អ្នកស្រាវជ្រាវអំពីការអភិវឌ្ឍផ្នត់គំនិត ជំរុញឱ្យគណបក្សក្នុងសម្ព័ន្ធភាពឆ្ពោះទៅអនាគត រៀបចំការដឹកនាំរបស់ខ្លួនឱ្យមានប្រជាធិបតេយ្យផ្ទៃក្នុង ដើម្បីសម្រេចបំណងក្នុងការបង្រួបបង្រួមអ្នកប្រជាធិបតេយ្យឆ្ពោះទៅរកគោលដៅនៃការប្រកួតប្រជែងក្នុងការបោះឆ្នោតខាងមុខ។
អ្នកផ្តល់ប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៤ តុលា នេះថា លោកសាទរចំពោះសម្ព័ន្ធភាពរបស់គណបក្សទាំង ៥ ដែលធ្វើឡើងក្នុងគោលបំណងប្រមូលផ្ដុំអ្នកប្រជាធិបតេយ្យដើម្បីចងក្រងកម្លាំងនយោបាយសម្រាប់ធ្វើសកម្មភាពក្នុងការស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឱ្យមានភាពល្អប្រសើរ។
លោក សេក សុជាតិ លើកឡើងថា ការបង្កើតសម្ព័ន្ធភាព គឺជាការលំបាកមួយហើយ ប៉ុន្តែការរក្សាភាពរឹងមាំយូរអង្វែង និងនិរន្តរភាពរបស់សម្ព័ន្ធនេះឱ្យរីកចម្រើនទៅមុខ រឹតតែជាការលំបាកថែមទៀត ដូច្នេះការបែងចែកតួនាទីភារកិច្ចគ្រប់គ្រងសម្ព័ន្ធភាពឱ្យបានត្រឹមត្រូវ គឺជារឿងចាំបាច់បំផុត ព្រោះសម្ព័ន្ធនេះត្រូវរួមបញ្ចូលពីគណបក្សជាច្រើន ដែលចំណុចនេះគឺជាឧបសគ្គប្រឈមយ៉ាងខ្លាំង។
ប្រភពខាងលើបញ្ជាក់ថា ប្រសិនបើការរៀបចំដឹកនាំបានល្អ សម្ព័ន្ធភាពនេះនឹងរីកចម្រើនទៅមុខ ខណៈបក្សនយោបាយដទៃទៀត ក៏អាចនឹងចូលរួមដែរ ប៉ុន្តែបើសម្ព័ន្ធនេះមានបញ្ហា នោះក៏ជាហេតុផលអវិជ្ជមានមួយក្នុងការបង្រួបបង្រួមកម្លាំងអ្នកប្រជាធិបតេយ្យដែរ ដូច្នេះការកំណត់តួនាទី និងការទទួលខុសត្រូវក្នុងរចនាសម្ព័ន្ធនៃសម្ព័ន្ធភាពនេះឱ្យមានភាពជាក់លាក់ គឺមិនអាចធ្វេសប្រហែសបានឡើយ។
លោក សេក សុជាតិ គូសបញ្ជាក់ថា ដើម្បីការកំណត់តួនាទី ត្រូវតែធ្វើឡើងក្រោមលក្ខខណ្ឌប្រជាធិបតេយ្យផ្ទៃក្នុងជាដាច់ខាត ដើម្បីជ្រើសរើសរកមនុស្សដែលមានសមត្ថភាពដឹកនាំគ្រប់គ្រងគ្រប់សកម្មភាពរបស់ខ្លួន ក្នុងនោះ បទបញ្ជាផ្ទៃក្នុង និងលក្ខខណ្ឌនានាក៏ត្រូវចែងកំណត់ឱ្យលម្អិតដែរ ដើម្បីធានាប្រសិទ្ធភាពការងារ និងការពារការទម្លាក់កំហុសដាក់គ្នានៅពេលមានបញ្ហាក្នុងពេលអនុវត្ត។
កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ គណបក្សក្នុងសម្ព័ន្ធភាពឆ្ពោះទៅអនាគត បានប្រារព្ធសន្និសីទសារព័ត៌មានមួយស្ដីពីសកម្មភាព ១ឆ្នាំរបស់ខ្លួន ហើយក៏ជាការរៀបចំពិធីទទួលគណបក្សកម្ពុជានិយម ដែលបានប្រកាសចូលរួមក្នុងសម្ព័ន្ធភាពឆ្ពោះទៅអនាគតដែរ ដែលគិតជាសរុប គឺមាន ៥គណបក្សហើយក្នុងសម្ព័ន្ធភាពនេះ គឺបក្សភ្លើងទៀន បក្សឆន្ទៈខ្មែរ បក្សប្រជាធិបតេយ្យមូលដ្ឋាន បក្សកែទម្រង់កម្ពុជា និងបក្សកម្ពុជានិយម។
ជុំវិញការរួបរួមនេះ សម្ព័ន្ធភាពឆ្ពោះទៅអនាគត បានបញ្ជាក់ថា ការរួបរួមនេះធ្វើឡើងក្នុងស្មារតីរួបរួមសាមគ្គីនៃអ្នកប្រជាធិបតេយ្យសេរី ក្នុងបំណងពង្រឹង លើកស្ទួយការគោរពសិទ្ធិមនុស្ស សិទ្ធិសេរីភាព និងរបបប្រជាធិបតេយ្យសេរីពហុបក្ស ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានរបស់កម្ពុជា។
សម្ព័ន្ធភាពឆ្ពោះទៅអនាគត ត្រូវបានបង្កើតឡើងដោយគណបក្សភ្លើងទៀន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សកែទម្រង់កម្ពុជា និងគណបក្សឆន្ទៈខ្មែរ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ក្នុងបំណងប្រមូលកម្លាំងអ្នកប្រជាធិបតេយ្យឡើងវិញ ដើម្បីត្រៀមប្រកួតប្រជែងការបោះឆ្នោតនៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ ខាងមុខនេះ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

