អ្នកឃ្លាំមើលលើកឡើងថា អន្តរជាតិពិបាកនឹងជឿលើការធានាក្នុងការអនុវត្តសិទ្ធិសេរីភាពសារព័ត៌មានរបស់រដ្ឋាភិបាលកម្ពុជាខ្លាំងណាស់ ដោយសារតែការបង្ក្រាបលើអ្នកសារព័ត៌មាន និងស្ថាប័នសារព័ត៌មានឯករាជ្យ ចេះតែបន្តកើតមានសព្វថ្ងៃនេះ។
អ្នកផ្តល់ប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៩ តុលា នេះថា ក្នុងក្រសែភ្នែកអន្តរជាតិមានភស្តុតាងជាច្រើនមុននឹងពួកគេបានសម្រេចចាត់ថ្នាក់កម្ពុជាជាប្រទេសដែលរឹតត្បិតសេរីភាពសារព័ត៌មាន ខណៈរដ្ឋាភិបាលក៏ហាក់ដូចជាមិនបន្ធូរដៃក្នុងការបង្ក្រាបលើអ្នកសារព័ត៌មាន និងស្ថាប័នសារព័ត៌មានឯករាជ្យដែរ។
លោក សេក សុជាតិ លើកឡើងថា មិនថាតែអន្តរជាតិទេដែលរិះគន់រដ្ឋាភិបាលពីការអនុវត្តសិទ្ធិសេរីភាពសារព័ត៌មាន សូម្បីតែពលរដ្ឋក៏មានការមិនពេញចិត្តជុំវិញបញ្ហានេះដែរ ព្រោះពួកគាត់មើលឃើញថា ការអនុវត្តច្បាប់លើអ្នកសារព័ត៌មានឯករាជ្យហាក់មានការរឹតត្បិតខ្លាំង ខណៈអ្នកសារព័ត៌មានដែលលើកតម្កើងរដ្ឋាភិបាលហាក់មានសេរីភាពទូលំទូលាយជាង។
អ្នកផ្តល់ប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតរូបនេះបញ្ជាក់ថា សម្រាប់អ្នកសារព័ត៌មាន ឬស្ថាប័នសារព័ត៌មានឯករាជ្យ កម្រនឹងទទួលបានការស្នើសុំពីរដ្ឋាភិបាលឱ្យកែតម្រូវខ្លាំងណាស់នៅពេលដែលពួកគេយល់ឃើញការផ្សព្វផ្សាយណាមួយដែលមិនត្រឹមត្រូវ គឺមានតែការចាប់ខ្លួន ឬផ្អាកដំណើរការស្ថាប័នសារព័ត៌មាននោះតែម្តង។
លោកគូសបញ្ជាក់ថា ការធ្វើបែបនេះគ្រាន់តែបង្ហាញទៅកាន់ភ្នែកអន្តរជាតិ និងពលរដ្ឋពីចេតនាដ៏ជាក់លាក់មួយក្នុងការតាមកម្ទេចអ្នកសារព័ត៌មានឯករាជ្យ ជាជាងការដាស់តឿនក្នុងការលើកកម្ពស់សិទ្ធិសេរីភាពសារព័ត៌មាន ដើម្បីឱ្យការអនុវត្តសិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែមានភាពល្អប្រសើរប៉ុណ្ណោះ។
កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានអះអាងថា ការចាប់ខ្លួនអ្នកសារព័ត៌មានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ពុំមែនជាការរំលោភសិទ្ធិឡើយ ប៉ុន្តែគឺជាការរក្សាសន្តិសុខសង្គមប៉ុណ្ណោះ។
លោក ទូច សុខៈ លើកឡើងថា អ្នកសារព័ត៌មានមិនអាចចុះផ្សាយអត្ថបទដែលនាំឱ្យមានសង្គ្រាម និងភាពវឹកវរដល់សង្គមដាច់ខាត ព្រោះថាក្នុងនាមជាអ្នកសារព័ត៌មាន មិនអាចកែច្នៃរូបភាព ឬវីដេអូដោយខ្លួនឯងដើម្បីផ្សព្វផ្សាយទៅក្នុងសង្គមឡើយ ត្បិតការធ្វើបែបនេះមិនត្រូវបានចាត់ទុកថាការផ្សព្វផ្សាយព័ត៌មាននោះទេ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះបញ្ជាក់ថា សេរីភាពសារព័ត៌មានមិនមែនមានន័យថា អ្នកសារព័ត៌មានអាចផ្សព្វផ្សាយព័ត៌មាននានាដោយអនាធិបតេយ្យឡើយ គឺត្រូវគោរពតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ ព្រមទាំងក្រមសីលធម៌ផ្សេងៗផងដែរ។
ទោះជាបែបនេះក្តី អ្នកឃ្លាំមើលសង្គម លោក ស៊ឹង សែនករុណា លើកឡើងកាលពីពេលថ្មីៗនេះថា ប្រទេសកម្ពុជាកំពុងប្រឈមនឹងការបាត់បង់សេរីភាពសារព័ត៌មានធ្ងន់ធ្ងរ នៅពេលដែលរដ្ឋាភិបាលបក្សកាន់អំណាចប្រើយុទ្ធនាការតាមបំបិទសិទ្ធិសេរីភាពបញ្ចេញមតិរបស់សារព័ត៌មានឯករាជ្យនៅក្រៅស្រុក ខណៈសារព័ត៌មានឯករាជ្យនៅក្នុងស្រុកត្រូវបានបោសសម្អាតទៅហើយនោះ។
លោកអះអាងថា សារព័ត៌មានឯករាជ្យចំនួន៣ ដូចជា The Cambodia Daily, Radio Free Asia និងវិទ្យុផ្សាយសំឡេង VOD បានរងនូវការវាយប្រហារពីក្រុមរបស់រដ្ឋាភិបាលកម្ពុជាយ៉ាងធ្ងន់ធ្ងរ ដោយការចូលទៅជេរបញ្ចោរក្នុងប្រអប់បញ្ចេញមតិរាល់ពេលការផ្សាយម្តងៗ។
លោក ស៊ឹង សែនករុណា បង្ហាញថា ក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២៤ នេះ សារព័ត៌មាន The Cambodia Daily ត្រូវក្រុមវាយប្រហាររបស់រដ្ឋាភិបាលកម្ពុជាចូលទៅជេរបញ្ចោរជិត ១លាន Comment ចំណែកវិទ្យុអាស៊ីសេរីមានចំនួនជាង ៣លាន Comment ខណៈវិទ្យុផ្សាយសំឡេង VOD ក៏រងនូវការជេរប្រមាថជាង ៥សែន Comment ដែរ ហើយពួកគេសរសេរដូចៗគ្នា គឺដូចជាពាក្យថា ឈប់បានឈប់ទៅ ផ្សាយឡប់ៗ ផ្សាយបែកៗ និងពាក្យថា ផ្សាយលម្អៀង ជាដើម៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

