អគ្គស្នងការនគរបាលជាតិកម្ពុជា បដិសេធការផ្សព្វផ្សាយនៃសារព័ត៌មានប្រទេសកូរ៉េខាងត្បូង KBS News ដែលបានចុះផ្សាយអំពើបង្ខាំងពលរដ្ឋនៃសាធារណរដ្ឋកូរ៉េ ឱ្យធ្វើការខុសច្បាប់ និងចាប់ជំរិតនៅប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះ។
អគ្គស្នងការនគរបាលជាតិ លោក ស ថេត ត្រូវបានសារព័ត៌មានដែលស្និទ្ធនឹងរដ្ឋាភិបាលកម្ពុជា ស្រង់សម្ដីនៅថ្ងៃទី២៤ តុលា នេះថា ចំពោះការផ្សព្វផ្សាយព័ត៌មានក្នុងទូរទស្សន៍កូរ៉េខាងត្បូង KBS News ជុំវិញអំពើបង្ខាំងមនុស្ស និងអំពើចាប់ជំរិតនេះ មិនមែនជាការពិតឡើយ ហើយអគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការបដិសេធយ៉ាងដាច់អហង្ការ និងច្រានចោលនូវព័ត៌មានដែលបានចុះផ្សាយនេះទាំងស្រុង។
លោក ស ថេត លើកឡើងថា ក្រោយឃើញការចែកចាយរបស់សារព័ត៌មានកូរ៉េ លោកបានបញ្ជាកម្លាំងជំនាញបើកការស្រាវជ្រាវភ្លាមៗ ហើយជាលទ្ធផលនៃការស្រាវជ្រាវ បានរកឃើញថា កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ មានជនជាតិកូរ៉េម្នាក់បានទាក់ទងមកប្រព័ន្ធទូរសព្ទទាន់ហេតុការណ៍ និងបានអះអាងថាប្ដីរបស់ខ្លួនធ្វើការនៅអគារអាយខន ស្ថិតក្នុងខណ្ឌសែនសុខ ដោយទាក់ទងមិនបាន។
លោកថា ក្រោយមក កម្លាំងជំនាញក៏បានចុះទៅដល់ទីតាំងដែលសង្ស័យ និងរកឃើញថាមិនមានការចាប់ជំរិត ឬចាប់បង្ខាំងមនុស្សដោយខុសច្បាប់នោះទេ រួចហើយសមត្ថកិច្ចក៏បានរកឃើញជនជាតិកូរ៉េនោះ និងប្រគល់ទៅឱ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីធ្វើការសួរនាំ ខណៈជនជាតិកូរ៉េដដែលនេះ បានអះអាងថាខ្លួនមិនត្រូវបានចាប់ជំរិត ឬបង្ខាំងឲ្យធ្វើការដោយខុសច្បាប់នោះទេ។
អគ្គស្នងការនគរបាលជាតិរូបនេះបញ្ជាក់ថា ក្រោយបញ្ចប់ការសួរនាំតាមនីតិវិធី នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជូនជនជាតិកូរ៉េខាងត្បូងរូបនោះឱ្យត្រឡប់ទៅកាន់ប្រទេសកំណើតរបស់គេវិញតែម្តង។
កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានប្រទេសកូរ៉េខាងត្បូង KBS News បានចុះផ្សាយតាមការរាយការណ៍របស់ជនរងគ្រោះជនជាតិកូរ៉េ ចំនួន ២នាក់ដែលបានរងគ្រោះក្នុងអំពើចាប់ជំរិតថា កាលពីថ្ងៃទី១ ខែកក្កដា ពួកគេបានធ្វើដំណើរទៅប្រទេសកម្ពុជា ក្រោយធ្វើការទំនាក់ទំនងរកស៊ីជាមួយ។
