28.9 C
Phnom Penh

អង្គការ CIVICUS ដាក់​ចំណាត់ថ្នាក់​កម្ពុជា​មាន​លំហ​សេរីភាព​រួញ​តូច​ចង្អៀត​ក្នុង​ឆ្នាំ​២០២៤

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សម្ព័ន្ធភាព​សកល​នៃ​អង្គការ​សង្គម​ស៊ីវិល (CIVICUS Monitor) បាន​ដាក់​ប្រទេស​កម្ពុជា​នៅ​ក្នុង​ចំណាត់ថ្នាក់​ជា​ប្រទេស​មាន​លំហ​សេរីភាព​ផ្នែក​ស៊ីវិល​តូច​ចង្អៀត​ក្នុង​ឆ្នាំ​២០២៤។ បន្ទាប់ពី​លោក ហ៊ុន ម៉ាណែត ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​បន្ត​ពី​ឪពុក​កាលពី​ខែ​សីហា ឆ្នាំ​២០២៣ មក សកម្មភាព​រំលោភ​លើ​សេរីភាព​ជា​មូលដ្ឋាន​នៅតែ​កើត​មាន​ជា​ហូរហែ។

នៅ​ក្នុង​សេចក្តី​រាយការណ៍​ដែល​មាន​ជាង ៦​ទំព័រ សម្ព័ន្ធភាព​អង្គការ CIVICUS បាន​ផ្តល់​ពិន្ទុ​ឱ្យ​ប្រទេស​កម្ពុជា​ត្រឹមតែ ២៧​ប៉ុណ្ណោះ ដែល​ជា​ពិន្ទុ​មួយ​ស្ថិត​ក្នុង​កម្រិត​ពណ៌​លឿងទុំ​ក្បែរ​ពណ៌​ក្រហម ដោយសារ​តែ​មាន​ការ​ចាប់​ខ្លួន​សកម្មជន​ធ្វើការ​លើ​ផ្នែក​សិទ្ធិមនុស្ស និង​បរិស្ថាន​ជា​បន្តបន្ទាប់។

ប្រភព​ដដែល​អះអាង​ថា ការ​ចាប់​ខ្លួន​លោក កើត សារ៉ាយ ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ការ​ធ្វើ​សវនកម្ម​លើ​អង្គការ​ស្រង់តាល់ ការ​ចាប់​ខ្លួន​សកម្មជន​ការពារ​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ ការ​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន និង​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង​ដទៃ​ទៀត បង្ហាញ​អំពី​ការ​រឹតត្បិត​សេរីភាព។

តាម​អង្គការ CIVICUS បាន​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​ប្រើប្រាស់​បទ​ចោទ «ញុះញង់» ជា​បទ​ចោទ​ដ៏​ពេញ​និយម​មួយ ដើម្បី​ចោទប្រកាន់​លើ​សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​បរិស្ថាន។

ឆ្លើយតប​ទៅ​នឹង​សេចក្តី​រាយការណ៍​នោះ អ្នក​នាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក ប៉ា ប៉ុណ្ណារ៉ាដា បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា សម្ព័ន្ធភាព​សកល​នៃ​អង្គការ​សង្គម​ស៊ីវិល រាយការណ៍​ដូច្នេះ​ពុំ​បាន​បង្ហាញ​ពី​តថភាព​ជាក់ស្តែង​ក្នុង​ប្រទេស​កម្ពុជា​ឡើយ។ លោក​ថា​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​នៅ​ប្រទេស​កម្ពុជា​ក៏​ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​ដែរ។

លោក​ថា រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា​ពុំ​បាន​រឹតត្បិត​សិទ្ធិ​សេរីភាព​ណា​មួយ​លើ​ពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​នោះ​ទេ។ លោក​ថា​ការ​ចាប់​ខ្លួន​សកម្មជន​ការពារ​បរិស្ថាន និង​សិទ្ធិមនុស្ស​កន្លង​មក ក៏​ដោយសារ​អ្នក​ទាំងនោះ​បាន​ប្រព្រឹត្ត​បទល្មើស​ដែល​មាន​ចែង​ក្នុង​ច្បាប់ មិនមែន​ជា​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​នោះ​ទេ។

