អង្គការសមាគមជាង ២០ស្ថាប័ន អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការឱ្យបានឆាប់រហ័ស និងជាក់លាក់ ដើម្បីធានានូវការស៊ើបអង្កេតប្រកបដោយប្រសិទ្ធភាព ឯករាជ្យ និងតម្លាភាព ចំពោះឧក្រិដ្ឋកម្មលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស ដើម្បីបញ្ចប់អំពើនិទណ្ឌភាពនៅកម្ពុជា។
អង្គការសមាគមចំនួន ២១ស្ថាប័ន ដូចជា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (សមាគមអាដហុក) និងមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ជាដើម បានចេញសេចក្តីថ្លែងការណ៍រួមគ្នានៅថ្ងៃទី១ វិច្ឆិកា នេះថា ការយាយី និងការគំរាមកំហែងលើអ្នកសារព័ត៌មាន នៅតែជាក្ដីបារម្ភនៅឆ្នាំ២០២៤ នេះ។
ប្រភពដដែលលើកឡើងថា ការដៅមុខសញ្ញាលើអ្នកសារព័ត៌មានពីសំណាក់រដ្ឋាភិបាល ជាពិសេសអ្នកដែលកំពុងរាយការណ៍លើប្រធានបទសិទ្ធិមនុស្ស បានធ្វើឱ្យប៉ះពាល់ដល់សេរីភាពខាងការបញ្ចេញមតិ និងសារព័ត៌មាន បង្កជាការគំរាមកំហែងដល់ការទទួលបានព័ត៌មានរបស់សាធារណជនយ៉ាងធ្ងន់ធ្ងរ។
ក្រុមអង្គការក្រៅរដ្ឋាភិបាលទាំងនេះ អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាធ្វើការស៊ើបអង្កេតដោយឯករាជ្យទៅលើឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស ស្របតាមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិដែលរួមបញ្ចូលទាំងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ជាដើម។
ប្រភពដដែលគូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាត្រូវតែថ្កោលទោស និងបញ្ចប់នូវអំពើនិទណ្ឌភាពចំពោះឧក្រិដ្ឋកម្មលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្សឱ្យមានប្រសិទ្ធភាព។
កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (Cambodian Center for Human Rights) បានចេញសេចក្តីប្រកាសព័ត៌មានថា ដើម្បីប្រារព្ធទិវាអន្តរជាតិដើម្បីបញ្ចប់និទណ្ឌភាពនៃឧក្រិដ្ឋកម្មលើអ្នកសារព័ត៌មានឆ្នាំ២០២៤ ខ្លួននឹងរៀបចំយុទ្ធនាការចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយចេញផ្សាយរបាយការណ៍ជាបន្តបន្ទាប់អំពីប្រវត្តិជនរងគ្រោះដែលជាអ្នកសារព័ត៌មានដែលត្រូវបានសម្លាប់ទាំងមិនទទួលបានយុត្តិធម៌។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បញ្ជាក់ថា ការប្រយុទ្ធប្រឆាំងនឹងនិទណ្ឌភាពនៅកម្ពុជាតាំងពីឆ្នាំ២០១៣ មក គ្មានភាពប្រសើរឡើយរហូតមកដល់បច្ចុប្បន្ន ហើយអំពើនិទណ្ឌភាពនេះបានចាក់ឫសយ៉ាងជ្រៅចូលទៅក្នុងប្រព័ន្ធយុត្តិធម៌របស់កម្ពុជាសព្វថ្ងៃនេះ។
របាយការណ៍របស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) បង្ហាញថា អ្នកសារព័ត៌មានចំនួន ៤៦នាក់ បានរងការយាយីក្នុងរយៈពេល ០៩ខែក្នុងឆ្នាំ២០២៤ នេះ ដោយគិតចាប់ពីខែមករា ដល់ខែកញ្ញា កន្លងទៅនេះ។
របាយការណ៍ដដែលបង្ហាញថា ក្នុងចំណោមអ្នកសារព័ត៌មានទាំង ៤៦នាក់នេះ មានអ្នកសារព័ត៌មាន ៣៤នាក់ប្រឈមនឹងការយាយីតាមផ្លូវតុលាការ ដែលរួមបញ្ចូលការកោះហៅមកសាកសួរ ការកោះហៅមកបង្ហាញខ្លួននៅតុលាការ និងការឃាត់ខ្លួនផងដែរ។ បន្ថែមពីនេះ អ្នកសារព័ត៌មានចំនួន ៧នាក់ ក៏បានរងនូវការបៀតបៀនលើរូបរាងកាយ និងអ្នកសារព័ត៌មានចំនួន ៥នាក់ទៀត ក៏ត្រូវប្រឈមនឹងការរឹតត្បិតក្នុងការបំពេញការងាររបស់ខ្លួន ខណៈអាជ្ញាបណ្ណសារព័ត៌មានចំនួន៣ ក៏ត្រូវបានដកហូតផងដែរ។
ជុំវិញបញ្ហានេះ ស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១ វិច្ឆិកា នេះថា អ្នកសារព័ត៌មានដើរតួនាទីយ៉ាងសំខាន់នៅក្នុងភាពអភិវឌ្ឍន៍ និងវិបុលភាពរបស់ប្រទេសជាតិមួយ។
ស្ថានទូតចក្រភពអង់គ្លេស បញ្ជាក់ថា សារព័ត៌មានដែលប្រកបទៅដោយប្រសិទ្ធភាព គឺបង្រួមគម្លាតរវាងអ្នកមានកាតព្វកិច្ច និងអ្នកកាន់សិទ្ធិតាមរយៈការផ្តល់ព័ត៌មានសំខាន់ៗ និងធ្វើឱ្យស្ថាប័នរដ្ឋាភិបាលមានគណនេយ្យភាព ព្រោះវាអាចជំរុញឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើងក៏ដូចជាការបង្កើត និងការអនុវត្តគោលនយោបាយកាន់តែល្អប្រសើរ ខណៈការងាររបស់អ្នកសារព័ត៌មានគួរត្រូវបានសរសើរ និងការពារជានិច្ច។
កាលពីចុងឆ្នាំ២០១៣ មហាសន្និបាតអង្គការសហប្រជាជាតិ បានកំណត់យកថ្ងៃទី០២ ខែវិច្ឆិកា ជាទិវាអន្តរជាតិដើម្បីបញ្ចប់និទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន ក្នុងនោះអង្គការសហប្រជាជាតិ បានជំរុញឱ្យរដ្ឋដែលជាសមាជិកទាំងអស់ អនុវត្តវិធានការជាក់លាក់ប្រឆាំងនឹងវប្បធម៌និទណ្ឌភាពផងដែរ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