ប្រភពដដែលថា ពេលដែលរូបគេទៅដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ មិនឃើញមនុស្សដែលខ្លួនបានទំនាក់ទំនងនោះទេ គឺមានតែជនជាតិចិន និងជនជាតិខ្មែរដែលបានទៅចាប់បង្ខំឱ្យឡើងរថយន្តទៅវិញ។ ក្រោយពីឡើងលើរថយន្ត បុរសជនជាតិចិនម្នាក់បានដកកាំភ្លើងខ្លីចេញពីក្នុងកាបូបរបស់គេដាក់លើភ្លៅរបស់ខ្លួនថែមទៀត។
ជនរងគ្រោះរូបនេះបន្តថា បន្ទាប់ពីចាកចេញពីព្រលានយន្តហោះបានបន្តិច រថយន្តនោះបានឈប់នៅសណ្ឋាគារមួយ ខណៈបុរសជនជាតិចិនក៏បានទារលេខសម្ងាត់គណនីធនាគារ ប៉ុន្តែត្រូវជនរងគ្រោះបដិសេធ។ ប៉ុន្តែបន្តិចក្រោយមក បុរសជនជាតិចិនទាំងនោះបាននាំរូបគេទៅក្នុងចំណោមក្រុមជនជាតិផ្សេងទៀត ហើយក៏ព្រួតវាយដោយប្រើដំបងទៅលើរូបរាងកាយរបស់ជនរងគ្រោះតែម្តង។
ជនជាតិកូរ៉េដដែលនោះអះអាងថា ក្រោយរូបគេត្រូវបានឃុំឃាំង និងធ្វើទារុណកម្មដូចក្នុងឋាននរកអស់រយៈពេល ១៤ថ្ងៃ ក៏ត្រូវបានដោះលែងវិញ បន្ទាប់ពីក្រុមគ្រួសាររបស់គេផ្ទេរប្រាក់ចំនួន ៣០លានវ៉ុន ដែលស្មើនឹងជាង ២ម៉ឺនដុល្លារអាមេរិក (២១៧៣២.០៥ដុល្លារ) ឱ្យក្រុមឧក្រិដ្ឋជនទាំងនោះ។
ចំណែកជនរងគ្រោះម្នាក់ទៀតអះអាងថា រូបគេបានធ្វើដំណើរទៅប្រទេសកម្ពុជាកាលពីអំឡុងខែមេសា ឆ្នាំមុន រួមជាមួយនឹងគណនីធនាគារចំនួន១០ ដែលមានប្រាក់ចំនួន ២០លានវ៉ុនសម្រាប់គណនីនីមួយៗ ប៉ុន្តែលទ្ធផលចុងក្រោយ គឺត្រូវធ្លាក់ទៅក្នុងការចាប់ជំរិត និងការប្រើអំពើហិង្សា។ ចុងក្រោយ ជីវិតរបស់គេត្រូវបានសង្គ្រោះបន្ទាប់ពីចំណាយលុយអស់រាប់ម៉ឺនដុល្លារ ប៉ុន្តែសុបិនអាក្រក់នេះមិនអាចឱ្យរូបគេបំភ្លេចបានឡើយ។
ក្រោយការចុះផ្សាយរបស់សារព័ត៌មាន KBS News មន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូង បានអះអាងកាលពីថ្ងៃទី២៣ ខែតុលា នេះថា ក្រសួងការបរទេសកំពុងផ្តល់ជំនួយចាំបាច់អំពីការខូចខាតនៃអំពើចាប់ជំរិតនេះ។ ជាងនេះទៀត ក៏កំពុងពង្រឹងវិធានការបន្ថែមជុំវិញអំពើចាប់ជំរិតនេះដែរ។
ជុំវិញបញ្ហានេះ សារព័ត៌មាន KBS News ក៏បានផ្សព្វផ្សាយពីទីតាំងដែលក្រុមឧក្រិដ្ឋជនប្រើជាកន្លែងដើម្បីចាប់ជំរិតផងដែរ ដែលមានចំនួន ៣កន្លែង ស្ថិតនៅក្បែររាជធានីភ្នំពេញ។
ទាក់ទិននឹងបញ្ហានេះ គេហទំព័រអន្តរជាតិឈ្មោះ NUMBEO បានចេញផ្សាយពីឧក្រិដ្ឋកម្មដែលកើតមាននៅប្រទេសក្នុងតំបន់អាស៊ីប្រចាំឆ្នាំ២០២៤ កាលពីដើមខែកក្កដា ឆ្នាំ២០២៤ នេះថា ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ជាប្រទេសសម្បូរឧក្រិដ្ឋកម្មខ្លាំងជាងគេបំផុតក្នុងចំណោមប្រទេសនៅតំបន់អាស៊ានសម្រាប់ឆ្នាំ២០២៤ នេះ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

