26.9 C
Phnom Penh

ក្រសួង​ការងារ​នឹង​ដាក់​ឱ្យ​អនុវត្ត QR Code បណ្តឹង​អនាមិក​ឱ្យ​កម្មករ​និយោជិត​ប្តឹង​ពី​ភាព​មិន​ប្រក្រតី​នៃ​វិស័យ​ការងារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការងារ​នឹង​ដាក់​ឱ្យ​អនុវត្ត QR Code បណ្តឹង​អនាមិក​ដើម្បី​អនុញ្ញាត​ឱ្យ​សាធារណជន ក៏ដូចជា​កម្មករ​និយោជិត​អាច​ធ្វើ​ការ​ប្តឹង ឬ​រាយការណ៍​ពី​ភាព​មិន​ប្រក្រតី​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​វិស័យ​ការងារ មក​កាន់​ក្រសួង​ដើម្បី​សុំ​កិច្ច​អន្តរាគមន៍ និង​ដោះស្រាយ​ទាន់​ពេល។

រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ បាន​ប្រកាស​ថា ក្រសួង​ការងារ​នឹង​ដាក់​ឱ្យ​អនុវត្ត QR Code បណ្តឹង​អនាមិក ដែល​ជា​យន្តការ​ថ្មី​មួយ​សម្រាប់​អនុញ្ញាត​ឱ្យ​សាធារណជន ក៏ដូចជា​កម្មករ​និយោជិត អាច​ធ្វើ​ការ​ប្តឹង ឬ​រាយការណ៍​ពី​ភាព​មិន​ប្រក្រតី​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​វិស័យ​ការងារ​មក​កាន់​ក្រសួង​ការងារ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍។

លោក ហេង សួរ អះអាង​ថា កម្មវិធី QR Code បណ្តឹង​អនាមិក​មួយ​នេះ នឹង​ត្រូវ​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​តាម​ទី​សាធារណៈ និង​រោងចក្រ​សហគ្រាស​នានា។ លោក​ថា ទន្ទឹម​នឹង​នេះ ប្រសិនបើ​សាធារណជន ក៏ដូចជា​កម្មករ​និយោជិត​មាន​ចម្ងល់​ណា​មួយ​ពាក់ព័ន្ធ​នឹង​សេវា​សាធារណៈ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សូម​ធ្វើការ​ទំនាក់ទំនង​មក​កាន់​ប្រព័ន្ធ​ទូរសព្ទ Hotline ឥត​គិត​ថ្លៃ លេខ ១២៨៦ ឬ ១២៩៧ របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ។

ក្រសួង​ការងារ អះអាង​ថា តាមរយៈ​ការ​ស្កេន QR Code គឺ​ធានា​នូវ​គណនេយ្យភាព តម្លាភាព និង​សុចរិតភាព​នៃ​ការ​ផ្តល់​សេវា​សាធារណៈ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ដើម្បី​បង្ការ​ការ​ឆបោក ឬ​ការ​មិន​ទទួល​ខុសត្រូវ​របស់​បុគ្គល​ណា​មួយ។ ជាង​នេះ​ទៅ​ទៀត ក្រសួង​លើក​ទឹកចិត្ត​ដល់​សាធារណជន កម្មករ​និយោជិត និង​និយោជក សូម​ប្រើប្រាស់​នូវ​ប្រអប់​បណ្ដឹង​អនាមិក​នេះ ដើម្បី​ទទួល​បាន​ការ​ឆ្លើយតប​ពី​ក្រសួង​នូវ​រាល់​មតិ ឬ​សំណើ​នានា។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ក្នុង​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា លើកឡើង​ថា ការ​ដាក់​ឱ្យ​អនុវត្ត QR Code បណ្តឹង​អនាមិក​របស់​ក្រសួង​ការងារ គឺ​ជួយ​បងប្អូន​កម្មករ​និយោជិត​អាច​ប្តឹង​សុំ​កិច្ច​អន្តរាគមន៍​មក​កាន់​ក្រសួង​ការងារ ប្រសិនបើ​ពួកគេ​ជួបប្រទះ​នូវ​ភាព​មិន​ប្រក្រតី​ណា​មួយ​នៅ​កន្លែង​ធ្វើការ​របស់​ខ្លួន។

លោក​សង្ឃឹម​ថា QR Code បណ្តឹង​អនាមិក​នេះ​នឹង​ជួយ​កម្មករ​និយោជិត​ដែល​ទទួល​រង​ការ​រំលោភ​បំពាន ការ​រំលោភ​ច្បាប់​ពី​សំណាក់​និយោជក​លើ​អត្ថប្រយោជន៍​ផ្សេងៗ នោះ​ក្រសួង​នឹង​ធ្វើ​អន្តរាគមន៍​លឿន​ឆាប់​រហ័ស។ លោក​ថា ប្រសិនបើ​បង្កើត​ឡើង​ដើម្បី​ឲ្យ​តែ​ល្អ​មើល នោះ​កម្មវិធី​នេះ​មិន​ខុស​អ្វី​ពី​មន្ត្រី​ដែល​ចូល​ការិយាល័យ​មិន​ធ្វើការ​នោះ​ទេ។

របាយការណ៍​ស្រាវជ្រាវ​ថ្មី​មួយ​របស់​អង្គការ​អុកស្វាម ស្ដីពី «ការ​ទទួល​បាន​ការងារ​សមរម្យ និង​របប​សន្តិសុខ​សង្គម​ក្នុង​ចំណោម​កម្មការិនី​រោងចក្រ​ម៉ៅការ​បន្ត​នៅ​កម្ពុជា» ដែល​បាន​ចេញ​ផ្សាយ​កាលពី​ខែ​មិថុនា កន្លង​មក ឲ្យ​ដឹង​ថា កម្មករ​កម្មការិនី​ធ្វើការ​នៅ​រោងចក្រ​ម៉ៅការ​ដេរ​បន្ត​ប្រឈម​នឹង​ការ​រំលោភ​សិទ្ធិ​ការងារ​ធ្ងន់ធ្ងរ ដោយ​ពួកគេ​មិន​ទាន់​ទទួល​បាន​ការ​អនុវត្ត​សិទ្ធិ និង​កិច្ច​គាំពារ​សង្គម​នៅ​កន្លែង​ការងារ​ដូច​មាន​ចែង​ក្នុង​ច្បាប់​នៅឡើយ។ តែ​ផ្ទុយទៅវិញ ពួកគេ​រង​ការ​បង្ខំ​ឱ្យ​ធ្វើ​ការ​លើស​ម៉ោង​ពី​សំណាក់​ថៅកែ​ក្រុមហ៊ុន ទាំង​ដែល​ទទួល​បាន​ប្រាក់ឈ្នួល​ទាប។

បើ​តាម​ក្រសួង​ការងារ គិត​ត្រឹម​ដើម​ឆ្នាំ​២០២៤ កម្ពុជា​មាន​រោងចក្រ​កាត់ដេរ​សរុប​ជាង ១៥០០​កន្លែង ដែល​មាន​កម្មករ​និយោជិត​សរុប​ជាង ៩០​ម៉ឺន​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ជាង ៧០​ម៉ឺន​នាក់ ដែល​ស្មើ​នឹង ៨០% នៃ​កម្មករ​និយោជិត​ក្នុង​វិស័យ​កាត់ដេរ​ទាំងអស់៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស