អគ្គស្នងការនគរបាលជាតិ ត្រៀមបណ្ដេញជនជាតិចិន និងប៉ាគីស្ថាន ជិត ២០០នាក់ ចេញពីប្រទេសកម្ពុជាទៅប្រទេសកំណើតវិញ បន្ទាប់ពីរកឃើញថាពួកគេចូលមកស្នាក់នៅប្រទេសកម្ពុជាដោយខុសច្បាប់ និងបានលួចលាក់ប្រព្រឹត្តល្បែងអនឡាញខុសច្បាប់។
អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក សុខ សុមនា បានប្រាប់សារព័ត៌មានក្នុងស្រុកនៅថ្ងៃទី៨ ខែវិច្ឆិកា ថា ជនបរទេសទាំងនេះត្រូវបានឃាត់ខ្លួន និងត្រៀមបណ្ដេញចេញពីប្រទេសកម្ពុជា ខណៈដែលអ្នកជាប់ពាក់ព័ន្ធនឹងការដឹកនាំបទល្មើស និងម្ចាស់ទីតាំង នឹងត្រូវប្រឈមមុខនីតិវិធីច្បាប់។
ប្រភពដដែលអះអាងថា ជនបរទេសដែលត្រៀមបណ្តេញពីប្រទេសកម្ពុជាទាំងនោះ គឺត្រូវសមត្ថកិច្ចបង្ក្រាបបាននៅសង្កាត់ស្ទឹងមានជ័យ៣ កាលពីរសៀលថ្ងៃទី៦ ខែវិច្ឆិកា។ បច្ចុប្បន្ន ជនបរទេសទាំងជិត ២០០នាក់នោះ កំពុងស្ថិតនៅអគ្គស្នងការដ្ឋាននគរបាលជាតិ។ លោកថា ជនសង្ស័យទាំងនេះជាប់ពាក់ព័ន្ធនឹងបទល្មើសឆ្លងដែនខុសច្បាប់ និងបទល្មើសមួយចំនួនទៀតដែលសមត្ថកិច្ចកំពុងបន្តស៊ើបអង្កេតទៀត។
ប្រភពដដែលអះអាងថា ការចុះបង្ក្រាបនេះបន្ទាប់ពីក្រុមការងារនៃអគ្គស្នងការនគរបាលជាតិ បានទទួលព័ត៌មានពីជនរងគ្រោះដែលបានប្តឹងថា ខ្លួនត្រូវចាប់បង្ខាំងនៅក្នុងអគារនោះ។ ក្រោយពីទទួលបានសេចក្តីរាយការណ៍ភ្លាម កម្លាំងសមត្ថកិច្ចបានទៅដល់ទីតាំងឃើញសង្ស័យពាក់ព័ន្ធនឹងបទល្មើស «ល្បែងអនឡាញ» ព្រមទាំងរកឃើញជនសង្ស័យភាគច្រើនជាជនជាតិចិន និងប៉ាគីស្ថាន ជិត ២០០នាក់។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់មន្ត្រីសមត្ថកិច្ចជាន់ខ្ពស់ថា ប្រទេសកម្ពុជាគ្មានគោលការណ៍អនុញ្ញាតឲ្យមានមណ្ឌលហៅទូរសព្ទដើម្បីប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញទេ។ លោកថា អ្នកប្រព្រឹត្តបទល្មើសទាំងនេះគឺជាជនបរទេស ហើយពេលខ្លះមេខ្លោងរបស់គេបញ្ជាចេញពីបរទេស។ ចំណែកឯជនរងគ្រោះវិញ មិនមែនជាជនជាតិនៃប្រទេសកម្ពុជាទេ គឺមកពីប្រទេសផ្សេងៗ រួមមានទាំងនៅអឺរ៉ុប និងសហរដ្ឋអាមេរិកផងដែរ។
ប្រភពដដែលអះអាងថា លោក ស សុខា បានប្រាប់ឲ្យសមត្ថកិច្ចពាក់ព័ន្ធពង្រឹងការស៊ើបអង្កេតស្រាវជ្រាវ និងបង្ក្រាបមុខសញ្ញាដែលអាចក្ដាប់បាន។ អភិបាលរាជធានី ខេត្ត ត្រូវត្រួតពិនិត្យមើលថា តើកន្លែងណាខ្លះមានអគារ ឬទីតាំងបើកល្បែងអនឡាញខុសច្បាប់ និងសកម្មភាពឆបោកតាមអនឡាញ។
ទាក់ទិននឹងបញ្ហានេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ លោក ស៊ឹង សែនករុណា បានឲ្យដឹងថា ចំណាត់ការបង្ក្រាបរបស់សមត្ថកិច្ចហាក់ព្យាយាមបិទបាំងព័ត៌មាន និងមិនអាចធ្វើឱ្យមហាជនមានជំនឿលើការបង្ក្រាបរបស់សមត្ថកិច្ចក្នុងការលុបបំបាត់អំពើឆបោកតាមអនឡាញឱ្យមានប្រសិទ្ធភាពបានទេ។
លោក ស៊ឹង សែនករុណា បានឲ្យដឹងថា សមត្ថកិច្ចគួរបើកចំហព័ត៌មាននៃការចុះបង្ក្រាបជាសាធារណៈ ដើម្បីឲ្យមនុស្សទូទៅបានដឹងឮ និងងាយស្រួលក្នុងការធ្វើសេចក្តីរាយការណ៍ទៅសមត្ថកិច្ចនៅពេលដែលពួកគាត់សង្ស័យថា កន្លែងណាមួយជាប់ពាក់ព័ន្ធនឹងការបើកល្បែងអនឡាញខុសច្បាប់។
កាលពីខែតុលា ភ្នាក់ងារមានសមត្ថកិច្ចបានចុះបង្ក្រាបទីតាំងមជ្ឈមណ្ឌលអគារពាណិជ្ជកម្មមួយកន្លែង ដែលគេស្គាល់ថា ជាជម្រកនៃក្រុមឧក្រិដ្ឋជនប្រតិបត្តិការឆបោកតាមអនឡាញ ស្ថិតក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយរកឃើញមនុស្សជាង ១ពាន់នាក់ដែលភាគច្រើនជាជនជាតិចិន និងជនបរទេសចម្រុះជាតិសាសន៍ផ្សេងទៀត៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