កន្លង​មក ឯកអគ្គរាជទូត​អង់គ្លេស លោក Dominic Williams នៅ​ក្នុង​ជំនួប​ជាមួយ​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បាន​លើកឡើង​ពី​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​ដោយ​បាន​ស្នើ​ឲ្យ​ប្រទេស​កម្ពុជា​ធានា​ឲ្យ​មាន​លំហ​សម្រាប់​សង្គម​ស៊ីវិល និង​មតិ​ចម្រុះ​នៅ​ក្នុង​កិច្ច​សន្ទនា​នយោបាយ គឺជា​រឿង​ចាំបាច់។

ទាក់ទង​នឹង​បញ្ហា​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ខ្មែរ មជ្ឈដ្ឋាន​សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ក៏​បាន​តាមដាន និង​ចាប់អារម្មណ៍​ខ្លាំងក្លា​ណាស់​ដែរ។ បើ​តាម​សម្ដី​អ្នក​នាំពាក្យ​នៃ​ក្រុមប្រឹក្សា ២៣​តុលា​១៩៩១ ប្រចាំ​នៅ​ទ្វីប​អឺរ៉ុប លោក ឌួង វចនៈ ថ្លែង​ថា ការ​រំលោភ​សិទ្ធិមនុស្ស ការ​ធ្វើ​ទារុណកម្ម និង​សម្លាប់​មនុស្ស លទ្ធិប្រជាធិបតេយ្យ​ត្រូវ​គេ​បំពាន។ល។និង។ល។ ដែល​បង្ក​ទ្បើង​ដោយ​របប​ក្រុង​ភ្នំពេញ មិនមែន​ទើប​តែ​នឹង​កើត​ទ្បើង​ពី​ម្សិលមិញ ឬ​ម្សិលម្ង៉ៃ​នោះ​ទេ យ៉ាងហោចណាស់​គឺ​តាំងតែ​ពី​ក្រោយ​រដ្ឋប្រហារ​ឆ្នាំ​១៩៩៧ មក​ម្ល៉េះ ទោះ​ជា​អ្នក​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ ក៏​មើល​ឃើញ​ដូច​គ្នា​ដែរ។

អ្វី​ដែល​គួរ​ឱ្យ​សោកស្តាយ​ជា​ពន់ពេក​ចាប់​ពី​ពេល​នោះ​មក​ទល់​សព្វថ្ងៃ​នេះ គឺ​គណបក្ស​ជំទាស់ អ្នកវិភាគ និង​អង្គការ​សង្គម​ស៊ីវិល​ខ្លះ នៅតែ​ព្យាយាម​ហើយ​ព្យាយាម​ទៀត​ដើម្បី​កែលម្អ​កែខៃ​ជួសជុល​របប​ក្រុង​ភ្នំពេញ​មួយ​នេះ រួច​សង្ឃឹម​ជាង ២៧​ឆ្នាំ​មក​ហើយ​ថា​នឹង​ទទួល​ផល​វិជ្ជមាន​នៅ​ថ្ងៃ​ខាង​មុខ​នេះ។

តើ​គេ​អាច​សង្ឃឹម​ដែរ​ទេ​ថា សត្វ​ខ្លា​នឹង​ឈប់​ស៊ី​សាច់​ឆៅ? តើ​គេ​អាច​និយាយ​បាន​ដែរ​ទេ​ថា អ្នក​ទាំងនោះ​កំពុងតែ​ហែហម​របប​ខុស​ច្បាប់​មួយ​នេះ​ឱ្យ​កាន់តែ​ផ្ដាច់ការ និង​សាហាវ​ជាង​មុន​ទៅ​ទៀត​នោះ?៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស