កាសែតអាមេរិកាំង The New York Times បានចុះផ្សាយថា នៅក្នុងជំនួបជាមួយមេទ័ពនៅទីស្ដីការក្រសួងការពារជាតិ កាលពីថ្ងៃចន្ទ ទី១៦ ធ្នូ លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន មិនបានលើកឡើងអ្វីទាំងអស់ទាក់ទងនឹងទ័ពរុស្ស៊ី ដែលចាញ់សង្គ្រាមនៅស៊ីរី ជាមួយនឹងរបប បាសា អាល់អាសាដ ដែលក្រុងមូស្គូ គាំទ្រ ត្រូវបានផ្ដួលរំលំបន្ទាប់ពីរដ្ឋធានីដាម៉ាស និងវិមានប្រធានាធិបតីរបស់លោក បាសា ត្រូវបានកម្លាំងឧទ្ទាមចូលកាន់កាប់កាលពីថ្ងៃទី៨ ធ្នូ កន្លងមកនេះ។
រុស្ស៊ី បានបញ្ជូនទ័ពរាប់ពាន់នាក់ និងសព្វាវុធយ៉ាងច្រើនទៅជួយច្បាំងនឹងកងទ័ពរបប បាសា អាល់អាសាដ នៅឆ្នាំ២០១៤ ខណៈប្រទេសស៊ីរី ធ្លាក់ក្នុងសង្គ្រាមស៊ីវិល។ នៅក្នុងការវាយលុកលឿនដូចផ្លេកបន្ទោរ កងកម្លាំងប្រឆាំងបានវាយយកបានបន្ទាយកងទ័ពរុស្ស៊ី នៅភាគខាងជើង រហូតចាប់យកបានរថក្រោះ កាំភ្លើងធំ ប្រព័ន្ធខែលការពារដែនអាកាស និងយន្តហោះចម្បាំងរបស់រុស្ស៊ី ជាច្រើនគ្រឿង ខណៈទ័ពរុស្ស៊ី រត់ចោលបន្ទាយរបស់ខ្លួន។
នៅមុន ៣ថ្ងៃដែលរដ្ឋធានីដាម៉ាស ធ្លាក់ក្នុងដៃទ័ពឧទ្ទាម ក្រុងមូស្គូ បានដឹកទ័ពរត់ទៅប្រទេសរបស់ខ្លួនវិញ ហើយនៅថ្ងៃដែលលោក បាសា អាល់អាសាដ រត់ចោលប្រទេស ឃើញថាក្រុងមូស្គូ ព្យាយាមមិនប្រតិកម្មអ្វីទាំងអស់ ដែលការពិត ទាំងទ័ពរបប បាសា អាល់អាសាដ និងទ័ពរបបលោក ពូទីន កំពុងចាញ់សង្គ្រាមនឹងកម្លាំងប្រឆាំងរបប បាសា អាល់អាសាដ ដែលក្រុងមូស្គូ គាំទ្រយ៉ាងខ្លាំង។
កាសែត The New York Times ចុះផ្សាយថា អំពើអាម៉ាស់របស់លោក ពូទីន គឺជារឿងត្រូវបិទបាំងឱ្យជិត ជាជាងលាតត្រដាងដែលនាំទៅរកការបាក់ទឹកចិត្តកងទ័ពដែលកំពុងប្រយុទ្ធនៅសមរភូមិប្រឆាំងនឹងទ័ពអ៊ុយក្រែន។ លោក ពូទីន បានអួតប្រាប់មេទ័ពរបស់លោកថា នៅពេលនេះ រុស្ស៊ីកំពុងស្ថិតលើវិថីជ័យជម្នះសង្គ្រាមនៅអ៊ុយក្រែន ដោយបានអួតអាងដូចនេះខណៈតំបន់ដុនបាស កំពុងតែធ្លាក់ក្នុងដៃទ័ពរុស្ស៊ី ដែលតំបន់នេះ ទ័ពរុស្ស៊ីវាយកាន់កាប់បានពីទ័ពអ៊ុយក្រែន បាន ៨៥ភាគរយហើយក្នុងទំហំផ្ទៃដីជាង ៥ម៉ឺន ៣ពាន់គីឡូម៉ែត្រក្រឡា។
