ក្រុម K52 របស់បញ្ជាការដ្ឋានយោធាខេត្ត Gai Lai នៃប្រទេសវៀតណាម បានរៀបចំបេសកកម្មរុករកអដ្ឋិធាតុទាហានវៀតណាម ដែលស្លាប់នៅកម្ពុជាកាលពីអំឡុងសង្គ្រាម ស្ថិតនៅក្នុងខេត្តចំនួន៣ ស្ថិតប៉ែកឦសានប្រទេសកម្ពុជា ដែលនឹងចាប់ផ្តើមពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់ចុងរដូវប្រាំងឆ្នាំ២០២៥។
យោងតាមសារព័ត៌មានវៀតណាម VN Plus បានឲ្យដឹងថា នៅថ្ងៃទី១២ ខែវិច្ឆិកា គណៈកម្មាធិការបញ្ជាការដ្ឋានកងពលលេខ៥១៤ នៃខេត្ត Gia Lai ប្រទេសវៀតណាម បានបញ្ជូនក្រុម K52 របស់បញ្ជាការដ្ឋានយោធាខេត្តមកកាន់កម្ពុជា ដើម្បីស្វែងរកអដ្ឋិធាតុទាហានវៀតណាម ដែលបានស្លាប់ក្នុងសម័យសង្គ្រាមនៅកម្ពុជា។
សេចក្តីរាយការណ៍របស់កាសែតដដែល បានឲ្យដឹងថា ក្រុម K52 របស់បញ្ជាការដ្ឋានយោធាខេត្ត Gai Lai បានរៀបចំបេសកកម្មរុករកអដ្ឋិធាតុទាហានវៀតណាម ដែលស្លាប់នៅកម្ពុជាកាលពីអំឡុងសង្គ្រាម។ បេសកកម្មរុករកនេះ នឹងចាប់ផ្តើមពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់ចុងរដូវប្រាំងឆ្នាំ២០២៥ ដោយកំណត់យកខេត្តព្រះវិហារ ស្ទឹងត្រែង និងខេត្តរតនគិរី។
ប្រភពដដែលបានអះអាងថា នេះជាកិច្ចសហប្រតិបត្តិការរដូវប្រាំងលើកទី២៤ ដែលវៀតណាម បានចុះកិច្ចព្រមព្រៀងជាមួយកម្ពុជា ក្នុងការបន្តប្រតិបត្តិការរុករក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានស្លាប់ក្នុងសម័យសង្គ្រាមនៅកម្ពុជា។
ប្រភពខាងលើអះអាងថា វៀតណាមក៏នឹងត្រៀមបញ្ជូនក្រុមអ្នកជំនាញពីខេត្តគៀនយ៉ាង មកស្វែងរកអដ្ឋិធាតុទាហាន និងអ្នកជំនាញការវៀតណាម នៅក្នុងខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពត ដែរ ខណៈគេសន្និដ្ឋានថាមានអដ្ឋិធាតុទាហានវៀតណាម ក្នុងខេត្តទាំង៤ នេះចំនួន ២១៣២នាក់។
ប្រធានក្រុមបច្ចេកទេសជីករុករកអដ្ឋិធាតុទាហានកងទ័ពវៀតណាម K72 ខេត្តប៊ិញភឿក យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម លោកវរសេនីយ៍ឯក ង្វៀន ង៉ុកអាញ់ បានរាយការណ៍កន្លងមកថា សរុបក្នុងរយៈពេល ២០ឆ្នាំកន្លងមក ចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០២៣ ក្រុមការងារបច្ចេកទេស K70 និង K72 ជីកគាស់យកបានចំនួន ១១៥២អដ្ឋិធាតុរួចមកហើយ ចំពោះចំនួនអដ្ឋិធាតុដែលនៅសេសសល់មួយចំនួនទៀត កំពុងធ្វើការស្រាវជ្រាវដើម្បីជីកគាស់ លើក និងធ្វើមាតុភូមិនិវត្តន៍ជាបន្តទៅទៀតនៅពេលខាងមុខ។
ប្រតិបត្តិការរុករកអដ្ឋិធាតុទាហានកងទ័ពវៀតណាម ត្រូវបានធ្វើឡើងជារៀងរាល់រដូវប្រាំង តាំងពីឆ្នាំ២០០០ តាមកិច្ចព្រមព្រៀងរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម។ ភាគីវៀតណាម ជឿថាមានទាហានរបស់ខ្លួនចំនួនប្រមាណជាង ២ម៉ឺននាក់បានបាត់បង់ជីវិតក្នុងសង្គ្រាមនៅក្នុងប្រទេសកម្ពុជា ពិសេសក្នុងពេលកងទ័ពវៀតណាម វាយលុកលុយឈ្លានពាន ហើយផ្ដួលរំលំរបបខ្មែរក្រហមរហូតបានជ័យជម្នះនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

