ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ចាត់ទុកការចុះផ្សាយក្នុងទីភ្នាក់ងារព័ត៌មាន Reuters និងក្រុមអ្នកនយោបាយបក្សប្រឆាំងដែលថា ចិនផ្អាកផ្តល់ថវិកាឱ្យប្រទេសកម្ពុជាខ្ចី គឺជាចេតនាប៉ុនប៉ងលាបពណ៌លើកិច្ចសហប្រតិបត្តិការរវាងមិត្តចិន និងកម្ពុជាតែប៉ុណ្ណោះ។
ឯកអគ្គរដ្ឋទូតចិនប្រចាំរាជាណាចក្រកម្ពុជា លោក វ៉ាង វិនពីន (Wang Wenbin) សរសេរលើទំព័រហ្វេសប៊ុករបស់លោកកាលពីយប់ថ្ងៃទី១៧ ធ្នូ ថា ជំនួយរបស់ចិន មកកាន់ប្រទេសកម្ពុជាទទួលបានផលផ្លែផ្កាជាច្រើនអនេក ខណៈគម្រោងជំនួយថ្មីៗក៏កំពុងតែមានដំណើរការដែរសព្វថ្ងៃនេះ។
លោក វ៉ាង វិនពីន លើកឡើងថា ភាគីចិន នឹងនៅតែគាំទ្រយ៉ាងមុតមាំដល់ភាគីកម្ពុជាក្នុងការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនឹងផែនការជីវភាពរស់នៅរបស់ប្រជាជនបន្តទៅទៀត។
ឯកអគ្គរដ្ឋទូតចិនរូបនេះបញ្ជាក់ថា រាល់បំណងប៉ុនប៉ងលាបពណ៌លើកិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជា ដោយសំអាងថា ចិនបរាជ័យក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួននៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ជាបន្តបន្ទាប់ គឺមិនអាចទៅរួចបានឡើយ។
កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន ចាត់ទុកព័ត៌មានដែលថា «ចិនឈប់ឲ្យប្រទេសកម្ពុជាជំពាក់បំណុល» តទៅទៀត គឺជាការលើកឡើងដែលបង្កឲ្យមានការយល់ច្រឡំតែប៉ុណ្ណោះ។
លោក មាស សុខសេនសាន អះអាងថា ការផ្សាយព័ត៌មានដែលថា ចិនឈប់ឲ្យកម្ពុជាខ្ចីបុលនេះ គឺជារឿងមិនពិត ព្រោះថាបច្ចុប្បន្ននេះ ភាគីចិន និងកម្ពុជា កំពុងបន្តមានទំនាក់ទំនងគ្នាយ៉ាងស្អិតល្មួត និងគ្រោងចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង និងហិរញ្ញប្បទានសម្បទានជាច្រើនផ្សេងទៀតផងដែរ។
ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយកាលពីថ្ងៃទី១១ ធ្នូ ថា រដ្ឋាភិបាលចិនមិនបានអនុម័តប្រាក់ឲ្យខ្ចីសម្រាប់គម្រោងណាមួយតាមការស្នើសុំពីប្រទេសកម្ពុជាទេសម្រាប់ឆ្នាំ២០២៤ នេះ។
ប្រភពដដែលបញ្ជាក់ថា ទិន្នន័យក្រសួងសេដ្ឋកិច្ចនៃប្រទេសកម្ពុជា បានបង្ហាញថា រដ្ឋាភិបាលចិនកំពុងមានការប្រុងប្រយ័ត្នបន្ថែមទៀតចំពោះការវិនិយោគនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេមិនទទួលបានជោគជ័យជាបន្តបន្ទាប់នៅក្នុងបណ្តាប្រទេសនានានៃតំបន់អាស៊ីអាគ្នេយ៍។
ចំណែកឯអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី បានលើកឡើងជុំវិញបញ្ហានេះថា លោក ហ៊ុន សែន សុខចិត្តចោលប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហគមន៍អឺរ៉ុប ព្រោះអាងខ្ចីលុយចិន ប៉ុន្តែឥឡូវនេះ គឺបរាជ័យទាំងពីរ ព្រោះចិនក៏លែងឲ្យលុយខ្ចីដូចមុន។ លោក សម រង្ស៊ី ពោលថា៖ «ត្រីរ៉ស់ក៏រួច ទន្សាយក៏រួច»។
ក្រុមអ្នកវិភាគលើកឡើងថា មេដឹកនាំខ្មែរនឹងមិនហត់នឿយក្នុងការដើរសុំជំនួយពីប្រទេសកុម្មុយនីស្តបន្តទៀតទេ បើពួកគេអនុវត្តលទ្ធិប្រជាធិបតេយ្យ និងលើកស្ទួយសិទ្ធិមនុស្សឱ្យស្របតាមរដ្ឋធម្មនុញ្ញដែលមានចែងឱ្យបានល្អត្រឹមត្រូវនោះ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

