មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងលើកឡើងថា មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ចាប់ខ្លួនលោក សុខ ស៊ុនសារ៉េត គឺដើម្បីធ្វើជាចំណាប់ខ្មាំងឱ្យលោក ស៊ន តារា ចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៥ វិច្ឆិកា នេះថា ក្រោយពេលដែលលោក ហ៊ុន សែន ចាប់ខ្លួនប្អូនប្រុសរបស់លោក ហៃ វណ្ណា គឺលោក ហៃ វណ្ណនិត ធ្វើជាចំណាប់ខ្មាំងដើម្បីឱ្យលោក ហៃ វណ្ណា ចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាបានសម្រេចនោះ ពេលនេះលោក ហ៊ុន សែន បានបន្តយុទ្ធសាស្ត្ររបស់ខ្លួនដោយចាប់ខ្លួនឪពុករបស់លោក ស៊ន តារា ក្នុងចេតនាដូចគ្នានេះដែរ។
លោក អ៊ុំ សំអាន លើកឡើងថា របបលោក ហ៊ុន សែន សាហាវជាងរបបប្រល័យពូជសាសន៍ ប៉ុល ពត ទៅទៀត ព្រោះខ្មែរក្រហមមិនដែលចាប់អ្នកស្រី ប៊ុន រ៉ានី និងកូនរបស់គាត់ធ្វើជាចំណាប់ខ្មាំងឡើយ បើទោះបីជាលោក ហ៊ុន សែន បានរត់ទៅប្រទេសវៀតណាម ដើម្បីគេចពីការតាមសម្លាប់របស់ ប៉ុល ពត ក៏ដោយ។
តំណាងរាស្ត្របក្សប្រឆាំងរូបនេះអះអាងថា លោក ហ៊ុន សែន ជាអតីតមេកម្មាភិបាលខ្មែរក្រហមដែលជាប់កម្អែលសារជាតិខ្មែរក្រហមក្នុងឈាមនៅឡើយ ដូច្នេះគាត់ប្រឌិតរឿងបញ្ជាឱ្យមនុស្សក្រោមបង្គាប់យកគ្រឿងញៀនទៅដាក់ក្នុងឡានរបស់ឪពុកលោក ស៊ន តារា ដើម្បីជាលេសចាប់ខ្លួនប៉ុណ្ណោះ។
លោក អ៊ុំ សំអាន បញ្ជាក់ថា លោក ហ៊ុន សែន កំពុងធ្វើនយោបាយតាមរបៀបមិនថ្លៃថ្នូរ ដែលជាទង្វើស្មោកគ្រោកកំសាកញី គ្មានវិជ្ជាជីវៈជាអ្នកនយោបាយ ព្រោះគាត់ខឹងនឹងគោទៅវាយរទេះដើម្បីបំបិទសេរីភាពអ្នកដទៃ ហើយបង្ខំឱ្យចុះចូលជាមួយនឹងខ្លួន។
សាលាដំបូងខេត្តកំពង់ស្ពឺ បានចេញសេចក្តីប្រកាសព័ត៌មានកាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះថា ការចាប់ខ្លួនលោក សុខ ស៊ុនណារ៉េត ឪពុករបស់លោក ស៊ន តារា គឺពាក់ព័ន្ធនឹងករណីរក្សាទុកសារធាតុញៀនខុសច្បាប់។
ប្រភពដដែលអះអាងថា ជនត្រូវចោទឈ្មោះ សុខ ស៊ុនណារ៉េត ត្រូវបានចោទប្រកាន់ពីបទ រក្សាទុកសារធាតុញៀនខុសច្បាប់ ក្នុងនោះរួមមាន គ្រឿងញៀនដែលសមត្ថកិច្ចបានរកឃើញមានចំនួន ២កញ្ចប់ ជាប្រភេទមេតំហ្វេតាមីន ទម្ងន់ ១៥,៥២ក្រាម និងសារធាតុមិនច្បាស់ចំនួន ០១កញ្ចប់ ទម្ងន់ ១៣,៧៨ក្រាមផងដែរ។
ជុំវិញបញ្ហានេះ កងទ័ពជើងគោកបានចេញសេចក្តីប្រកាសព័ត៌មានកាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ថា ចំពោះករណីនេះមិនមានការពាក់ព័ន្ធនឹងកិច្ចការកងទ័ព ឬកិច្ចការនយោបាយឡើយ គឺជាបទល្មើសព្រហ្មទណ្ឌជាក់ស្តែងដែលពាក់ព័ន្ធនឹងគ្រឿងញៀនរបស់ជនជាប់ចោទតែប៉ុណ្ណោះ។
កាលពីថ្ងៃទី១៤ ខែវិច្ឆិកា អ្នកធ្វើអត្ថាធិប្បាយលើបណ្ដាញសង្គមហ្វេសប៊ុក លោក ស៊ន តារា បានស្នើឱ្យមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ដោះលែងឪពុករបស់លោក។
លោក ស៊ន តារា លើកឡើងថា អ្នកដែលលោក ហ៊ុន សែន ចង់កម្ចាត់ពិតប្រាកដមិនមែនជាឪពុករបស់លោកទេ គឺរូបលោកផ្ទាល់តែម្តង ដូច្នេះឪពុករបស់លោកមិនពាក់ព័ន្ធនឹងរឿងដែលលោកបានរិះគន់រដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជាឡើយ។
អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី១៤ វិច្ឆិកា នេះថា លោក ហ៊ុន សែន ត្រូវតែក្លាហានហ៊ានប្រឈមមុខនឹងការពិត ប្រឈមមុខនឹងអ្នករិះគន់ មិនមែនទៅចាប់សមាជិកគ្រួសាររបស់គេ ព្រោះតែគេរិះគន់របបដែលខ្លួនដឹកនាំនោះទេ។
លោកចាត់ទុកទង្វើរបស់លោក ហ៊ុន សែន បែបនេះ គឺជាការគាបសង្កត់ឆ្លងដែន ដែលរបបផ្ដាច់ការតែងតែធ្វើដើម្បីបំបិទសំឡេងអ្នកប្រឆាំង។
លោក ស៊ន តារា ត្រូវគេស្គាល់ថាជាអ្នកដែលធ្វើអត្ថាធិប្បាយលើបណ្ដាញសង្គមមួយរូបដែលរិះគន់ការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា និងក្រុមគ្រួសារត្រកូលហ៊ុនមិនសំចៃមាត់ ក្នុងនោះ របបក្រុងភ្នំពេញក៏ធ្លាប់គំរាមក្រុមគ្រួសាររបស់លោកម្តងរួចមកហើយដែរ ក្នុងបំណងឱ្យលោកបញ្ឈប់ការរិះគន់រដ្ឋាភិបាលកម្ពុជា និងត្រកូលហ៊ុនបន្តទៀត។
ទាក់ទិនទៅនឹងបញ្ហានេះ មេដឹកនាំខ្មែរ លោក ហ៊ុន សែន ធ្លាប់គំរាមកាលពីពេលថ្មីៗនេះថា អ្នករិះគន់រដ្ឋាភិបាលកម្ពុជាដែលរស់នៅក្រៅស្រុក មិនត្រូវភ្លេចថាខ្លួនមានសាច់ញាតិនៅក្នុងស្រុកឡើយ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

