ក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះបុគ្គលណាដែលផ្សព្វផ្សាយរូបភាព វីដេអូ និងមាតិកាល្បែងស៊ីសងខុសច្បាប់តាមបណ្ដាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយនានា ក្នុងចេតនាអូសទាញពលរដ្ឋឱ្យចូលលេងដោយផ្ទាល់ ឬតាមប្រព័ន្ធអនឡាញ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ចេញសារាចរណែនាំស្ដីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ នៅថ្ងៃទី៤ ធ្នូ នេះថា សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់កន្លងមក បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
លោក ស សុខា លើកឡើងថា ដើម្បីពង្រឹងការអនុវត្តច្បាប់ និងធានាដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ត្រូវតែបញ្ឈប់ជាបន្ទាន់នូវរាល់ការផលិតរូបភាព វីដេអូ និងមាតិកាដែលមានខ្លឹមសារពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ ជាងនេះទៅទៀត ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការបង្កើតគេហទំព័រ គណនីនានាក្នុងបណ្ដាញទំនាក់ទំនងសង្គម ដែលមានរូបភាព និងខ្លឹមសារពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទោះល្បែងស៊ីសងនោះលេងដោយផ្ទាល់ ឬតាមប្រព័ន្ធអនឡាញក៏ដោយ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះបញ្ជាឱ្យគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវចាត់វិធានការតឹងរ៉ឹង តាមដានក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីបញ្ឈប់ជាបន្ទាន់នូវរាល់ការផ្សព្វផ្សាយ និងការចែករំលែកបន្តនូវរូបភាព និងខ្លឹមសារពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់ទាំងអស់។
លោក ស សុខា បញ្ជាក់ថា រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវជំរុញការអប់រំ ផ្សព្វផ្សាយដល់ពលរដ្ឋឱ្យយល់ដឹងអំពីផលប៉ះពាល់នៃការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដើម្បីចូលរួមទប់ស្កាត់ការលេងល្បែងស៊ីសងខុសច្បាប់នានា ដែលជាផ្នែកមួយនៃការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” របស់រាជរដ្ឋាភិបាល។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៤ ធ្នូ នេះថា បើចង់បង្ក្រាបល្បែងស៊ីសងខុសច្បាប់ ទាល់តែរដ្ឋាភិបាលហ៊ានអនុវត្តច្បាប់ចាប់សមាជិកគ្រួសារហ៊ុនដែលពាក់ព័ន្ធដាក់គុកដូចជនល្មើសទូទៅដែរ ជាពិសេសក្មួយប្រុសបង្កើតរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន តូ ជាដើម។
លោកថា នៅកម្ពុជាគ្មានជំនួញអបាយមុខណាមួយទាំងតូច ទាំងធំ អាចដំណើរការរលូនទៅបានក្រៅក្រសែភ្នែកគ្រួសារហ៊ុនឡើយ ទោះគ្រឿងញៀន និងគ្រឿងស្រវឹងក៏ដោយ កុំថាឡើយដល់ល្បែងស៊ីសងខុសច្បាប់នោះ។
ទាក់ទិននឹងបញ្ហានេះ មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន កាលពីពេលដែលកំពុងស្ថិតនៅក្នុងតំណែងជានាយករដ្ឋមន្ត្រី ធ្លាប់បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅកាន់មន្ត្រីថ្នាក់ក្រោមជាតិ និងអាជ្ញាធរពាក់ព័ន្ធ ឱ្យបង្ក្រាបឱ្យអស់នូវល្បែងស៊ីសងខុសច្បាប់ ខណៈសកម្មភាពបើកល្បែងស៊ីសងដែលជ្រកក្រោមស្លាកអាជ្ញាបណ្ណស្របច្បាប់ ត្រូវបិទចោលដោយគ្មានករណីលើកលែងដែរ។
ជុំវិញបញ្ហានេះ គេរកឃើញថា ក្មួយប្រុសបង្កើតរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន តូ សមាជិកព្រឹទ្ធសភាកម្ពុជា ឧកញ៉ា លី យ៉ុងផាត់ និងសមាជិកព្រឹទ្ធសភាកម្ពុជាមួយរូបទៀត គឺឧកញ៉ា កុក អាន ដែលជាក្រុមមនុស្សរកផលប្រយោជន៍ឱ្យគ្រួសារត្រកូលហ៊ុន បានជាប់ពាក់ព័ន្ធយ៉ាងជ្រៅទៅនឹងសកម្មភាពបើកបនល្បែងស៊ីសងខុសច្បាប់នៅកម្ពុជាសព្វថ្ងៃនេះ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