តែជាមួយគ្នានេះ លោក ពូទីន មិនភ្លេចគំរាមយោធាណាតូនោះទេ។ លោក ពូទីន បានចោទប្រកាន់លោកខាងលិចជាថ្មីថា កំពុងជំរុញឱ្យរុស្ស៊ី ឱ្យដើរហួសបន្ទាត់ក្រហមរបស់លោក ជាស្ថានភាពដែលក្រុងមូស្គូ ព្រមានថានឹងមិនអត់ឱនបានឡើយ។
ក្នុងកិច្ចប្រជុំមួយជាមួយមេទ័ព លោក ពូទីន បានសម្ដែងការព្រួយបារម្ភអំពីការវិវឌ្ឍចំពោះការដាក់ពង្រាយមីស៊ីលរបស់សហរដ្ឋអាមេរិក។ លោកបានព្រមានថា រុស្ស៊ីនឹងលុបចោលការរឹតបន្តឹងលើការដាក់ពង្រាយមីស៊ីលរបស់ខ្លួន ប្រសិនបើសហរដ្ឋអាមេរិកបន្តដាក់ពង្រាយមីស៊ីលនៅអឺរ៉ុបខាងកើត។ លោក ពូទីន បានបញ្ជាក់ថា អាវុធនុយក្លេអ៊ែររបស់រុស្ស៊ី គឺសម្រាប់តែការពារប៉ុណ្ណោះ តែករណីចាំបាច់ រុស្ស៊ីនឹងប្រើសិទ្ធិការពារខ្លួន។
ស្របពេលនេះដែរ មេបញ្ជាការជាន់ខ្ពស់ម្នាក់របស់រុស្ស៊ី បាននិយាយថា រុស្ស៊ីនឹងពង្រីកឃ្លាំងមីស៊ីលបាលិស្ទីគរបស់ខ្លួនជាមួយប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រជំនាន់ថ្មី ក៏ដូចជាផែនការធ្វើតេស្ដមីស៊ីលបាញ់ចម្ងាយឆ្ងាយ ជាការឆ្លើយតបទៅនឹងការកើនឡើងការគំរាមកំហែងពីក្រុមប្រទេសក្នុងអង្គការណាតូ។
មេបញ្ជាការកងកម្លាំងមីស៊ីលយុទ្ធសាស្ត្ររុស្ស៊ី ឧត្ដមសេនីយ៍ Sergei Karakayev បានបញ្ជាក់ទៀតថា បើនិយាយពីអាវុធចម្ងាយឆ្ងាយ គ្មានកន្លែងណាមួយដែលអាចគេចផុតពីមីស៊ីលរបស់រុស្ស៊ី បាននោះទេ។
នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែធ្នូ នេះ បណ្ដាញសារព័ត៌មានអាមេរិកាំង CBS និង NBC News ផ្សាយថា ភ្នាក់ងារសម្ងាត់អ៊ុយក្រែន បានធ្វើឃាតឧត្ដមសេនីយ៍ឯករុស្ស៊ី Igor Kirillov មេបញ្ជាការកងអង្គភាពអាវុធគីមី និងបរមាណូ ជាមួយនឹងមេបញ្ជាការរង ដោយការបង្កប់គ្រាប់បែកផ្ទុះកណ្តាលទីក្រុងមូស្គូ។
នៅចំពោះមុខស្ថានការណ៍សឹកកាន់តែធ្ងន់ធ្ងរ លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក បានថ្លែងថា លោកនឹងជួបលោក វូឡូឌីមៀ ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន និងលោក ពូទីន នៅពេលឆាប់ៗនេះហើយ។ លោក ដូណាល់ ត្រាំ បាននិយាយថា លោក ហ្សេឡេនស្គី គួរតែត្រៀមលក្ខណៈដើម្បីចរចាស្វែងរកកិច្ចព្រមព្រៀងជាមួយលោក ពូទីន ឱ្យឈានដល់ការបិទបញ្ចប់សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

