31.9 C
Phnom Penh

កម្ពុជា និង​តំណាងរាស្ត្រ​កូរ៉េខាងត្បូង បង្ក្រាប​ជនបរទេស ៨៦​នាក់​ដែល​លួច​ប្រព្រឹត្ត​បទល្មើស​ឆបោក​អនឡាញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ដែល​មាន​ការ​ចូលរួម​ដោយ​ផ្ទាល់​ពី​ក្រុម​តំណាងរាស្ត្រ​កូរ៉េខាងត្បូង សមត្ថកិច្ច​កម្ពុជា បាន​ឃាត់​ខ្លួន​ជនបរទេស​ចំនួន ៨៦​នាក់​នៅ​ទីតាំង​សង្ស័យ​លួច​ប្រព្រឹត្ត​បទល្មើស​ឆបោក​អនឡាញ (online scams) ស្ថិត​នៅ​អគារ​សេះស ក្នុង​ភូមិ​ព្រៃពពេល សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍សែនជ័យ។

យោង​តាម​របាយការណ៍​ដែល​ផ្តល់​ដោយ​មន្ត្រី​នាំពាក្យ​ក្រសួង​ព័ត៌មាន លោក ទេព អស្នារិទ្ធ បាន​ឲ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នៅ​រសៀល​ថ្ងៃទី​២២ ខែ​តុលា ដោយ​មាន​ការ​ចូលរួម​ដោយ​ផ្ទាល់​ពី​ក្រុម​តំណាង​កូរ៉េខាងត្បូង សមត្ថកិច្ច​កម្ពុជា បាន​ឃាត់​ខ្លួន​ជនបរទេស​ចំនួន ៨៦​នាក់ ក្នុង​នោះ​មាន​ជនជាតិ​កូរ៉េ ចំនួន ៥៧​នាក់ និង​ជនជាតិ​ចិន ចំនួន ២៩​នាក់។ ក្រៅពី​នេះ សមត្ថកិច្ច​ថែមទាំង​បាន​រឹបអូស​នូវ​វត្ថុតាង​មួយ​ចំនួន​ទៀត ដូចជា កុំព្យូទ័រ​ចំនួន ១២៦​គ្រឿង និង​ទូរសព្ទដៃ​ចំនួន ៣០​គ្រឿង។

ក្រសួង​ព័ត៌មាន បាន​បញ្ជាក់​ដូច្នេះ​ថា ការ​ចុះ​បង្ក្រាប​នេះ ភាគី​កម្ពុជា ក៏​បាន​នាំ​គណៈប្រតិភូ​ពី​ប្រទេស​កូរ៉េ ដឹកនាំ​ដោយ​លោក KIM SEOK-KI តំណាងរាស្ត្រ​ខាង​បក្ស​ប្រឆាំង រួម​ជាមួយ​តំណាងរាស្ត្រ​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល ទៅ​ពិនិត្យ​ដល់​ទីតាំង​ផ្ទាល់។

សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បង្ហាញ​រាល់​ភស្តុតាង​នានា​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​អនឡាញ ទៅ​គណៈប្រតិភូ​កូរ៉េ និង​លទ្ធផល​កោសល្យវិច័យ​លើ​ឧបករណ៍​បច្ចេកទេស ព្រមទាំង​ទីតាំង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង។

លោក KIM SEOK-KI តំណាង​គណៈប្រតិភូ​កូរ៉េខាងត្បូង បាន​ស្នើ​ដល់​ភាគី​កម្ពុជា ឱ្យ​បន្ត​ប្រតិបត្តិការ​បង្ក្រាប​ឧក្រិដ្ឋជន និង​ផ្តល់​កិច្ច​អន្តរាគមន៍​ជួយ​សង្គ្រោះ​ជនជាតិ​កូរ៉េ ដែល​ជា​អ្នក​រងគ្រោះ​ដោយ​ការ​ចាញ់បោក​មេខ្លោង​នៃ​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ​នេះ។ គណៈប្រតិភូ​តំណាងរាស្ត្រ​កូរ៉េ យល់​ច្បាស់​ថា​ជនជាតិ​កូរ៉េ​ទាំងនេះ មិន​មាន​ការ​បង្ខាំង បង្ខិតបង្ខំ​ឡើយ គឺ​ពួកគេ​ប្រព្រឹត្ត​សកម្មភាព​ល្មើស​ច្បាប់​ដោយ​ខ្លួនឯង។

