស្ថិតនៅទីណានៅឡើយទេ ហើយក៏មិនទាន់ដឹងពីមូលហេតុនៃការចាប់ខ្លួននេះដែរ។
ទោះបីយ៉ាងនេះក្តី មួយថ្ងៃមុនពេលចាប់ខ្លួន លោក ម៉ិច ដារ៉ា បានបង្ហោះរូបភាពចំនួនពីរសន្លឹកជាប់គ្នា ដោយមួយបង្ហាញពីប្រតិបត្តិការយកថ្មភ្នំដែលមានសរសេរអក្សរបិទលើរូបថា «បាភ្នំឥឡូវ» និងមួយទៀតបង្ហាញពីជណ្ដើរថ្មឡើងទៅកាន់រមណីយដ្ឋានបាភ្នំ ដែលមានសរសេរអក្សរបិទលើរូបថា «បាភ្នំពីដើម» ដោយភ្ជាប់ជាមួយសំណេរលើរូបភាពទាំងនេះថា «ការអភិវឌ្ឍដ៏អស្ចារ្យ»។
ការបង្ហោះនេះ ត្រូវបានរដ្ឋបាលស្រុកបាភ្នំ ច្រានចោល និងចោទលោក ម៉ិច ដារ៉ា ថាផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ហើយរដ្ឋបាលស្រុកបាភ្នំ នៅក្នុងវីដេអូជិត ៤នាទីបានស្នើឱ្យក្រសួងព័ត៌មាន ចាត់វិធានការផ្លូវច្បាប់ចំពោះលោក ម៉ិច ដារ៉ា។
វីដេអូរបស់រដ្ឋបាលស្រុកបាភ្នំ ត្រូវបានក្រសួងព័ត៌មាន អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល និងទំព័រហេ្វសប៊ុកមួយចំនួនទៀតរបស់រដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា យកមកផ្សព្វផ្សាយបន្តលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនយ៉ាងព្រោងព្រាត។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី បានប្រាប់សារព័ត៌មាន ខេមបូចា នៅថ្ងៃទី៣០ ខែកញ្ញា ថា ការចាប់ខ្លួននេះ ធ្វើឡើងតាមដីកាចាប់ខ្លួន ប៉ុន្តែលោកមិនបានបញ្ជាក់ថា នរណាជាដើមបណ្ដឹង ហើយថាតើអ្នកសារព័ត៌មានរូបនេះត្រូវបានបញ្ជូនទៅកន្លែងណានោះទេ។
លោក ម៉ិច ដារ៉ា ជាអ្នកសារព័ត៌មានកម្ពុជាដែលរាយការណ៍យ៉ាងសកម្មពីការជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងឆ្នាំ២០២៣ លោកបានឈ្នះពានរង្វាន់របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ស្ដីពីការរាយការណ៍នៃអំពើជួញដូរមនុស្ស។
លោក ម៉ិច ដារ៉ា ធ្លាប់ជាអ្នកសារព័ត៌មាននៅស្ថាប័នសារព័ត៌មានឯករាជ្យមួយចំនួន ដូចជា សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) សារព័ត៌មានភ្នំពេញប៉ុស្តិ៍ និងវិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី មុនពេលអាជ្ញាបណ្ណប្រព័ន្ធផ្សព្វផ្សាយមួយនេះត្រូវបានដកហូតកាលពីខែកុម្ភៈ ឆ្នាំ២០២៣។
បច្ចុប្បន្ន លោក ម៉ិច ដារ៉ា ជាអ្នកសារព័ត៌មានឯករាជ្យ (Freelance Journalist)។
អ្នកសង្កេតការណ៍បរទេសខ្លះបានបង្ហើបឲ្យដឹងថា ការចាប់ខ្លួនលោក ម៉ិច ដារ៉ា នៅពេលនេះ គឺដោយសារលោកបានតាមដាន និងសរសេរព័ត៌មានពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើឧកញ៉ា លី យ៉ុងផាត់ ដែលជាមេខ្លោងរកលុយឱ្យគណបក្សប្រជាជនកម្ពុជា តាមរយៈការប្រព្រឹត្តអំពើជួញដូរមនុស្ស និងពលកម្មដោយបង្ខំក្នុងជំនួញឆបោកតាមអនឡាញ និងរូបិយប័ណ្ណគ្រីបតូ (Crypto Currency)៕