តំណាងរាស្ត្រ​នៃ​សាធារណរដ្ឋ​កូរ៉េ ក៏​បាន​ធានា​អះអាង​នៅ​ចំពោះមុខ​សមត្ថកិច្ច​កម្ពុជា ថា នឹង​យក​លទ្ធផល​ដែល​ប្រមូល​បាន​ខាងលើ​នេះ ទៅ​ផ្សព្វផ្សាយ​បន្ត​ឱ្យ​បាន​ទូលំទូលាយ ដើម្បី​បញ្ចៀស​ការ​យល់​ច្រឡំ​មក​លើ​កម្ពុជា ជុំវិញ​បញ្ហា​ឆបោក​អនឡាញ​នេះ។

ទាក់ទង​ទៅ​នឹង​ការ​ស្ដារ​កេរ្តិ៍ឈ្មោះ​កម្ពុជា តំណាងរាស្ត្រ​កូរ៉េ ក៏​បាន​សន្យា​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ភាគី​កម្ពុជា ហើយ​បាន​ស្នើ​ឱ្យ​កម្ពុជា ផ្តល់​កិច្ច​អន្តរាគមន៍​ជួយ​សង្គ្រោះ​ជនជាតិ​កូរ៉េ ដែល​ចាញ់បោក​មេខ្លោង​នៃ​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ​នេះ​ផង​ដែរ។

កាលពី​ថ្ងៃទី​១៦ ខែ​តុលា លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី គីម ជីណា អនុរដ្ឋមន្ត្រី​ទី​២ នៃ​ក្រសួង​ការបរទេស​កូរ៉េខាងត្បូង។ ក្នុង​ជំនួប​នោះ ប្រមុខ​រាជរដ្ឋាភិបាល​អះអាង​ថា ប្រទេស​ទាំង​ពីរ​មាន​សមត្ថភាព និង​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​កិច្ចសហការ​ទ្វេភាគី ដើម្បី​ដោះស្រាយ​បញ្ហា​ឆបោក​អនឡាញ ពិសេស​ពាក់ព័ន្ធ​នឹង​ជនជាតិ​កូរ៉េ នៅ​កម្ពុជា។

តាម​របាយការណ៍​របស់​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​១៥ ខែ​តុលា ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹង​ថា រយៈពេល ៤​ខែ​ចុងក្រោយ​ឆ្នាំ​២០២៥ នេះ គឺ​ចាប់ពី​ថ្ងៃទី​២៧ ខែ​មិថុនា ដល់​ថ្ងៃទី​១៤ ខែ​តុលា ឆ្នាំ​២០២៥ សមត្ថកិច្ច​ឃាត់​ខ្លួន​ជនបរទេស​ដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​តាម​អនឡាញ​សរុប​ចំនួន ៣៤៥៥​នាក់។

របាយការណ៍​ដដែល​បង្ហាញ​ថា ជនសង្ស័យ​ចម្រុះ​ជាតិ​សាសន៍​ចំនួន ២០​សញ្ជាតិ​នេះ ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​តាម​បណ្តា​រាជធានី-ខេត្ត ចំនួន​១៨ ហើយ​សមត្ថកិច្ច​ក៏​បាន​បញ្ជូន​មុខសញ្ញា​មេខ្លោង និង​បក្ខពួក​ចំនួន ៧៥​នាក់​ទៅ​តុលាការ​ផង​ដែរ។

រយៈពេល​ជាង ២​ឆ្នាំ​មក​នេះ អាជ្ញាធរ​កម្ពុជា បាន​បណ្ដេញ​ជនបរទេស​ពាក់ព័ន្ធ​បទល្មើស​អនឡាញ​ជាង ១​ម៉ឺន ៥​ពាន់​នាក់៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស